ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក រួមរស់នឹងគ្នាបង្កើតបានកូន៣នាក់ទៅហើយ ស្រាប់តែបុរសជាប្តីបែកគំនិតក្បត់ចិត្តផិតប្រពន្ធ រត់តាមស្រីថ្មីបាត់ ដោយថែមទាំងបានយកម៉ូតូដែលបង់រំលោះទៅជាមួយទៀត ធ្វើឱ្យស្ត្រីជាប្រពន្ធបីកូនតូចតាមរកប្តីកំហូច ដើម្បីដោះស្រាយគ្នាឱ្យបានច្បាស់លាស់ ប៉ុន្តែតាមរកមិនឃើញបានត្រឹមអង្គុយឱបកូនទួញយំតាមផ្លូវ។
ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង៩យប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចខាងមុខយានដ្ឋានថែទាំរថយន្តមួយកន្លែង ក្បែរវិទ្យាល័យជាស៊ីមសាមគ្គី តាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ស្ត្រីអភ័ព្វដែលត្រូវប្តីកំហូចរត់តាមស្រីថ្មីបាត់ស្រមោលឈឹងនេះ មានឈ្មោះរ៉ន សុខនី អាយុ៣៥ឆ្នាំ មុខរបរកម្មករលាងសំអាតរថយន្ត ស្នាក់នៅក្នុងយានដ្ឋានថែទាំរថយន្តខាងលើ មានស្រុកកំណើតនៅភូមិឃ្លោយទី១ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ចំណែកបុរសជាប្តីហេងស៊យ មានឈ្មោះហ៊ុន អ៊ូច អាយុ៣១ឆ្នាំ មុខរបរកម្មករលាងសំអាតរថយន្ត និងស្នាក់នៅជាមួយគ្នា។
តាមសម្តីស្ត្រីអភ័ព្វខាងលើ បានរៀបរាប់ទាំងទឹកភ្នែកថា ពួកគាត់ទាំង២នាក់បានរួមរស់នៅជាមួយគ្នាបានរយៈពេលប៉ុន្មានឆ្នាំមកហើយ ប៉ុន្តែមិនបានរៀបមង្គលការត្រឹមត្រូវអ្វីនោះទេ គ្រាន់តែធ្វើពិធីសែនព្រេនតិចតួចតែប៉ុណ្ណោះ និងមានកូនចំនួន៣នាក់ជាចំណងនិស្ស័យ។ ចាប់តាំងពីរួមរស់នៅជាមួយគ្នាមក ប្តីរបស់គាត់មិនសូវជាខំប្រឹងប្រែង ធ្វើការដើម្បីរកចំណូលចូលមកក្នុងក្រុមគ្រួសារនោះទេ ធ្វើឱ្យជីវភាពគ្រួសាររបស់គាត់មានការខ្វះខាត រហូតគាត់សម្រេចចិត្តឱ្យកូនប្រុសច្បងដែលមានអាយុ៦ឆ្នាំម្នាក់ ទៅរស់នៅជាមួយម្តាយនៅឯស្រុកកំណើត និងកូនស្រីពៅអាយុ១ខែកន្លះម្នាក់ឱ្យទៅបងប្អូនរបស់គាត់ចិញ្ចឹមមើលថែរក្សាជំនួស ចំណែកឯកូនប្រុសទី២ ដែលមាន អាយុ២ឆ្នាំម្នាក់ទៀត បានរស់នៅជាមួយគាត់ រួមជាមួយប្តី។
ស្ត្រីអភ័ព្វរូបនេះបន្តថា ក្រោយមក គាត់ក៏បានមកសុំការងារធ្វើ និងស្នាក់នៅក្នុងយានដ្ឋានថែទាំរថយន្តខាងលើ បានរយៈពេល ប្រមាណជាង១ខែមកហើយ ដោយធ្វើជាអ្នកលាងសំអាតរថយន្ត និងបានប្រាក់ខែ១២០ដុល្លារ។ ចាប់តាំងពីចូលមកធ្វើការនៅទីនោះ ប្តីរបស់គាត់មិនសូវជាខំប្រឹងប្រែងធ្វើការឱ្យបានជាប់លាប់នោះទេ គិតតែចង់បង់រំលស់យកម៉ូតូមកជិះ តាំងពីមិនទាន់បានការងារធ្វើមកម៉្លេះ។

