Sunday, August 17, 2025
Homeព័ត៌មានជាតិព្រឹត្តិការណ៍ ៣វិច្ឆិកា សម្តេចហ៊ុន សែន ថាបង្រៀនយើង ការពារប្រសើរជាងព្យាបាល

ព្រឹត្តិការណ៍ ៣វិច្ឆិកា សម្តេចហ៊ុន សែន ថាបង្រៀនយើង ការពារប្រសើរជាងព្យាបាល

ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា លទ្ធផលនៃការធ្វើតេស្តលើកទី៤ ដែលជាលើកចុងក្រោយ សម្រាប់សម្តេច និងភរិយា ព្រមទាំងអ្នកនៅជាមួយ បានបង្ហាញច្បាស់ថា អវិជ្ជមានវីរុសកូវីដ-១៩ ពោលគឺពុំមានឆ្លងជំងឺដ៏កាចសាហាវនេះទេ។ សម្តេចនាយករដ្ឋមន្ត្រី ថ្លែងថា ព្រឹត្តិការណ៍ ៣វិច្ឆិកា អាចនឹងបិទបញ្ចប់ ក្រោយថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយតាមរយ:ព្រឹត្តការណ៍នេះ បានបង្រៀន រំលឹកដាស់តឿន និងណែនាំយើង ឱ្យមានការប្រុងប្រយ័ត្នជានិច្ច ទើបអាចយកឈ្នះលើកូវីដ-១៩ បាន តាមវិធី «ការពារប្រសើរជាងការព្យាបាល»។

សម្តេចហ៊ុន សែន បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ថា «បងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់ ! លទ្ធផលនៃការធ្វើតេស្តលើកទី៤ ដែលជាលើកចុងក្រោយ គឺល្អណាស់ សម្រាប់ខ្ញុំនិងភរិយា ព្រមទាំងអ្នកនៅជាមួយ ដែលបានបង្ហាញច្បាស់ថា អវិជ្ជមានកូវីដ-១៩ ពោលគឺពុំមានឆ្លងជំងឺដ៏កាចសាហាវនេះទេ។ ដូចនេះចាប់ពីថ្ងៃស្អែក ១៩ វិច្ឆិកា ២០២០ ខ្ញុំនឹងចេញទៅធ្វើការ ឬហាត់ប្រាណនៅខាងក្រៅ ដូចមុនថ្ងៃទី៤ វិច្ឆកា ឡើងវិញ តែខ្ញុំនៅតែមិនទាន់ឱ្យកូននិងចៅរបស់ខ្ញុំ មកផ្ទះរបស់ខ្ញុំ មួយរយ:ទៀត ដើម្បីធានាឱ្យប្រាកដថា ខ្ញុំគ្មានមេរោគចម្លងទៅកូននិងចៅរបស់ខ្ញុំនោះឡើយ។ នេះជាក្តីស្រឡាញ់ដែលឪពុកនិងជីតា ផ្តល់ឱ្យកូនៗនិងចៅៗ គឺសុវត្ថិភាពរបស់កូនៗនិងចៅៗជាទីស្រឡាញ់។

ក្នុងពេលរង់ចាំការធ្វើតេស្តចំពោះបងប្អូនផ្សេងទៀត ខ្ញុំអាចប្រកាសជូនជ្រាបថា ព្រឹត្តិការណ៍ ៣វិច្ឆិកា នឹងត្រូវបិទបញ្ចប់ការធ្វើចត្តាឡីស័ក តាមពេលវេលាដូចខាងក្រោម ៖

១. សម្រាប់ថ្ងៃ១៩ វិច្ឆិកា ២០២០ មានរាជធានីភ្នំពេញ ចំនួន ១៥៦៩នាក់ (មានជនជាតិហុងគ្រី ចំនួន ៥នាក់) ដោយរាប់ទាំងអ្នកវិជ្ជមាន ៤នាក់ ក្នុងនោះជាសះស្បើយ ១នាក់ និង ៣នាក់ កំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលមានទាំងអគ្គរដ្ឋទូតហុងគ្រី ម្នាក់ផង។  ខេត្តកណ្តាល ចំនួន ៦៧នាក់ ខេត្តពោធិ៍សាត់ ចំនួន ៤០នាក់ ខេត្តព្រៃវែង ចំនួន ២៣នាក់ ខេត្តកំពង់ធំ ចំនួន ៣នាក់។

