ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បានចេញទៅបង់សំណាញ់យកត្រីតែម្នាក់ឯង នៅកន្លែងដែលមានទឹកកំពុងហូរខ្លាំង លុះពេលកំពុងបង់ ស្រាប់តែផុងជើងបណ្តាលឱ្យរអិលធ្លាក់ចូលទឹកកួចយកទៅបាត់ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។

ករណីខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចប្រឡាយមុខបួន ស្ថិតក្នុងភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
ជនរងគ្រោះ មានឈ្មោះធុន ចិត្រា ភេទប្រុស អាយុ៣២ឆ្នាំ មានលំនៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជារៀងរាល់ថ្ងៃជនរងគ្រោះ និងអ្នកបង់ត្រីឯទៀត តែងទៅបង់ត្រីនៅកន្លែងកើតហេតុជាប្រចាំ។ លុះមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ជនរងគ្រោះបានទៅបង់ត្រីតែម្នាក់ឯង លុះពេលកំពុងបង់ត្រីនៅកន្លែងមុខទឹកដែលកំពុងហូរខ្លាំង ចៃដន្យផុងជើងរអិលធ្លាក់ចូលក្នុងទឹកកួចយកទៅបាត់ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មតែម្តង ហើយក្រោយមកក្រុមគ្រួសារ រួមនឹងអ្នកភូមិបាននាំគ្នាចុះរាវរកដែរ តែរកមិនឃើញសោះ។

ក្រោយកើតហេតុ មកដល់វេលាម៉ោងជិត៧ព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការចូលរួមពីសំណាក់សមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ មន្ត្រីអាជ្ញាធរក្រុង និងអ្នកភូមិជួយរុករកយ៉ាងសកម្ម ទើបរាវរកឃើញសព រួចក៏ប្រគល់ទៅឱ្យក្រុមគ្រួសារ ចាត់ចែងរៀបចំ ធ្វើបុណ្យតាមប្រពៃណី៕