ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា លទ្ធផលនៃការធ្វើតេស្តលើកទី៤ ដែលជាលើកចុងក្រោយ សម្រាប់សម្តេច និងភរិយា ព្រមទាំងអ្នកនៅជាមួយ បានបង្ហាញច្បាស់ថា អវិជ្ជមានវីរុសកូវីដ-១៩ ពោលគឺពុំមានឆ្លងជំងឺដ៏កាចសាហាវនេះទេ។ សម្តេចនាយករដ្ឋមន្ត្រី ថ្លែងថា ព្រឹត្តិការណ៍ ៣វិច្ឆិកា អាចនឹងបិទបញ្ចប់ ក្រោយថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយតាមរយ:ព្រឹត្តការណ៍នេះ បានបង្រៀន រំលឹកដាស់តឿន និងណែនាំយើង ឱ្យមានការប្រុងប្រយ័ត្នជានិច្ច ទើបអាចយកឈ្នះលើកូវីដ-១៩ បាន តាមវិធី «ការពារប្រសើរជាងការព្យាបាល»។

សម្តេចហ៊ុន សែន បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ថា «បងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់ ! លទ្ធផលនៃការធ្វើតេស្តលើកទី៤ ដែលជាលើកចុងក្រោយ គឺល្អណាស់ សម្រាប់ខ្ញុំនិងភរិយា ព្រមទាំងអ្នកនៅជាមួយ ដែលបានបង្ហាញច្បាស់ថា អវិជ្ជមានកូវីដ-១៩ ពោលគឺពុំមានឆ្លងជំងឺដ៏កាចសាហាវនេះទេ។ ដូចនេះចាប់ពីថ្ងៃស្អែក ១៩ វិច្ឆិកា ២០២០ ខ្ញុំនឹងចេញទៅធ្វើការ ឬហាត់ប្រាណនៅខាងក្រៅ ដូចមុនថ្ងៃទី៤ វិច្ឆកា ឡើងវិញ តែខ្ញុំនៅតែមិនទាន់ឱ្យកូននិងចៅរបស់ខ្ញុំ មកផ្ទះរបស់ខ្ញុំ មួយរយ:ទៀត ដើម្បីធានាឱ្យប្រាកដថា ខ្ញុំគ្មានមេរោគចម្លងទៅកូននិងចៅរបស់ខ្ញុំនោះឡើយ។ នេះជាក្តីស្រឡាញ់ដែលឪពុកនិងជីតា ផ្តល់ឱ្យកូនៗនិងចៅៗ គឺសុវត្ថិភាពរបស់កូនៗនិងចៅៗជាទីស្រឡាញ់។
ក្នុងពេលរង់ចាំការធ្វើតេស្តចំពោះបងប្អូនផ្សេងទៀត ខ្ញុំអាចប្រកាសជូនជ្រាបថា ព្រឹត្តិការណ៍ ៣វិច្ឆិកា នឹងត្រូវបិទបញ្ចប់ការធ្វើចត្តាឡីស័ក តាមពេលវេលាដូចខាងក្រោម ៖
១. សម្រាប់ថ្ងៃ១៩ វិច្ឆិកា ២០២០ មានរាជធានីភ្នំពេញ ចំនួន ១៥៦៩នាក់ (មានជនជាតិហុងគ្រី ចំនួន ៥នាក់) ដោយរាប់ទាំងអ្នកវិជ្ជមាន ៤នាក់ ក្នុងនោះជាសះស្បើយ ១នាក់ និង ៣នាក់ កំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលមានទាំងអគ្គរដ្ឋទូតហុងគ្រី ម្នាក់ផង។ ខេត្តកណ្តាល ចំនួន ៦៧នាក់ ខេត្តពោធិ៍សាត់ ចំនួន ៤០នាក់ ខេត្តព្រៃវែង ចំនួន ២៣នាក់ ខេត្តកំពង់ធំ ចំនួន ៣នាក់។

២. សម្រាប់ថ្ងៃ ២១ វិច្ឆិកា ២០២០ គឺខេត្តកំពង់ឆ្នាំង ចំនួន ១១នាក់។
៣. សម្រាប់ថ្ងៃ ២៣វិច្ឆិកា មានខេត្តកែប ចំនួន ១៨នាក់ ខេត្តព្រះសីហនុ ចំនួន ៤០នាក់ ខេត្តកំពង់ចាម ចំនួន ១នាក់។