ដោយសារតែប្តីរបស់គាត់ចេះតែទទូចចង់បានម៉ូតូជិះពេក គាត់ក៏សម្រេចចិត្តទៅធ្វើការបង់រំលស់ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ មិនចាំស្លាកលេខ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ កន្លងទៅនោះ។ ដោយម៉ូតូនោះដាក់ឈ្មោះរបស់គាត់ ដើម្បីបង់រំលស់ ក្នុងមួយខែ៧០ដុល្លារ ហើយគាត់ទើបតែធ្វើការបង់លុយនៅខែទី១ កាលពីពេលថ្មីកន្លងទៅនេះប៉ុណ្ណោះ។
ស្រាប់តែមកដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ពេលគាត់ក៏ភ្ញាក់ពីដេករៀបចំធ្វើការតាមធម្មតាដូចសព្វដង ក៏ឃើញប្តីបានដើរចេញពីបន្ទប់ ដោយស្លៀកពាក់ ឯកសណ្ឋានធ្វើការ រួចក៏ដើរទៅយកម៉ូតូជិះចេញទៅបាត់ ទាំងដែលគាត់សួរថា ទៅណា ក៏មិនខ្ចីប្រាប់។ ពេលនោះគាត់ក៏មិនបានចាប់អារម្មណ៍ អ្វីដែរ ស្មានថាប្តីចេញទៅទិញអីហូប លុះរហូតដល់ល្ងាចថ្ងៃដដែល គាត់ដល់ម៉ោងចេញពីធ្វើការទៅហើយ នៅតែមិនទាន់ឃើញប្តី ជិះម៉ូតូ ត្រឡប់មកវិញទៀត។ បន្ទាប់មកគាត់ក៏ចូលទៅក្នុងបន្ទប់ស្នាក់នៅរបស់គាត់ ស្រាប់តែឃើញសម្ភាររាយប៉ាយពេញបន្ទប់ និងបាត់ឯកសារដែល ពាក់ព័ន្ធជាម៉ូតូបង់រំលស់ ទើបគាត់ដឹងថា ប្តីរបស់គាត់យកម៉ូតូបំរុងចុះចោលគាត់ និងកូនតែម្តង។

ប្រភពដដែលបន្តថា ភ្លាមៗនោះ គាត់ក៏ប្រញាប់ប្រញាល់ហៅម៉ូតូកង់បីជិះបីកូនដើររកប្តី តាមកន្លែងដែលប្តីរបស់គាត់ធ្លាប់ទៅ និងបានជិះទៅផ្ទះបងប្អូនប្តីរបស់គាត់នៅម្តុំផ្សារសារឿនយ៉ានី ស្ថិតក្នុងខណ្ឌដង្កោ ក៏បានឃើញប្តីរបស់គាត់នៅទីនោះ។ ខណៈពេលនោះ ប្តីរបស់គាត់ក៏បានស្ទុះឡើងជិះម៉ូតូគេចចេញពីគាត់និងកូនបាត់ស្រមោលតែម្តង។ ចំណែកគាត់ បានត្រឹមជិះម៉ូតូកង់បីត្រឡប់មកកន្លែងកើតហេតុ ទាំងក្តីអស់សង្ឃឹម និងបានអង្គុយស្រែកទ្រហោយំនៅលើចិញ្ចើមផ្លូវ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរឆ្លងកាត់កន្លែង កើតហេតុ តែម្តង ព្រោះតែមិនដឹងជាធ្វើអ្វីកើត ក្រៅពីអង្គុយយំឱ្យធូរទ្រូងនោះទេ។
ស្ត្រីរូបនោះក៏បានបញ្ជាក់ថា ចាប់តាំងពីរួមរស់នៅជាមួយគ្នាមក ប្តីរបស់គាត់បានយកម៉ូតូទៅលក់អស់ចំនួន៣គ្រឿងមកហើយ ចំណែកម៉ូតូបង់រំលស់នេះ គឺជាម៉ូតូទី៤ហើយដែលប្តីរបស់គាត់បានយកទៅ។

ក្រោយពីស្រែកទ្រហោយំអស់មួយសន្ទុះក្រោយមក ស្ត្រីខាងលើមិនបានទៅធ្វើការដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សមត្ថកិច្ចនោះទេ គឺគាត់ គ្រាន់តែសូមឱ្យប្តីរបស់គាត់យកម៉ូតូមកឱ្យគាត់វិញតែប៉ុណ្ណោះ៕