Sunday, November 24, 2024
Homeគួរយល់ដឹងប្រវត្តិ ៖ មានអ្នកផ្លូវ ហែជំនូន ថ្លៃទឹកដោះ រៀបផ្លែឈើ៣៦មុខ

ប្រវត្តិ ៖ មានអ្នកផ្លូវ ហែជំនូន ថ្លៃទឹកដោះ រៀបផ្លែឈើ៣៦មុខ

ជាទូទៅ ប្រវត្តិផ្សេងៗទាក់ទងនឹងពិធីរៀបមង្គលការខ្មែរយើង ច្រើនតែជារឿងនិទាន បែបអច្ឆរិយភាព ដូចរឿងបង្វិលពពិល ជាដើម ទាក់ទងដល់ព្រះឥសូរ និងព្រះជ័យសុរិយា មិនមែនប្រវត្តិសាស្ត្រនោះទេ។ អ្វីដែលខ្ញុំស្រាវជ្រាវ លុះត្រាតែមានលក្ខណ:ជាប្រវត្តិសាស្ត្រ ទើបយកជាការបាន។

ចំពោះរឿងហែជំនូន រៀបផ្លែឈើ អ្នកផ្លូវ ឯកសារចារទុកថា នៅគ.ស ១៥៤៤ ព្រះបាទអង្គច័ន្ទទី១ ឬព្រះច័ន្ទរាជា បានឡើងសោយរាជសម្បត្តិនៅរាជធានីលង្វែក។ កាលនោះ ព្រះរាជបុត្រព្រះនាម “ព្រះបរមិន្ទរាជា” មានឋាន:មហាឧបរាជ បាននាំពលសេនាទៅកម្សាន្តបុណ្យចូលឆ្នាំថ្មី នៅភ្នំព្រះរាជទ្រព្យឧដុង្គ។

លុះទៅដល់កំពង់ធ្វើត្រី ព្រះអង្គម្ចាស់បានទតឃើញនាងក្រមុំម្នាក់ ឈ្មោះ “នាងទេព” ជាស្រីស្អាតថ្នាក់បវរកញ្ញា ក៏កួចព្រះទ័យប្រតិព័ទ្ធ។ នាងទេព មានឪពុកឈ្មោះ ព្រះដុង ជាមន្ត្រីថ្នាក់ស្រុក និងជាអ្នកមានស្តុកស្តម្ភ ម្តាយឈ្មោះ ជ័យ ក៏ទាក់ទងសុំយកនាងទៅធ្វើព្រះជាយា។

ឪដុង ម៉ែជ័យ មិនព្រមលើកថ្វាយងាយៗនោះទេ ដោយបង្គាប់ស្តេចឲ្យលើកផ្លូវ២ខ្សែ ចេញពីបន្ទាយលង្វែក មកដល់ភូមិរបស់គាត់។ ព្រះបរមិន្ទរាជា ខ្ញាល់ខ្លាំងណាស់ចង់ប្រើសេនាឲ្យចាប់នាងទេព តាមកម្លាំងបាយ ប៉ុន្តែទ្រង់ខ្លាចព្រះបិតាយកទោស មិនហ៊ានចាប់ ក៏វិលទៅរាជធានីវិញ កើតទុក្ខសំងំតែក្នុងប្រាសាទ ភ្លេចការងាររាជការ។

ព្រះបាទច័ន្ទរាជា សាកសួរដីងពីរឿងបុត្រសំណព្វរងវិបត្តិស្នេហ៍ ក៏ទ្រង់ព្រះពិរោធថាមិនគួរ តាដុង យាយជ័យ មើលងាយព្រះចេស្តា ចង់ប្រើសេនាទាហានទៅចាប់មកដាក់ទណ្ឌកម្ម ប៉ុន្តែនាហ្មឺនសព្វមុខមន្ត្រី ក្រាបទូលថា កាលព្រះអង្គភៀសព្រះកាយទៅស្រុកសៀម និងកាលជាប់ធ្វើសង្គ្រាមជាមួយស្តេចកន កាលនោះនាយឃ្លាំង តែងទៅខ្ចីស្រូវព្រះដុង រាប់មុឺនថាំង យកមកចិញ្ចឹមកងទ័ព ស្តេចមិនទាន់បង្វិលសងគាត់វិញផង បែរជាចង់ចាប់គាត់មកធ្វើទោសទណ្ឌ ព្រោះតែព្រះរាជបុត្រស្រលាញ់កូនក្រមុំគាត់នោះ មិនសមរម្យទេ បើគាត់បង្គាប់យ៉ាងណា ធ្វើតាមគាត់ទៅ។