២. សម្រាប់ថ្ងៃ ២១ វិច្ឆិកា ២០២០ គឺខេត្តកំពង់ឆ្នាំង ចំនួន ១១នាក់។

៣. សម្រាប់ថ្ងៃ ២៣​វិច្ឆិកា មានខេត្តកែប ចំនួន ១៨នាក់ ខេត្តព្រះសីហនុ ចំនួន ៤០នាក់ ខេត្តកំពង់ចាម ចំនួន ១នាក់។

៤. សម្រាប់ថ្ងៃ ២៥ វិច្ឆិកា ២០២០ មានខេត្តព្រះវិហារ ចំនួន​ ២០នាក់ ខេត្តរតនគិរី ចំនួន ១០នាក់»។

សម្តេចហ៊ុន សែន បានសរសេរបន្តថា «សូមរំលឹកចំពោះអាជ្ញាធរមូលដ្ឋានដែលមានបងប្អូនកំពុងធ្វើចត្តាឡីស័ក ដែលមិនទាន់ដល់ថ្ងៃត្រូវបញ្ចប់ ត្រូវណែនាំឱ្យបងប្អូនបន្តធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវ បើមិនដូច្នេះទេ នឹងត្រូវប្រឈមនឹងការតម្រូវឱ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ ឡើងវិញ ព្រោះផ្នែកសុខាភិបាល កំណត់រយៈពេល ១៤ថ្ងៃ គឺចាប់ពីថ្ងៃយកសំណាកដំបូង មកធ្វើតេស្ត។

ការដែលយើងអាចប្រកាសបិទបញ្ចប់បាន គឺនៅត្រង់យើងគ្រប់គ្រងបានចំនួនមនុស្សរហូត១៨០២នាក់ នៅតាមរាជធានី ខេត្ត ចំនួន ១១ ដែលមានការពាក់ព័ន្ធការធ្វើតេស្ត និងការធ្វើចត្តាឡីស័ក បានត្រឹមត្រូវ រយៈពេល ១៤ថ្ងៃ ដែលបញ្ហានេះ ខ្ញុំបានពិភាក្សាយ៉ាងហ្មត់ចត់ជាមួយរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល។

ប្រតិបត្តិការនៃព្រឹត្តិការណ៍ ៣វិច្ឆិកា ពិតជាធំធេងនិងស្មុគ្រស្មាញក្នុងការស្វែងរកអ្នកជាប់ពាក់ព័ន្ធ ព្រោះវាទាក់ទងដល់មនុស្សច្រើន​ និងរាជធានី ខេត្ត ស្រុក ខណ្ឌ ក្រុង ឃុំ សង្កាត់ និងភូមិ ជាច្រើន ដែលលំបាកដល់ការស្វែងរក។ ប៉ុន្តែដោយការដឹកនាំត្រឹមត្រូវ មានការខិតខំ មានសាមគ្គីភាពនិងសហការល្អ យើងអាចធ្វើបាន ដោយរកឃើញគ្រប់មនុស្សពាក់ព័ន្ធ មិនឱ្យបាត់ដានដែលជាមូលហេតុឆ្លងចូលសហគមន៍ បង្កជាគ្រោះមហន្តរាយសម្រាប់ប្រជាជនយើង។

បទពិសោធន៍ជោគជ័យរបស់យើងនៅពេលនេះ ក៏ដូចជាពេលកន្លងមក គឺស្ថិតនៅលើល្បឿននៃការគ្រប់គ្រងសភាពការណ៍ទាន់ពេល និងមានកិច្ចសហការពីគ្រប់តួអង្គពាក់ព័ន្ធដើម្បីស្វែងរកមុខសញ្ញាដែលមានការពាក់ព័ន្ធ​ ទាំងផ្ទាល់ ទាំងប្រយោល យកសំណាកមកធ្វើតេស្ត និងធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ»។

