Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិគ្រោង​​​ចិញ្ចឹម​ពូជ​គោ​អូស្រ្តា​លី​​​ កាប់​សាច់​នៅ​កម្ពុជា

គ្រោង​​​ចិញ្ចឹម​ពូជ​គោ​អូស្រ្តា​លី​​​ កាប់​សាច់​នៅ​កម្ពុជា

មកទល់ពេលនេះ កម្ពុជាមិនត្រឹមតែបន្តនាំចូលគោកាប់សាច់ពីប្រទេសជិតខាតប៉ុណ្ណោះ គឺក្រុមហ៊ុនឯកជនធំមួយក៏បានប្រកាសថាខ្លួនត្រូវការបង្កើននាំចូលសត្វគោតូចៗ ដើម្បីចិញ្ចឹមទុកគ្រាន់កាប់សាច់ដើម្បីបម្រើទីផ្សារនោះផង។ ក្រុមហ៊ុនវិនិយោគលើវិស័យនេះ បានអះអាងថា ខ្លួននឹងប្រើបច្ចេកទេសបង្កាត់ពូជសត្វគោអូស្រ្តាលីជំនួសអោយការនាំចូលសត្វគោធំៗដើម្បីកាប់យកសាច់ ក៏ដូចជាដើម្បីកាត់បន្ថយថ្លៃដើមក្នុងការលក់ចេញ។

យោងតាមទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន SLN  Meat  Supplies  បានអះអាងថាកង្វះសាច់គោនៅក្នុងទីផ្សារកម្ពុជាដែលតម្រូវអោយក្រុមហ៊ុនបន្តដឹកគោរស់មកកាន់ប្រទេសកម្ពុជាឆ្លងកាត់តាមកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ មិនត្រឹមតែបំពេញសេចក្ដីត្រូវការសាច់គោស្រស់នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ តែ ក៏ជាការចាប់ផ្ដើមនៃទំនាក់ទំនងរវាងកម្ពុជា និងអូស្រ្តាលីរបស់ប្រទេសទាំងពីរក្នុងវិស័យកសិកម្មផងដែរ។ តំណាងក្រុមហ៊ុនមួយរូបបានអះអាងថាក្រុមហ៊ុនបានសម្រេចបោះទុនរហូតដល់៣៥លានដុល្លារក្នុងជំហានទី២ ដោយតាមគម្រោងក្រុមហ៊ុននឹងបង្កើនប្រមាណ៥០លានដុល្លារបន្ថែមទៀតក្នុងឆ្នាំបន្តបន្ទាប់ ដើម្បីសម្រេចគោលដៅក្នុងការវិនិយោគ។ តំណាងក្រុមហ៊ុនបានអះអាងថា ការនាំចូលសត្វគោមកពីអូស្រ្តាលីថ្វីដ្បិតតែចំណាយទុនខ្ពស់ក្នុងការដឹកជញ្ជូន ប៉ុន្តែបានជួយអោយ ប្រទេសកម្ពុជាជៀសផុតពីកង្វះខាតសាច់គោនៅលើទីផ្សារ និងជួយអោយកម្ពុជាចំណេញទីផ្សារការងារមួយផ្នែកធំ តាមរយៈដំណើរការរបស់ក្រុមហ៊ុនដែលក្នុងពេលនេះ មានបុគ្គលិករហូតដល់៥០០នាក់ដែលទទួលបានការងារ។ មន្ត្រីដដែលបន្តថាក្រុមហ៊ុនបានអះអាងថា តម្រូវការបុគ្គលិកមានការកើនឡើងឥតឈប់ឈរនៅទីសត្តឃាត នៅកន្លែងព្រលះសាច់ និងផ្នែកទំនាក់ទំនងជាច្រើនទៀត ដើម្បីអោយក្រុមហ៊ុនអាចដំណើរការការងារ។

