ភ្នំពេញៈអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ប្រចាំប្រទេសកម្ពុជា បានរៀបចំកិច្ចប្រជុំជាមួយដៃគូ និងបណ្តាញសារព័ត៌មាននៅថ្ងៃទី២៤ នៅទីក្រុងភ្នំពេញ ដើម្បីជម្រុញឱ្យរដ្ឋជាសមាជិក អង្គការសុខភាពពិ ភពលោក (WHO) ធ្វើការពិនិត្យបញ្ចប់នូវឧបសម្ព័ន្ធការចូលប្រើប្រាស់ និងការអាចទទួលបានការចែករំលែក អត្ថប្រយោជន៍ សំណាកមេរោគ (PABS) ដែលឧបសម្ព័ន្ធនេះនឹងភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងជំងឺរាតត្បាតរបស់ WHO មុនកិច្ចប្រជុំលើកទីប្រាំមួយ នៃសម័យប្រជុំក្រុមការងារអន្តររដ្ឋាភិបាល (ផ្នែកខ) នៅទីក្រុងហ្សឺណែវ ប្រព្រឹត្តចាប់ពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។

លោកវេជ្ជបណ្ឌិតចន ផាន់ណា ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេសកម្ពុជានៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដសបានថ្លែងថាAHF បានសំណើរសំខាន់ៗ៦ចំណុចទៅកាន់រដ្ឋសមាជិក អង្គការសុខភាពពិភពលោក (WHO)៖

១៖ គ្មានសមធម៌ គ្មានកិច្ចព្រមព្រៀង៖ កិច្ចព្រមព្រៀងជំងឺរាតត្បាតមិនអាចឈានទៅមុខបានទេបើគ្មានឧបសម្ព័ន្ធ PABS ដែលមានកាតព្វកិច្ចដែលធានាការចែករំលែកអត្ថប្រយោជន៍ដែលអាច អនុវត្តបាននៅគ្រប់ដំណាក់កាលទាំងអស់រួមមានដូចជា ជំងឺរាតត្បាតនាពេលអនាគត បញ្ហាបន្ទាន់សុខភាពសាធារណៈ និងការព្រួយបារម្មណ៏ជាសកល(PHEIC) និងក្នុងចន្លោះពេលមានការរីករាលដាលជំងឺជាសកលមួយ ពីមួយទៅមួយទៀត (interpandemic periods)។

២៖ការចែករំលែកអត្ថប្រយោជន៍ជាកាតព្វកិច្ចក្នុងអំឡុងពេលមាន បញ្ហាបន្ទាន់សុខភាពសាធារណៈ និងការព្រួយបារម្មណ៏ជាសកល(PHEIC) និងក្នុងចន្លោះពេលមានការរីករាលដាលជំងឺជាសកលមួយពីមួយទៅមួយទៀត(interpandemic periods)៖ ភាពច្បាស់លាស់ និងមានការយល់ព្រមទុកជាមុន (ឧទាហរណ៍ មិនត្រូវបានពន្យារពេលដល់ការចរចាទ្វេភាគីរវាង WHO និងក្រុមហ៊ុនផលិត) គួរតែត្រូវបានរួមបញ្ចូល នូវចំនួនភាគរយ នៃវ៉ាក់សាំងដែលបានកំណត់ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល អាជ្ញាប័ណ្ណដែលបានចរចាជាមុន និងការផ្ទេរចំណេះដឹង/បច្ចេកវិទ្យាការចូលរួមវិភាគទានហិរញ្ញវត្ថុប្រចាំឆ្នាំ និងការចូលប្រើប្រាស់ជាសាធារណៈចំពោះលទ្ធផលមិនមែនសំរាប់ការធ្វើជំនួញ។

៣៖កិច្ចសន្យាស្តង់ដារ៖ ដើម្បីធានាបាននូវការចុះបញ្ជីអ្នកប្រើប្រាស់ ការតាមដានប្រភព ការទទួលខុសត្រូវ និងការអនុវត្តបាន នីតិវិធីសំខាន់ៗក្នុងកិច្ចសន្យាមានស្តង់ដារ ត្រូវតែចរចារជាមុនដោយប្រទេសនីមួយៗ ដោយមិនគួរទុកឲ្យមានការចរចាទ្វេភាគីរវាងអង្គការ WHO និងអ្នកទទួលផលទេ។

