Thursday, July 10, 2025
Homeព័ត៌មានជាតិផ្លោះរបងចំពេលសមត្ថកិច្ចមកដល់ ចាប់ខ្លួនមកសួរនាំ ទើបតែបានសម្រេចថ្មីៗ

ផ្លោះរបងចំពេលសមត្ថកិច្ចមកដល់ ចាប់ខ្លួនមកសួរនាំ ទើបតែបានសម្រេចថ្មីៗ

ភ្នំពេញ ៖ កម្លាំងល្បាតនៃកងអន្តរាគមន៍នគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យ ម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ដោយគាស់ចម្រឹងបង្អួចចូលលួចទ្រព្យសម្បត្តិ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុច ផ្ទះលេខ០៧ ផ្លូវKS០៣ បុរីពិភពថ្មីកួរស្រូវ៣ ស្ថិតក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ អ៊ុក គន្ធា ភេទប្រុស អាយុ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន មានលំនៅផ្ទះលេខ០៧ ផ្លូវKS០៣ ស្ថិតនៅភូមិ កណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ សាន សៀម ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នងភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចដកហូតវត្ថុតាង រួមមាន លិខិតឆ្លងដែន (កម្ពុជា) ចំនួន៣១ក្បាល, កូនសោចំនួន៥, ទួរណឺវីសចំនួន១, កុំព្យូទ័រម៉ាក ASUS ១គ្រឿង, កាបូបស្ពាយពណ៌ខ្មៅ១, ដែកជ្រុងចុងសំប៉ែត ស្រួច១, កាបូបតូចចំនួន២, ទូរស័ព្ទដៃម៉ាក OPPO ពណ៌ទឹកមាស ចំនួន១ ។

សមត្ថកិច្ចដដែលបានឱ្យដឹងទៀតថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៩ ព្រឹក ជនរងគ្រោះបានបិទទ្វារផ្ទះ ដោយចាក់សោទ្វារត្រឹមត្រូវ រួចចេញទៅខេត្តតាកែវ ដើម្បីចូលរួមពិធីបុណ្យសពបងប្អូនដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។ រហូតដល់វេលាម៉ោង១២ថ្ងៃត្រង់ ជនសង្ស័យបានមកធ្វើសកម្មភាពគាស់ចម្រឹងបង្អួចផ្ទះរបស់ជនរងគ្រោះផ្នែកខាងក្រោយ រួចលូនចូលទៅក្នុងផ្ទះ លួចយកកាបូបស្ពាយពណ៌ខ្មៅដែលនៅក្នុងកាបូបនោះ មានរបស់ទ្រព្យដូចរៀបរាប់ខាងលើ រួចចេញ មកវិញ ដោយផ្លោះរបងចេញមកខាងក្រៅ។

ខណៈនោះ ក៏មានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រលួស ជិះម៉ូតូ២គ្រឿង មានគ្នា៤នាក់ ល្បាតក្នុងភូមិសាស្ត្រ មកដល់ក៏បានឃើញជនសង្ស័យកំពុងផ្លោះរបង ក៏បានហៅឱ្យឈប់ត្រួតពិនិត្យ ឃើញមានវត្ថុតាងខាងលើ ក៏បានឃាត់ខ្លួនជនសង្ស័យយកមកសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព គាស់ចម្រឹងបង្អួចផ្ទះរបស់ជនរងគ្រោះ លួចយកទ្រព្យសម្បត្តិប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំកសាងសំណុំរឿងបញ្ចូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES