Monday, August 18, 2025
Homeព័ត៌មានជាតិប្តីប្រពន្ធទាំង២ សុំតែសេចក្តីសុខប៉ុណ្ណោះ... មិនគួរផ្អើលបែបនេះទេ

ប្តីប្រពន្ធទាំង២ សុំតែសេចក្តីសុខប៉ុណ្ណោះ… មិនគួរផ្អើលបែបនេះទេ

ខេត្តកំពង់ធំ ៖ ប្តីប្រពន្ធមួយគូតែងអុជធូបរៀងរាល់ថ្ងៃសីល ដើម្បីបន់ស្រន់សុំសេចក្តីសុខសប្បាយ រកស៊ីមានបាន លុះគាប់ជួនភ្លេចមើលភ្លើងធូប ធ្វើឱ្យកើតជាអគ្គិភ័យឆេះផ្ទះអស់១ចំហៀង ដោយមានកម្លាំងសមត្ថកិច្ច រួមនិងអ្នកស្រុកភូមិ ជួយគ្នាពន្លត់ទាន់ពេល។

ករណីអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិត្នោតជុំទី២ ឃុំត្នោតជុំ ស្រុកបារាយណ៍។

ផ្ទះដែលទទួលរងការឆាបឆេះខាងលើ មានទំហំ៩ម៉ែត្រគុណនឹង១២ម៉ែត្រ សង់ពីឈើ ប្រក់ដំបូលក្បឿង ជញ្ជាំងក្តារ និងក្រាលរនាបក្តារ ជាកម្មសិទ្ធិរបស់ឈ្មោះញឹម យួង ភេទប្រុស អាយុ៤៧ឆ្នាំ មានប្រពន្ធឈ្មោះយឹម រីម អាយុ៤៤ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាង លើ។

តាមប្រភពពីជនរងគ្រោះជាម្ចាស់ផ្ទះ បានឱ្យដឹងថា ជារៀងរាល់ថ្ងៃសីល ក្រុមគ្រួសារគាត់ តែងរៀបចំសែនព្រេន អុជធូបបន់ស្រន់ដើម្បីសេចក្តីសុខ និងរកស៊ីមានបាន មិនដែលខានឡើយ។ លុះមកដល់ថ្ងៃកើតហេតុ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវជាថ្ងៃសីល ទើបគាត់ បានអុជធូបនៅលើហ៊ឹងដូចសព្វដង។

ប្រភពដដែល បន្តថា លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ខណៈដែលពួកគាត់ភ្លេចខ្លួនតែបន្តិច ក៏ស្រាប់តែឃើញមានផ្សែងហុយចេញពីផ្នែកខាងលើផ្ទះ ទើបស្ទុះឡើងទៅមើល ក៏ឃើញភ្លើងកំពុងឆេះហ៊ឹងនិងកំពុងរាលនៅក្នុងផ្ទះដល់ដំបូលផង ទើបពួកគាត់ បានស្រែកឆោឡោ ផ្អើលដល់ប្រជាពលរដ្ឋជិតខាង រាយការណ៍ប្រាប់សមត្ថកិច្ច និងចេញមកជួយអន្តរាគមន៍យ៉ាងសស្រាក់សស្រាំភ្លាមៗ ដោយនាំគ្នាដងទឹកជះពន្លត់ភ្លើង រហូតដល់ភ្លើងបានរលត់ទៅវិញអស់ ដោយធ្វើឱ្យខូចខាតផ្ទះ ត្រឹម ១ចំហៀងប៉ុណ្ណោះ តែបើគ្មានការជួយអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ច និងបងប្អូនអ្នកជិតខាងទេ ផ្ទះ១ខ្នងនេះ អាចក្លាយជាចំណីភ្លើងគ្មានសល់ឡើយ។

តាមការបញ្ជាក់ឱ្យដឹងពីម្ចាស់ផ្ទះ ករណីអគ្គិភ័យខាងលើនេះ បានបង្កឱ្យរងការខូចខាត រួមមាន ផ្ទះ ១ចំហៀង (ឆេះជញ្ជាំងក្តារ ចំនួន ១៥សន្លឹក) ឆេះពូក ចំនួន១ និងខ្នើយកើយ មួយចំនួន ព្រមទាំងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះ មួយចំនួនទៀត។

តាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា មូលហេតុដែលបង្កឱ្យមានការឆាបឆេះខាងលើនេះ គឺមកពីម្ចាស់ផ្ទះ មានការធ្វេសប្រហែសចំពោះភ្លើងធូប។ យ៉ាងណា នៅពេលកើតហេតុភ្លាមៗ រថយន្តពន្លត់អគ្គិភ័យ មិនបានចេញអន្តរាគមន៍នោះទេ ដោយសារកម្លាំង នគរបាលប៉ុស្តិ៍ និងប្រជាការពារភូមិ រួមនិងប្រជាពលរដ្ឋជិតខាង បានជួយពន្លត់ទាន់ពេលទៅហើយ៕

RELATED ARTICLES