cow1

មកទល់នឹងជិតដាច់ខែតុលានេះ គោអូស្ត្រាលីប្រភេទកាប់សាច់ កាន់តែបន្តនាំចូលដើម្បីបំពេញតម្រូវការទីផ្សារកុម្ម៉ង់ទិញ ដោយខាងប្រទេសជប៉ុន ឡាវ និងតៃវ៉ាន់ ក៏មានទើបនឹងបានបង្ហាញគោលបំណងកុងត្រាទទួលទិញបន្ត បន្ទាប់ពីឃើញសាច់គោពីអូស្រ្តាលីត្រូវបានកម្ពុជានាំចូលដោយរលូន។ នៅលើវេបសាយរបស់ក្រុមហ៊ុនបានអះអាងថា តាំងពីដំណាក់កាលដឹកគោមកពីអូស្រ្តាលី និងដំណើរការកាប់សាច់ចែកចាយនៅលើទីផ្សារ ស្ថាប័នពាក់ព័ន្ធសំខាន់ៗជាពិសេសគឺក្រសួងកសិកម្មកម្ពុជា និងអូស្រ្តាលី រមែងធ្វើការត្រួតពិនិត្យដើម្បីធានាសាច់គោរបស់ក្រុមហ៊ុនដើម្បីលក់ចេញនឹងមានគុណភាព។ ក្នុងនោះសាច់គោដែលត្រូវពន្លះហើយ ក៏ត្រូវត្រួតពិនិត្យពីរបៀបទុកដាក់អោយមានស្ដង់ដារផងដែរ ដើម្បីធានាថាមិនឆ្លងមេរោគ។ តំណាងក្រុមហ៊ុន នៅតែបញ្ជាក់ដូចដើមថា រាល់ពេលគោត្រូវបានដឹកចេញគឺខាងប្រទេសអូស្រ្តាលីធ្វើការពិនិត្យ ហើយលុះដល់បញ្ជូនចុះមកដល់កម្ពុជាក៏ត្រូវក្រសួងកសិកម្មប្រទេសកម្ពុជាធ្វើការត្រួតពិនិត្យមត់ចត់ម្ដងទៀត។ យ៉ាងណាក៏ស្ថានភាពនេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថាមានភាពស្មុគស្មាញ បើធៀបនឹងការបោះ ទុនហើយចិញ្ចឹមកូនគោ និងបង្កាត់ពូជគោរបស់អូស្រ្តាលីនៅក្នុងប្រទេសកម្ពុជាតែម្ដង ដើម្បីកាត់បន្ថយការនាំចូលសត្វគោរស់អោយបានច្រើនបំផុត បើទោះជាការបោះទុនចិញ្ចឹមកូនគោតាំងពីតូច ឬបង្កាត់ពូជគោអូស្ត្រាលីក្នុងស្រុកត្រូវចំណាយខ្ពស់ និងបោះទុនមុនមិនតិចខ្ទង់សែនដុល្លារ។ យ៉ាងណាមិញ ក្រុមហ៊ុន7NG ក៏ធ្លាប់បោះទុនចិញ្ចឹមគោអូស្រ្តាលីបែបនេះផងដែរកាលមុន ប៉ុន្តែក្រោយមកក៏ត្រូវបិទកសិដ្ឋានចោលវិញ។