សម្តេចនាយករដ្ឋមន្ត្រី បានសរសេរបន្តថា «ឆ្លៀតយកឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួអង្គពាក់ព័ន្ធ ពិសេសក្រុមគ្រូពេទ្យជួរមុខ ដែលហ៊ានប្រឈមចំពោះជំងឺឆ្លងដ៏កាចសាហាវ ធ្វើការទាំងយប់ទាំងថ្ងៃ ដោយមិនខ្លាចនឿយហត់។ ខ្ញុំសូមផ្ញើជូននូវការគោរពនិងថ្លែងអំណរគុណចំពោះវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ ដែលបានខិតខំជួយទៅលើការធ្វើតេស្ត ដោយភាពហ្មត់ចត់ និងការទទួលខុសត្រូវខ្ពស់។

ខ្ញុំក៏សូមអរគុណផងដែរ ដល់បងប្អូនដែលជាប់ពាក់ពន្ធ័ ទាំងដោយផ្ទាល់និងដោយ

ប្រយោល ដែលបានអត់ធ្មត់រស់នៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ តាមលក្ខខណ្ឌតម្រូវនៃការធ្វើចត្តាឡីសក័។

បងប្អូនជនរួមជាតិជាទីគោរព! ការប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ ៣វិច្ឆិកា មិនមែនមានន័យថាយើងបញ្ចប់ការខិតខំដើម្បីប្រយុទ្ធជាមួយកូវីដ-១៩ នោះទេ ផ្ទុយទៅវិញ យើងត្រូវខិតខំច្រើនជាងមុន ដើម្បីទប់ស្កាត់ឃាតករលាក់មុខ ដែលយើងមើលមិនឃើញ តាមរយៈការពាក់ម៉ាសក៍ ការលាងដៃ ការរក្សាគម្លាតសុវត្ថិភាព។ល។ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ត្រូវចងចាំថា ប្រជាជនក្នុងលោក និយាយជារួម និងប្រជាជនកម្ពុជា និយាយដោយឡែក ស្អប់កូវីដ-១៩ ខ្លាំងណាស់ តែកូវីដ-១៩ មិនត្រឹមតែមិនស្អប់យើងវិញនោះទេ តែវាថែមទាំងស្រឡាញ់យើងទៀតផង ដែលការស្រឡាញ់របស់វា មកលើយើង នឹងធ្វើឱ្យយើងស្លាប់ ឬខូចខាតសុខភាពតែប៉ុណ្ណោះ»។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរបន្តទៀតថា «ត្រូវចងចាំថា ការដែលកម្ពុជា មានមនុស្សឆ្លងតិច និងមិនមានមនុស្សស្លាប់ មិនមែនមកពីយើងមានឈាមជាខ្មែរអង្គរ ដែលមានឈាមក្រហមពិសេស អាចប្រឆាំងជាមួយកូវីដ-១៩បាន ដូចមនុស្សខ្លះបានអះអាងនោះទេ (ខ្ញុំសង្ឃឹមថា អ្នកអះអាងបែបនេះ នឹងមានសេចក្តីក្លាហានពិតប្រាកដ​ ចូលទៅបម្រើអ្នកកើតកូវីដ-១៩ ដោយមិនមានសម្ភារៈការពារខ្លួន តើឆ្លងឬមិនឆ្លង? ដើម្បីបានជាប្រយោជន៍សម្រាប់ការស្រាវជ្រាវវិទ្យាស្ត្រផង និងដើម្បីកូនខ្មែរដែលមានឈាមក្រហមពិសេស មិនបាច់ការពារខ្លួនដូចសព្វថ្ងៃផង។ ប្រសិនជាអាចធ្វើបានមែន អង្គការសុខភាពពិភពលោក ប្រាកដជាប្រកាសទទួលស្គាល់អ្នកថា ជាអ្នកវិទ្យាសាស្ត្រដ៏កំពូលគ្មានពីរក្នងលោក) ឬបានមកពីការកត្តាអាកាសធាតុ ដែលធ្វើឱ្យកូវីដ-១៩ មិនអាចឆ្លងចូលបាននោះដែរ»។

