នៅប៉ុន្មាននាទីមុននេះ លោកឧកញ៉ាម៉ុង ឫទ្ធី បានបង្ហោះសារមួយ អមជាមួយរូបថតបីសន្លឹក ដែលមានន័យអប់រំដល់ក្មេងៗដែលជាកូនរបស់បុគ្គលិកដែលកំពុងបម្រើការក្នុងក្រុមហ៊ុន ក៏ដូចជាសារដាស់តឿនដល់អ្នកនិយមលេងហ្វេកប៊ុកមួយចំនួន ថា រឿងក្រុមគ្រួសាររបស់ខ្លួនឯង សូមកុំឡាយវីដេអូរំខានដល់ជាតិ និងប្រជាពលរដ្ឋ។

លោកឧកញ៉ា ម៉ិង ឫទ្ធី បានបង្ហោះសារនៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិការ ឆ្នាំ២០២០ ដែលមានខ្លឹមថា “តាមានសង្ឃឹមយ៉ាងមុតមាំថា នៅពេលដែលចៅៗធំដឹងក្តីឡើង ចៅៗពិតជាដឹងយ៉ាងច្បាស់ណាស់ថា តាម៉ុង ឫទ្ធី ហ្នឹងហើយដែលជាអ្នកបានជួយសាងសង់លំនៅឋានឲ្យម្តាយឪពុក រួមជាមួយចៅៗ ក៏ដូចជាប្រជាពលរដ្ឋ បុគ្គលិក កម្មកររាប់រយគ្រួសារ ព្រមទាំងរកការងារឲ្យបានធ្វើគ្រប់ៗគ្នាថែមទៀតផង”។

លោកឧកញ៉ា ម៉ុង ឫទ្ធី បន្ថែមថា លោកតាមិនចង់ឲ្យចៅៗមកសងគុណតា ក្រៅតែពីចង់ឲ្យចៅៗ ក្លាយជាកូនល្អពលរដ្ឋល្អ គោរពតាមច្បាប់របស់រដ្ឋ រឿងគ្រួសារផ្ទាល់របស់ខ្លួន កុំឡាយវីដេអូនាំរំខានដល់ជាតិ និងប្រជាពលរដ្ឋ ចៅៗត្រូវតែចេះជួយដល់ជាតិនិងប្រជាពលរដ្ឋ នៅពេលដែលជាតិនិងប្រជាពលរដ្ឋកម្ពុជាយើងមានទុក្ខកង្វល់ម្តងម្កាល តែបើគ្មានលទ្ធភាពជួយទេ សុំចៅកុំរំខានដល់ជាតិ និងប្រជាពលរដ្ឋទៅបានហើយ “។

ការបង្ហោះសាររបស់លោកឧកញ៉ា ម៉ុង ឫទ្ធី នៅពេលនេះ ហាក់ដូចសារដាស់តឿនដល់ប្រជាពលរដ្ឋទូទៅផងដែរ ដែលនិយមលេងហ្វេសប៊ុក សូមមេត្តាកុំយករឿងគ្រួសាររបស់ខ្លួនទៅឡាយវីដេអូហែកហួរគ្នា ដែលជារឿងមួយរំខានដល់ជាតិ និងប្រជាពលរដ្ឋទូទៅផងដែរ។

គួរបញ្ជាក់ថា កន្លងមក មហាជនជាច្រើនបានសង្កេតឃើញថា មានមនុស្សមួយចំនួនបានធ្វើការឡាយវីដេអូជេរបញ្ចោរ ហែកហួរគ្នាតាមបណ្តាញហ្វេសប៊ុក រហូតមានការប្តឹងផ្តល់គ្នាឡើងតុលាការទៀតផង។ តាមការឡាយវីដេអូបែបនេះ គេឃើញមានអ្នកចូលទៅទស្សនារាប់រយ K ហើយបញ្ចេញមតិគាំទ្រ រិះគន់ មិនសំចៃមាត់៕