លោកហោ ស៊ីមលាង បានអះអាងថា ក្រុមហ៊ុនមានបំណងបោះទុនចិញ្ចឹមគោអូស្រ្តាលីនៅក្នុងប្រទេសកម្ពុជាដើម្បីកាត់បន្ថយថ្លៃចំណាយ ដើម្បីអោយសាច់គោដែលបានលក់មានតម្លៃទាបជាំងមុនប្រជែងទីផ្សារ។ លោកបានបន្តថាតម្រូវការសាច់គោ បានជំរុញអោយកំណើនដឹកគោកាប់សាច់ពីប្រទេសអូស្រ្តាលីមានការកើនឡើងដូចគ្នាក្នុងប៉ុន្មានខែចុងក្រោយ។ ដូច្នេះជម្រើសមួយដ៏ល្អគឺមិនមានអ្វីក្រៅពីចិញ្ចឹមបើកកសិដ្ឋានចិញ្ចឹម និងបង្កាត់កូនដោយខ្លួនឯងដើម្បីជំនួសអោយការនាំចូលសត្វគោធំៗនោះទេ ទើបអាចអោយក្រុមហ៊ុនមាននិរន្តរភាពក្នុងការផ្តត់ផ្គង់សាច់។ យ៉ាងណាមិញ លោកថាកម្ពុជាមិនអាចជៀសផុតពីការឈប់នាំសត្វគោធំៗដូចសព្វថ្ងៃបានទេ ដោយសារតែគោចិញ្ចឹមពីតូច ឬបង្កាត់ពូជគោអូស្រ្តាលីនៅកម្ពុជាក៏មិនអាចនឹងផ្គត់ផ្គង់ទីផ្សារបានដែរក្នុងរយៈពេលបួនដប់ឆ្នាំខាងមុខ។ នាពេលចុងក្រោយក្រុមហ៊ុនបានពង្រីក ទីសត្តឃាត និងទីតាំងក្រោលគោនៅលើផ្ទៃដី១០០ហិកតា ដោយក្នុងចំណោមផ្ទៃដីនោះរួមមានកន្លែងក្រោលគោ១០ហិកតារ កន្លែងសត្តឃាត ទីពន្លះសាច់មានផ្ទៃដីប្រមាណ៣ហិកតា និងមានការិយាល័យធ្វើការ អមដោយទីវាលក្នុងគម្រោងជាច្រើនហិកតាទៀតដែលបម្រើអោយអាជីវកម្មថែទាំគោអូស្រ្តាលី និងការកាប់សាច់។ ប្រសិនបើការត្រៀមខ្លួនរបស់ក្រុមហ៊ុនរួចរាល់ នោះសត្វគោតូចៗជាពិសេស គឺការបង្កាត់គោសម្រាប់ចិញ្ចឹមយកសាច់នឹងត្រូវចាប់ផ្ដើម ដែលមានន័យថាក្នុងរង្វង់ប៉ុន្មានក្រោយគឺពេលសត្វគោដែលបានបង្កាត់ធំៗ គឺកម្ពុជានឹងមានសត្វគោអូស្រ្តាលីខ្លួនឯង ដើម្បីកាប់លក់វិលជុំ ហើយជំនួសអោយការនាំចូលមួយផ្នែក។ លោកថា សាច់គោអូស្រ្តាលីដែលក្រុមហ៊ុនធ្វើការផ្គត់ផ្គត់ទីផ្សារគឺមានតម្លៃ១២ដុល្លារអាមេរិកក្នុង១គីឡូក្រាម ដោយតម្លៃនេះសម្រាប់អ្នកមានជីវភាពខ្វះខាតគឺយល់ថាថ្លៃ ប៉ុន្តែសម្រាប់ដាក់លក់នៅក្នុងផ្សារទំនើបគឺគេទទួលយកបាន។

យោងតាមការបញ្ជាក់ សត្វគោនាំចូលគឺជួយបំពេញតម្រូវការក្នុងការបរិភោគរបស់ប្រជាជនកម្ពុជា ប៉ុន្តែចលនានេះក៏នឹងធ្វើអោយតម្លៃគោក្នុងស្រុកធ្លាក់ថ្លៃ ហើយធ្វើអោយវិស័យចិញ្ចឹមគោយកសាច់នៅក្នុងប្រទេសថយចុះ។ របាយការណ៍មួយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាងថា គិតត្រឹម៣ខែ ក្នុងឆ្នាំ២០១៦ សត្វគោប្រមាញ១៣ ៨៧៧ក្បាលត្រូវបានសម្លាប់ដើម្បីធ្វើអាជីវកម្មសាច់នៅក្នុងទីតាំងសត្តឃាតនៅទូទាំងប្រទេសកម្ពុជាចំនួន១៤២កន្លែង ដោយក្នុងនោះក៏មានតួលេខសត្វគោអូស្រ្តាលីរបស់ក្រុមហ៊ុន ៕

RELATED ARTICLES