ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់យកទូរស័ព្ទពីនារីរូបស្រស់ម្នាក់ ដែលកំពុងឈរចុចទូរស័ព្ទ ដើម្បីហៅក្រុមគ្រួសារមកទទួលនាងនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ រួចកបានរត់គេចខ្លួនបាត់។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
នារីរងគ្រោះសុំមិនបញ្ចោញអត្តសញ្ញាណ មានវ័យប្រហែល១៧ឆ្នាំ។ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណនោះទេ ក្រោយកើតហេតុបានរត់គេចខ្លួនបាត់។

តាមប្រភពព័ត៌មានពីនារីរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ រូបនាងកំពុងឈរចុចទូរស័ព្ទនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ដើម្បីទំនាក់ទំនងហៅក្រុមគ្រួសារមកទទួលនាងត្រឡប់ទៅផ្ទះវិញ។ ភ្លាមៗនោះ ស្រាប់តែមានជនសង្ស័យម្នាក់បានដើរមកធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់នាងបានសម្រេច រួចរត់គេចខ្លួនទៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ហើយនាងបានរត់ដេញតាមពីក្រោយ និងស្រែកប្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្រោមស្ពាន ជួយដេញតាមដែរ ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់ស្រមោល តាមរកមិនឃើញសោះ។

នារីរងគ្រោះ បន្តថា ទូរស័ព្ទដៃដែលត្រូវចោរឆក់យកទៅបាត់នោះ ម៉ាកអាយហ្វូន ដែលនាងទើបនឹងទិញ ក្នុងតម្លៃជាង៨០០ដុល្លារ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចឱ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ ប៉ុន្តែជនរងគ្រោះ មិនបានទៅដាក់ពាក្យបណ្តឹងនោះទេ និងត្រូវបានក្រុមគ្រួសារមកទទួលដឹកចេញបាត់ទៅ៕