៤៖គ្មានការចុះឈ្មោះ គ្មានការចូលប្រើប្រាស់៖ ប្រទេសនានាត្រូវតែគាំទ្រការចុះឈ្មោះអ្នកប្រើប្រាស់ជាកាតព្វ កិច្ច ការតាមដានប្រភពប្រើប្រាស់ និងកិច្ចព្រមព្រៀងចូលប្រើទិន្នន័យ ដើម្បីការពារប្រព័ន្ធ និង ធានាថាវាមិនអាចត្រូវបានប្រើប្រាស់ដោយអនាមិកបាន។

៥៖ បដិសេធប្រព័ន្ធផ្លូវពីរ៖ ការប្រើប្រាស់វិធីសាស្ត្រ “hybrid” ឬវិធីសាស្ត្រទ្វេដង (dual track) ដែលបំបែកការទទួលបានព័ត៌មាន ឬធនធានចេញពីការចែករំលែកអត្ថប្រយោជន៍ នឹងបង្ករឱ្យមានចន្លោះប្រហោង បន្ថយភាពរឹងមាំនៃប្រព័ន្ធ និងអនុញ្ញាតិមានការគេចវេសពីកាតព្វកិច្ច។

៦៖គាំទ្រវិធីសាស្រ្តសុខភាពសាធារណៈចំពោះកម្មសិទ្ធិបញ្ញា (IP)៖ កម្មសិទ្ធិបញ្ញា (IP) ត្រូវតែដឹកនាំដោយតម្រូវការសុខភាពសាធារណៈ៖ ការប្រើប្រាស់ទាំងឡាយណាដែលមិនមែនជាពាណិជ្ជកម្ម មិនគួរបង្កើតកម្មសិទ្ធិបញ្ញាលើធនធាន ឬលទ្ធផលដែលត្រូវបានចែករំលែកជា សាធារណៈឡើយ នៅពេលដែលកម្មសិទ្ធិបញ្ញា កើតឡើងពីការប្រើប្រាស់ក្នុងវិស័យពាណិជ្ជកម្ម ការអនុញ្ញាតប្រើប្រាស់គួរតែត្រូវតែផ្តល់សិទ្ធិជូនអង្គការសុខ ភាពពិភពលោក (WHO) សម្រាប់ការចេញអាជ្ញាប័ណ្ណបន្ត ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយគ្មាន កម្មសិទ្ធិបញ្ញា ណាមួយគួររារាំងអ្នកដទៃពីការប្រើប្រាស់សម្ភារៈដែលបានចែករំលែកឡើយ។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានមានប្រសាសន៍ថាអ្វីដែលប៉ះពាល់ដល់សុខភាពសាធារណៈយើងនឹងបន្ដធ្វើ ហើយបើសិនជាយើងមិនឈានដល់ការជោគជ័យនិងការផ្លាស់ប្ដូរ ទទួលបានសេវាសុខភាពទេ យើងនឹងលំបាកព្រោះឆ្លងកាត់បទពិសោធន៍កូវីដយើងបានដឹងហើយថាម៉េច ។វ៉ាក់សាំងក៍រកឃើញហើយយើងក្រទទួលបាន ទាំងអស់គ្នាឆ្លេឆ្លារគ្រប់គ្នាដើម្បីធ្វើម៉េចឲ្យបានវ៉ាក់សាំង។ផលប៉ះពាល់នឹងមានតិចឬច្រើនទៅតាមហ្នឹង។

យ៉ាងណាតាមរយៈការតស៊ូមតិកន្លងមករបស់អង្គការមូលនិធិថែទាំសុខភាពអ្មកជំងឺអេដស៍ (AHF) ប្រចាំប្រទេសកម្ពុជា លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បន្ថែមថាខាងភាគីសហភាពអ៊ឺរ៉ុបមិនទាន់បានសម្រេចនៅ ឡើយទេ ប៉ុន្ដែតាមប្រទេសនីមួយៗស្ថានទូតខ្លះក៍បានឆ្លើយតបជាលាយលក្ខណ៍អក្សរ ជាការចូលរួមគាំទ្រអីចឹងយើងធ្វើពីជំហ៊ាននៃការគាំទ្រ។