ជោគជ័យរបស់យើង បានមកពីការខិតខំរួមគ្នា ទាំងស្ថាប័នព្រះមហាក្សត្រ ស្ថាប័ននីតិប្បញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ ដែលមានក្រសួងសុខាភិបាល ពិសេសក្រុមគ្រូពេទ្យ ជាប្រតិបត្តិករដ៏មានប្រសិទ្ធភាព និងសំខាន់ជាងនេះទៀត គឺប្រជាជនកម្ពុជា គ្រប់រូប ចូលរួមអនុវត្តន៍នូវវិធានការដែលដាក់ចេញដោយរាជរដ្ឋាភិបាល ដោយក្រសួងសុខាភិបាល ដោយអាជ្ញាធរថ្នាក់ក្រោមជាតិ គ្រប់លំដាប់ថ្នាក់ ដែលខ្ញុំសុំយកឱកាសនេះ​ សំដែងនូវអំណរគុណចំពោះជនរួមជាតិគ្រប់រូប និងថ្លែងអំណរព្រះគុណ ចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងសប្បុរសជនដែលបានចូលរួមជួយជាថវិកា សម្ភារៈ ដើម្បីប្រយុទ្ធជាមួយជំងឺដ៏កាចសាហាវនេះ»។

លោកវេង សាខុន និងភរិយា

សម្តេចហ៊ុន សែន បញ្ជាក់បន្ថែមថា «យើងបិទបញ្ចប់ព្រឹត្តិការណ៍ ៣វិច្ឆិកា សំដៅឱ្យក្រសួងអប់រំ យុវជននិងកីឡា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំបើកសាលារៀន និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ ព្រមទាំងធ្វើឱ្យសភាពការគ្រប់ផ្នែក គ្រប់វិស័យ វិលទៅរកភាពប្រក្រតី ដូចមុនថ្ងៃ ៣វិច្ឆកា ឡើងវិញ តែការប្រយុទ្ធជាមួយកូវីដ-១៩ នៅតែជាអាទិភាពនៃការងាររបស់យើងទាំងអស់គ្នាដដែល។

ព្រឹត្តិការណ៍ ៣វិច្ឆិកា បានបង្រៀនយើង បានរំលឹកយើង បានដាស់តឿនយើង និងបានណែនាំយើង ឱ្យមានការប្រុងប្រយ័ត្នជានិច្ច ទើបអាចយកឈ្នះលើកូវីដ-១៩ បាន។ ត្រូវម្ចាស់ការទប់ស្កាត់ជាមុន តាមវិធីការពារ ប្រសើរជាងការព្យាបាល។

សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ សេចក្តីចម្រើន»។

ដោយឡែក លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលជាអ្នកប៉ះពាល់ផ្ទាល់ក្នុងព្រឹត្តិការណ៍ ០៣វិច្ឆិកា ដែរនោះ ក៏បានបញ្ជាក់ថា លោកមិនឆ្លងជំងឺកូវីដ-១៩ ដែរ ដោយលទ្ធផលនៃការធ្វើតេស្តរកវីរុសកូវីដ-១៩ លើកទី៤ របស់លោកនិងក្រុមគ្រួសារ គឺអវិជ្ជមានទាំងអស់គ្នា។

លោកប្រាក់ សុខុន បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ថា «សួស្តី សហសេវិក សហការី មិត្តភក្តិ បងប្អូនទាំងអស់!

លទ្ធផលនៃការធ្វើតេស្តរកមេរោគកូវីដ-១៩ លើកទី៤ របស់ខ្ញុំ និងក្រុមគ្រួសារខ្ញុំ គឺអវិជ្ជមានទាំងអស់គ្នា។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើតេស្តជូនដល់ក្រុមគ្រួសារខ្ញុំ និងខ្ញុំ រួមទាំងមន្ត្រី បុគ្គលិក របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ផងដែរ។

ខ្ញុំសូមជូនពរដល់ក្រុមគ្រូពេទ្យ សហសេវិក សហការី មិត្តភក្តិ និងបងប្អូនទាំងអស់ ទទួលបានសុខភាពល្អបរិបូណ៌ និងចៀសផុតពីគ្រោះកាចទាំងឡាយ»៕

RELATED ARTICLES