Monday, August 18, 2025
Homeព័ត៌មានជាតិគេឃើញគាត់ចេញចូលទីនោះញឹកញាប់ណាស់ ចុងក្រោយបងថ្លៃប្តឹងចាប់ខ្លួន

គេឃើញគាត់ចេញចូលទីនោះញឹកញាប់ណាស់ ចុងក្រោយបងថ្លៃប្តឹងចាប់ខ្លួន

ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ឃាត់ខ្លួន កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើផ្លូវមួយកន្លែង នៅក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខណៈដែលជននេះកំពុងបើកម៉ូតូដែលខ្ចីពីបងថ្លៃ ថាខ្ចីតែមួយភ្លែត បែរជាយកទៅបញ្ចាំ។

នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ លោកវ៉ាន់ តារា ដែលបានឃាត់ខ្លួនជនសង្ស័យ បានឱ្យដឹងថា ការឃាត់ខ្លួនជននេះ ដោយយោងលើបណ្តឹងជនរងគ្រោះដែលជាបងថ្លៃ ឈ្មោះរឿម ដេត ហៅចាំង ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ។ ចំណែកជនសង្ស័យរូបនេះ ឈ្មោះឃុត យូសុះ ហៅ តែន អាយុ២៥ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ហើយក៏ត្រូវជាប្អូនថ្លៃម្ចាស់ម៉ូតូដែរ។

នៅក្នុងបណ្តឹងរបស់សឿម ដេត ហៅចាំង ដែលជាម្ចាស់ម៉ូតូ បានរៀបរាប់ថា ឈ្មោះឃុត យូសុះ ហៅតែន បានខ្ចីម៉ូតូរបស់ខ្លួន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយប្រាប់ថា ខ្ចីជិះមួយភ្លែត តែក្រោយជិះចេញទៅបាត់ដំណឹងរហូត៣ថ្ងៃ។

ដោយសារមិនឃើញត្រឡប់មកវិញ ទើបនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា រូបគេក៏ទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកសង្កែ លុះនៅរសៀលថ្ងៃដដែល ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនប្អូនថ្លៃ ពេលយកម៉ូតូខ្លួនទៅបញ្ចាំ។ ម៉ូតូដែលខ្ចីប្រុងស៊ីដាច់នោះ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខបាត់ដំបង 1AE-1499។

បើតាមព័ត៌មានពីសមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានខ្ចី ម៉ូតូបងថ្លៃមែន ហើយមានចេតនាយកទៅបញ្ចាំ តែត្រូវសមត្ថកិច្ចចាប់ជាប់ពេលកំពុង ស្វែងរកទីតាំងបញ្ចាំ។

តាមប្រភពដទៃទៀត បាននិយាយថា ជននេះជាមនុស្សញៀនល្បែង ជាពិសេសញៀននឹងល្បែងស៊ីសងតាមអ៊ីនធើរណេត ព្រោះគេតែងឃើញជននេះចេញចូលទីតាំងល្បែងអ៊ីនធើរណេតនៅក្នុងក្រុងបាត់ដំបង ជាប្រចាំ ហើយអាចពាក់ព័ន្ធនឹងគ្រឿងញៀន ទៀតផង។

ទោះជាយ៉ាងណាក៏ដោយ បើតាមលោកវ៉ាន់ តារា បានប្រាប់ថា ក្រោយពីឃាត់ខ្លួន លោកបានប្រគល់ជនសង្ស័យ និងម៉ូតូទៅឱ្យកម្លាំងជំនាញនៅអធិការដ្ឋានស្រុកសង្កែ ដើម្បី សាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ព្រោះហេតុការណ៍បានកើតឡើង នៅក្នុងស្រុកនេះ៕

RELATED ARTICLES