មន្រ្ដីAHF បានឲ្យដឹងថាសំណើរទៅកាន់WHO នោះមិនមែនតែកម្ពុជាម្នាក់ទេ ប៉ុន្ដែគឺមានជាង៥០ប្រទេសផ្សេង ទៀត ដូចជាអាមេរិកឡាទីន អ៊ឺរ៉ុប និងអាស៊ីជាដើមដោយប្រទេសខ្លះបានដាក់ញាត្តិទៅជួបប្រធានាធិបតី ប្រ ទេសខ្លះដាក់ញាត្តិទៅជួបប្រធានសភារ និងខ្លះទៀតដាក់លិខិតទៅជួបសហភាពអ៊ឺរ៉ុប។

គួរបញ្ជាក់ថាកិច្ចព្រមព្រៀងស្តីពីជំងឺរាតត្បាតរបស់អង្គការសុខភាពពិភពលោក (WHO) ដែលត្រូវបានអនុម័តក្នុងខែឧសភា ឆ្នាំ២០២៥ មិនអាចឈានទៅមុខបានទេ បើគ្មានឧបសម្ព័ន្ធ ការចូលប្រើប្រាស់ និងការទទួលបានការចែករំលែកអត្ថប្រយោជន៍ សំណាកមេរោគ(PABS) ដែលនៅក្នុងឧបសម្ព័ន្ធមានចែងពីការគ្រប់គ្រងក្នុងការផ្តល់សំណាកភ្នាក់ងារមេរោគបង្ករជំងឺ និងទិន្នន័យហ្សែនត្រូវបានចែកអត្ថប្រយោជន៍ ដែលទទួលបាន រួមទាំងវ៉ាក់សាំង ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល ត្រូវបានប្រគល់ជូនវិញដោយស្មើភាព។

កិច្ចប្រជុំចរចារ នាពេលខាងមុខជាឱកាសចុងក្រោយដែលបានកំណត់ពេលដើម្បីបញ្ចប់នូវ កិច្ចព្រមព្រៀងអ្វីដែលគួរតែមាននូវក្នុងឧបសម្ព័ន្ធនេះ ដើម្បីអោយការចូលប្រើប្រាស់ និងកាអាចទទួលបានការចែករំលែកអត្ថប្រយោជន៍ សំណាកមេរោគ (PABS) ទទួលបានដោយសមធម៌ មុនពេលមានកិច្ច មហាសន្និបាត សុខភាពពិភពលោកក្នុងខែឧសភា មកដល់ ដែលជាពេលវេលាមួយដ៏សំខាន់ ខណៈពេលដែលបទប្បញ្ញត្តិ សមធម៌សំខាន់ៗផ្សេងៗដែលមាននូវក្នុងឧបសម្ព័ន្ធ មិនទាន់បានដោះស្រាយ។

បើគ្មានកិច្ចព្រមព្រៀងដ៏រឹងមាំ និងអាចអនុវត្តបាននោះទេ ពិភពលោកនឹងប្រឈមនឹងការបរាជ័យម្តងទៀតដូចដែលយើងធ្លាប់បានបរាជ័យក្នុងយុគ្គសម័យនៃជំងឺកូវីដ-១៩ ខណៈពេលដែលយើងមិនអាចទទួល បានដោយសមភាពនូវ ការប្រើប្រាស់មធ្យោបាយង្គ្រោះជីវិត ដែលបានបន្សល់ទុកអោយប្រទេសជាច្រើនប្រឈមមុខនឹងការរីករាលដាលនៃជំងីឆ្លងជាសកលនេះ។ លទ្ធផលនៃការចរចាទាំងនេះនឹងកំណត់ថាតើការឆ្លើយតបនៃជំងឺ រាតត្បាតនាពេលអនាគត បញ្ហាបន្ទាន់សុខភាពសាធារណៈ និងការព្រួយបារម្មណ៏ ជាសកល(PHEIC) និងក្នុងចន្លោះពេលមានការរីករាលដាលជំងឺជាសកលមួយពីមួយទៅមួយទៀត (interpandemic periods) ត្រូវបានជម្រុញដោះស្រាយដោយសមធម៌ទទួលសេវាសុខភាព និងកិច្ចសហប្រតិបត្តិការ ឬត្រូវបាន ពន្យារពេល ការមើលរំលង មិនដោះស្រាយ និងវិសមភាព៕