ព្រះមហាក្សត្រស្គាល់កំហុស ក៏ត្រាស់បង្គាប់ឲ្យកេណ្ឌរាស្ត្រមកលើកផ្លូវ២ខ្សែ ឈ្មោះផ្លូវប្រុស និងផ្លូវស្រី ចេញពីលង្វែកទៅដល់ភូមិ ឪដុង ម៉ែជ័យ។ ស្តេចចាត់ឲ្យមហាមន្ត្រី មហាទេព ដើរតាមផ្លូវប្រុស ចាត់ឲ្យជំទាវមហាទេព និងជំទាវមហាមន្ត្រីដើរលើផ្លូវស្រី។ បានឲ្យជ្រើសរើស កំលោះបរិសុទ្ធ៤នាក់ ក្រមុំព្រហ្មចារី៤នាក់ និងបរិវវារ១០០នាក់ យកអ្នកមិនអភ័ព្វគូ ឲ្យកាន់គ្រឿងបណ្ណាការ មានតម្លៃ អមដោយផ្លែឈើ៣៦មុខ មានទាំងសាច់ជ្រូកឆៅ មាន់ទា សម្រាប់ធ្វើម្ហូបថ្ងៃត្រង់ផង។

លុះស្តេចធ្វើតាមបង្គាប់គាត់ ទើបព្រះដុង អ្នកជ័យ យល់ព្រមលើកកូនថ្វាយ និងរៀបក្បួនដង្ហែនាងទេព ទៅរៀបមង្គលាភិសេកនៅព្រះបរមរាជវាំង។ អ្នកម្នាងទេព ក៏ឡើងជាសម្តេចព្រះស្រីទេពធីតាមហាទេវីសោភីក្សត្រី។ ព្រះដុង ឡើងជា សម្តេចចៅហ៊្វាទឡ្ហ: ម៉ែជ័យ ឡើងជា ជំទាវទេវីសោភីលក្ខណា។

ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យ ឲ្យមានរបៀបចូលស្តីដណ្តឹង មានអ្នកផ្លូវប្រុស អ្នកផ្លូវស្រី កំលោះក្រមុំព្រហ្មចារី ផ្លែឈើ៣៦មុខ (យកតាមព្រះជន្ម៣៦វស្សា របស់ព្រះរាជបុត្រ) ជាពិសេស ពីមុនមានប្រពៃណី ស្រីដណ្ដឹងប្រុស លុះដល់ប្រុសដណ្តឹងស្រី ស្តេចកំណត់ឲ្យរាស្ត្រសាមញ្ញបង់ថ្លៃទឹកដោះត្រឹមតែ ១បាត ២ស្លឹង ប៉ុណ្ណោះ កុំឲ្យធ្ងន់កពេក។

ដោយឡែក ភូមិធ្វើត្រីដែលព្រះបរមិន្ទរាជា ទៅជួបនាងទេព អ្នកស្រុកនាំគ្នាហៅថា ភូមិត្រពោកមានលក្ខណ៍ តែហៅក្លាយទៅជា ភូមិដំបូកមានលក្ខណ៍។ ភូមិតាដុង យាយជ័យ ក៏ជាប់ឈ្មោះថា ឪដុងម៉ែជ័យ ក្លាយជាឧដុង្គមានជ័យ សព្វថ្ងៃ។

ទោះយ៉ាងណា បច្ចុប្បន្ន ប្រពៃណីហែជំនូន ដើរតែផ្លូវ១ ផ្លែឈើមិនគ្រប់៣៦មុខ ចំណែកថ្លៃទឹកដោះ មេបាខាងស្រីបង្គាប់ស្រេចតែចិត្ត យកជាដុល្លារ ធ្វើឲ្យកូនអ្នកក្រលៀនអណ្តាត ខ្លះក៏លេងផ្លូវកាត់ ពង្រត់គ្នាទៅបាត់…

សរុបទៅ ពិធីហែជំនូន មានអ្នកផ្លូវ រៀបផ្លែឈើ ថ្លៃទឹកដោះឬជាវខាន់ស្លា ១បាត ២ស្លឹង ជាក្បួនបុរាណបន្សល់ទុកតាំងពីរជ្ជកាលព្រះបាទអង្គច័ន្ទទី១ មិនមែនជារឿងព្រេងនិទាននោះទេ តែជាប្រវត្តិសាស្ត្រ៕

ឯកសារពិគ្រោះ ៖ ឯកសារមហាបុរសខ្មែរ និងសៀវភៅរឿងនិទានទាក់ទងប្រពៃណី ទំនៀមទម្លាប់ខ្មែរ
ស្រាវជ្រាវដោយ ៖ លោកង៉ែត សោភ័ណ និពន្ធនាយករងទស្សនាវដ្តី “អង្គរធំ”
ភ្នំពេញ ថ្ងៃទី 24/01/2021

RELATED ARTICLES