តារាចម្រៀងថោន លោកឆឹម សក្កដា បានប្រាប់ ”នគរធំ” នៅថ្ងៃទី១៤ ខែវិច្ឆិកា ថា លោកមានគម្រោងចង់រៀបការជាមួយពេជ្រ សោភា នៅឆ្នាំ២០២២ ខាងមុខនេះហើយ។ ការចេញមកកំណត់ពេលវេលាជាក់លាក់នៅពេលនេះ ក្រោយពីសក្កដា ធុញទ្រាន់រឿងរឿងគេសង្ស័យថា លោកនិងអ្នកមេម៉ាយ សោភា លេងស្នេហា ”ក្លែងក្លាយ” ជាមួយគ្នា ដើម្បីយកភាពល្បីល្បាញ និងចង់បំភ័ន្តភ្នែកមហាជន។

ប៉ុន្ដែសក្កដា ថា នៅឆ្នាំ២០២២ លោកនិងសោភា នឹងពិភាក្សាគ្នាឲ្យបានច្បាស់លាស់ ដើម្បីផ្ដល់ចម្លើយពីរឿងរៀបការរបស់ពួកប្រាប់ទៅអ្នកគាំទ្រ។

សក្កដា បន្ថែមថា លោកបានស្រលាញ់គ្នាជាមួយសោភា ជាង៤ឆ្នាំទៅហើយ ដែលអាចនិយាយបានថា ពេលនេះសមល្មមក្នុងការគិតគូរដល់ពេលវេលាត្រូវចូលរោងការហើយ។ លោកថា មិនប្រកាន់ពីអតីតកាលរបស់សោភា ដែលធ្លាប់មានប្ដី និងក្លាយខ្លួនជាស្រី្ដមេម៉ាយនោះទេ ព្រោះស្នេហាសំខាន់នៅលើមនុស្ស២នាក់។

លោកឆឹម សក្កដា បានចូលច្រៀងនៅផលិតកម្មថោន ជាង១ឆ្នាំហើយ តែលោកមិនទាន់ធ្វើឲ្យទីផ្សារចម្រៀងពុះកញ្រ្ជោលឡើយ ខណៈដែលមុននេះ ថោន បានបែកបាក់ផ្ទៃក្នុង នាំឲ្យអាជីពរបស់លោកកាន់តែពិបាកប្រឈមថែមទៀត។ ប៉ុន្តែសក្កដា ថា នឹងមិនបណ្ដោយឲ្យអាជីពលោកកាន់តែស្ងាត់ៗ រហូតហៅលែងឮនោះទេ ព្រោះលោកក៏ចេះដឹកនាំផលិតសម្ដែងដោយខ្លួនឯងដែរ ហើយក្នុងករណីដែលថោន ផលិតបទចម្រៀងចេញយឺតយ៉ាវ ព្រោះតែកូវីដ-១៩នោះ លោកនឹងអាចធ្វើអ្វីថ្មីៗនាពេលខាងមុខ ដើម្បីទប់ស្កាត់ការធ្លាក់ចុះ។

តារាវ័យ៣៥ឆ្នាំរូបនេះ បន្ថែមថា លោកបានបញ្ចប់ថ្នាក់ការសិក្សាផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ឆ្នាំ២០១២ នៅសាលាន័រតុន ហើយឈានជើងចូលសិល្បៈរយៈពេល១២ឆ្នាំហើយ ខណៈដែលចំណងស្នេហាជាមួយពេជ្រ សោភា ទើបតែជិត៥ឆ្នាំទេ ហើយបើគ្មានអ្វីប្រែប្រួលទេ នឹងរៀបការនៅឆ្នាំ២០២២៕

