ភ្នំពេញ ៖ ជនសង្ស័យដែលធ្វើសកម្មភាពឆក់ទូរស័ព្ទពីស្ត្រីម្នាក់នៅលើស្ពានអាកាសស្ទឹងមានជ័យ កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានកម្លាំងនគរបាលអន្តរាគមន៍ ពិសេសរបស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួនបានម្នាក់ កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់ស្រែលាភ តាម បណ្តោយផ្លូវបេតុង ក្នុងភូមិស្ទឹងមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះជា ចយ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីស្ត្រីម្នាក់នៅលើស្ពានអាកាសស្ទឹងមានជ័យ កាលពីវេលាម៉ោង១២រសៀល សថ្ងៃទី១៦ ខែវិច្ឆិកា ប្រាកដមែន។

សមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលឃាត់ខ្លូនជនសង្ស័យបាន កម្លាំងអន្តរាគមន៍ ពិសេសនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការជិះល្បាតក្នុងភូមិសាស្ត្រដើម្បីការពារ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន លុះពេលមកដល់ចំណុចមុខផ្ទះសំណាក់ស្រែលាភ ប្រទះឃើញជនសង្ស័យក៏ឃាត់សួរនាំ និងឆែកឆេរលើខ្លួន ឃើញសម្ភារៈកាច់សោម៉ូតូមួយចំនួន និងទូរស័ព្ទមួយគ្រឿងរបស់ស្ត្រីរងគ្រោះ ដែលជនសង្ស័យធ្វើសកម្មភាពឆក់បាននៅលើស្ពានអាកាសស្ទឹងមានជ័យ កាលពីរសៀលថ្ងៃ ទី១៦ ខែវិច្ឆិកា។

ក្រោយពីឆែកឃើញវត្ថុតាងមួយចំនួននៅលើខ្លួនជនសង្ស័យបែបនេះ សមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យយកទៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចាត់ការបន្តតាមផ្លូវច្បាប់៕