៤. សម្រាប់ថ្ងៃ ២៥ វិច្ឆិកា ២០២០ មានខេត្តព្រះវិហារ ចំនួន ២០នាក់ ខេត្តរតនគិរី ចំនួន ១០នាក់»។
សម្តេចហ៊ុន សែន បានសរសេរបន្តថា «សូមរំលឹកចំពោះអាជ្ញាធរមូលដ្ឋានដែលមានបងប្អូនកំពុងធ្វើចត្តាឡីស័ក ដែលមិនទាន់ដល់ថ្ងៃត្រូវបញ្ចប់ ត្រូវណែនាំឱ្យបងប្អូនបន្តធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវ បើមិនដូច្នេះទេ នឹងត្រូវប្រឈមនឹងការតម្រូវឱ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ ឡើងវិញ ព្រោះផ្នែកសុខាភិបាល កំណត់រយៈពេល ១៤ថ្ងៃ គឺចាប់ពីថ្ងៃយកសំណាកដំបូង មកធ្វើតេស្ត។
ការដែលយើងអាចប្រកាសបិទបញ្ចប់បាន គឺនៅត្រង់យើងគ្រប់គ្រងបានចំនួនមនុស្សរហូត១៨០២នាក់ នៅតាមរាជធានី ខេត្ត ចំនួន ១១ ដែលមានការពាក់ព័ន្ធការធ្វើតេស្ត និងការធ្វើចត្តាឡីស័ក បានត្រឹមត្រូវ រយៈពេល ១៤ថ្ងៃ ដែលបញ្ហានេះ ខ្ញុំបានពិភាក្សាយ៉ាងហ្មត់ចត់ជាមួយរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល។

ប្រតិបត្តិការនៃព្រឹត្តិការណ៍ ៣វិច្ឆិកា ពិតជាធំធេងនិងស្មុគ្រស្មាញក្នុងការស្វែងរកអ្នកជាប់ពាក់ព័ន្ធ ព្រោះវាទាក់ទងដល់មនុស្សច្រើន និងរាជធានី ខេត្ត ស្រុក ខណ្ឌ ក្រុង ឃុំ សង្កាត់ និងភូមិ ជាច្រើន ដែលលំបាកដល់ការស្វែងរក។ ប៉ុន្តែដោយការដឹកនាំត្រឹមត្រូវ មានការខិតខំ មានសាមគ្គីភាពនិងសហការល្អ យើងអាចធ្វើបាន ដោយរកឃើញគ្រប់មនុស្សពាក់ព័ន្ធ មិនឱ្យបាត់ដានដែលជាមូលហេតុឆ្លងចូលសហគមន៍ បង្កជាគ្រោះមហន្តរាយសម្រាប់ប្រជាជនយើង។
បទពិសោធន៍ជោគជ័យរបស់យើងនៅពេលនេះ ក៏ដូចជាពេលកន្លងមក គឺស្ថិតនៅលើល្បឿននៃការគ្រប់គ្រងសភាពការណ៍ទាន់ពេល និងមានកិច្ចសហការពីគ្រប់តួអង្គពាក់ព័ន្ធដើម្បីស្វែងរកមុខសញ្ញាដែលមានការពាក់ព័ន្ធ ទាំងផ្ទាល់ ទាំងប្រយោល យកសំណាកមកធ្វើតេស្ត និងធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ»។
សម្តេចនាយករដ្ឋមន្ត្រី បានសរសេរបន្តថា «ឆ្លៀតយកឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួអង្គពាក់ព័ន្ធ ពិសេសក្រុមគ្រូពេទ្យជួរមុខ ដែលហ៊ានប្រឈមចំពោះជំងឺឆ្លងដ៏កាចសាហាវ ធ្វើការទាំងយប់ទាំងថ្ងៃ ដោយមិនខ្លាចនឿយហត់។ ខ្ញុំសូមផ្ញើជូននូវការគោរពនិងថ្លែងអំណរគុណចំពោះវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ ដែលបានខិតខំជួយទៅលើការធ្វើតេស្ត ដោយភាពហ្មត់ចត់ និងការទទួលខុសត្រូវខ្ពស់។

ខ្ញុំក៏សូមអរគុណផងដែរ ដល់បងប្អូនដែលជាប់ពាក់ពន្ធ័ ទាំងដោយផ្ទាល់និងដោយ
ប្រយោល ដែលបានអត់ធ្មត់រស់នៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ តាមលក្ខខណ្ឌតម្រូវនៃការធ្វើចត្តាឡីសក័។
បងប្អូនជនរួមជាតិជាទីគោរព! ការប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ ៣វិច្ឆិកា មិនមែនមានន័យថាយើងបញ្ចប់ការខិតខំដើម្បីប្រយុទ្ធជាមួយកូវីដ-១៩ នោះទេ ផ្ទុយទៅវិញ យើងត្រូវខិតខំច្រើនជាងមុន ដើម្បីទប់ស្កាត់ឃាតករលាក់មុខ ដែលយើងមើលមិនឃើញ តាមរយៈការពាក់ម៉ាសក៍ ការលាងដៃ ការរក្សាគម្លាតសុវត្ថិភាព។ល។ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ត្រូវចងចាំថា ប្រជាជនក្នុងលោក និយាយជារួម និងប្រជាជនកម្ពុជា និយាយដោយឡែក ស្អប់កូវីដ-១៩ ខ្លាំងណាស់ តែកូវីដ-១៩ មិនត្រឹមតែមិនស្អប់យើងវិញនោះទេ តែវាថែមទាំងស្រឡាញ់យើងទៀតផង ដែលការស្រឡាញ់របស់វា មកលើយើង នឹងធ្វើឱ្យយើងស្លាប់ ឬខូចខាតសុខភាពតែប៉ុណ្ណោះ»។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរបន្តទៀតថា «ត្រូវចងចាំថា ការដែលកម្ពុជា មានមនុស្សឆ្លងតិច និងមិនមានមនុស្សស្លាប់ មិនមែនមកពីយើងមានឈាមជាខ្មែរអង្គរ ដែលមានឈាមក្រហមពិសេស អាចប្រឆាំងជាមួយកូវីដ-១៩បាន ដូចមនុស្សខ្លះបានអះអាងនោះទេ (ខ្ញុំសង្ឃឹមថា អ្នកអះអាងបែបនេះ នឹងមានសេចក្តីក្លាហានពិតប្រាកដ ចូលទៅបម្រើអ្នកកើតកូវីដ-១៩ ដោយមិនមានសម្ភារៈការពារខ្លួន តើឆ្លងឬមិនឆ្លង? ដើម្បីបានជាប្រយោជន៍សម្រាប់ការស្រាវជ្រាវវិទ្យាស្ត្រផង និងដើម្បីកូនខ្មែរដែលមានឈាមក្រហមពិសេស មិនបាច់ការពារខ្លួនដូចសព្វថ្ងៃផង។ ប្រសិនជាអាចធ្វើបានមែន អង្គការសុខភាពពិភពលោក ប្រាកដជាប្រកាសទទួលស្គាល់អ្នកថា ជាអ្នកវិទ្យាសាស្ត្រដ៏កំពូលគ្មានពីរក្នងលោក) ឬបានមកពីការកត្តាអាកាសធាតុ ដែលធ្វើឱ្យកូវីដ-១៩ មិនអាចឆ្លងចូលបាននោះដែរ»។
ជោគជ័យរបស់យើង បានមកពីការខិតខំរួមគ្នា ទាំងស្ថាប័នព្រះមហាក្សត្រ ស្ថាប័ននីតិប្បញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ ដែលមានក្រសួងសុខាភិបាល ពិសេសក្រុមគ្រូពេទ្យ ជាប្រតិបត្តិករដ៏មានប្រសិទ្ធភាព និងសំខាន់ជាងនេះទៀត គឺប្រជាជនកម្ពុជា គ្រប់រូប ចូលរួមអនុវត្តន៍នូវវិធានការដែលដាក់ចេញដោយរាជរដ្ឋាភិបាល ដោយក្រសួងសុខាភិបាល ដោយអាជ្ញាធរថ្នាក់ក្រោមជាតិ គ្រប់លំដាប់ថ្នាក់ ដែលខ្ញុំសុំយកឱកាសនេះ សំដែងនូវអំណរគុណចំពោះជនរួមជាតិគ្រប់រូប និងថ្លែងអំណរព្រះគុណ ចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងសប្បុរសជនដែលបានចូលរួមជួយជាថវិកា សម្ភារៈ ដើម្បីប្រយុទ្ធជាមួយជំងឺដ៏កាចសាហាវនេះ»។

សម្តេចហ៊ុន សែន បញ្ជាក់បន្ថែមថា «យើងបិទបញ្ចប់ព្រឹត្តិការណ៍ ៣វិច្ឆិកា សំដៅឱ្យក្រសួងអប់រំ យុវជននិងកីឡា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំបើកសាលារៀន និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ ព្រមទាំងធ្វើឱ្យសភាពការគ្រប់ផ្នែក គ្រប់វិស័យ វិលទៅរកភាពប្រក្រតី ដូចមុនថ្ងៃ ៣វិច្ឆកា ឡើងវិញ តែការប្រយុទ្ធជាមួយកូវីដ-១៩ នៅតែជាអាទិភាពនៃការងាររបស់យើងទាំងអស់គ្នាដដែល។
ព្រឹត្តិការណ៍ ៣វិច្ឆិកា បានបង្រៀនយើង បានរំលឹកយើង បានដាស់តឿនយើង និងបានណែនាំយើង ឱ្យមានការប្រុងប្រយ័ត្នជានិច្ច ទើបអាចយកឈ្នះលើកូវីដ-១៩ បាន។ ត្រូវម្ចាស់ការទប់ស្កាត់ជាមុន តាមវិធីការពារ ប្រសើរជាងការព្យាបាល។
សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ សេចក្តីចម្រើន»។
ដោយឡែក លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលជាអ្នកប៉ះពាល់ផ្ទាល់ក្នុងព្រឹត្តិការណ៍ ០៣វិច្ឆិកា ដែរនោះ ក៏បានបញ្ជាក់ថា លោកមិនឆ្លងជំងឺកូវីដ-១៩ ដែរ ដោយលទ្ធផលនៃការធ្វើតេស្តរកវីរុសកូវីដ-១៩ លើកទី៤ របស់លោកនិងក្រុមគ្រួសារ គឺអវិជ្ជមានទាំងអស់គ្នា។
លោកប្រាក់ សុខុន បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ថា «សួស្តី សហសេវិក សហការី មិត្តភក្តិ បងប្អូនទាំងអស់!
លទ្ធផលនៃការធ្វើតេស្តរកមេរោគកូវីដ-១៩ លើកទី៤ របស់ខ្ញុំ និងក្រុមគ្រួសារខ្ញុំ គឺអវិជ្ជមានទាំងអស់គ្នា។
ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើតេស្តជូនដល់ក្រុមគ្រួសារខ្ញុំ និងខ្ញុំ រួមទាំងមន្ត្រី បុគ្គលិក របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ផងដែរ។
ខ្ញុំសូមជូនពរដល់ក្រុមគ្រូពេទ្យ សហសេវិក សហការី មិត្តភក្តិ និងបងប្អូនទាំងអស់ ទទួលបានសុខភាពល្អបរិបូណ៌ និងចៀសផុតពីគ្រោះកាចទាំងឡាយ»៕