Thursday, July 10, 2025
Homeតារាខ្មែរកញ្ញាសុខ ពិសី នៅតែបន្តភាពស្ងៀមស្ងាត់ ១០ឆ្នាំ

កញ្ញាសុខ ពិសី នៅតែបន្តភាពស្ងៀមស្ងាត់ ១០ឆ្នាំ

សុខ ពិសី បានធ្លាយរឿងមានស្នេហាជាមួយលោកឡាយ សុខចំរើន ដែលជាថៅកែសាន់ដេ រយៈពេល១០ឆ្នាំមកហើយ តែរហូតមកដល់ពេលនេះ នាងនៅតែមិនព្រមសារភាពស្នេហ៍ឡើយ ខណៈដែលលោកថៅកែវិញបន្ដភាពស្ងាត់ស្ងៀម។

ទោះជាយ៉ាងណា នៅក្នុងចង្កោមអ្នកសិល្បៈតារាភាគច្រើន ពួកគេបានដឹងរឿងស្នេហារបស់ពិសី ហើយថែមទាំងជំរុញឲ្យនាងរៀបការឆាប់ៗទៀតផង ប៉ុន្តែពិសី មិនចាប់អារម្មណ៍អ្នកឲ្យយោបល់នោះទេ ទើបធ្វើឲ្យពេលនេះដំណឹងនៃការចូលរោងការរបស់តារាសាច់សខ្ចីរូបនេះ នៅតែគ្មានដំណឹងឡើយ បើទោះជាមុននេះ ពិសី ធ្លាប់បង្ហើបថា ឪពុករបស់នាង លោកសុខ ហេង ជំរុញឲ្យនាងរៀបការឆាប់ៗក្ដី។

ថ្វីត្បិតតែសុខ ពិសី បន្ដជ្រើសផ្លូវសាងស្នេហ៍ដោយលាក់លៀមក្ដី ប៉ុន្ដែរយៈពេលចុងក្រោយនេះ គេឃើញនាងបណ្ដើរលោកចំរើន ជាចំហនៅតាមបណ្ដាកម្មវិធីអ្នកសិល្បៈមួយចំនួន ដែលម្ចាស់កម្មវិធីស្និទ្ធស្នាលជាមួយនាង ដូចជា ខួបកំណើតកូនស្រីតារាចម្រៀងឆាយ វីរៈយុទ្ធ ជាដើម។

អ្នកទាំង២ ជិះរថយន្ដនិងញាំអាហារនៅតុជាមួយគ្នា ដូចគូស្នេហ៍តារាផ្សេងៗទៀតដែរ ប៉ុន្ដែពិសី ធ្លាប់និយាយថា សកម្មភាពទាំងនោះគ្មានអ្វីចម្លែកនោះទេ ព្រោះថៅកែផលិតកម្ម និងតារាចម្រៀងមានភាពស្និទ្ធស្នាលគ្នាជាចំហ គេចមិនផុត។ ប៉ុន្តែសម្រាប់តារារួមអាជីពនៅតែចាត់ទុកថា ទំនាក់ទំនងរវាងពិសី និងលោកចំរើន ខុសពីធម្មតា ពោលគឺជាគូស្នេហ៍ ដោយគ្រាន់តែពួកគេមិនចង់លាតត្រដាងប៉ុណ្ណោះ។

គេជឿថា សុខ ពិសី នឹងដើរតាមគន្លងតារាចម្រៀងឱក សុគន្ធកញ្ញា  ជាមិនខាន ដែលមិនយូរទេ នាងនឹងដឹកដៃគូស្នេហ៍ចូលរោងការ ហើយពិធីនោះដាច់ខាតត្រូវតែធ្វើធំដុំ មិនឲ្យចាញ់តារាចម្រៀងល្បីៗផ្សេងទៀតឡើយ។

ដោយឡែក ការពន្យារពេលសារភាពស្នេហ៍របស់សុខ ពិសី នៅពេលនេះ អាចជារឿងដែលនាងមិនចង់ឲ្យគេចាប់អារម្មណ៍លើរឿងស្នេហារបស់នាង ជាងអាជីពចម្រៀងតែប៉ុណ្ណោះ ស្របពេលដែលតារាមួយចំនួនទៀត រៀបការហើយ ច្រើនតែធ្លាក់កូដនោះ ក៏ធ្វើឲ្យពិសី កាន់តែរារែកចិត្តក្នុងការបង្ហាញរឿងស្នេហ៍ជាសាធារណៈ ឬដឹកដៃម្ចាស់ចិត្តចូលរោងការឆាប់ៗដែរ។

សុខ ពិសី នៅតែរះនៅសាន់ដេ បើទោះជានៅរដូវកូវីដ-១៩ នេះ នាងមិនសូវមានបទចម្រៀងល្បីៗដូចមុនក្ដី តែតារាចម្រៀងសម្រស់លេចធ្លោរូបនេះ ត្រូវប៉ាន់ក្ដោបបានស្ពតពាណិជ្ជកម្មធំៗជាបន្ដបន្ទាប់ ហើយមួយរយៈចុងក្រោយនេះ គេឃើញនាងបានងាកទៅរកស៊ីលក់ Collagen កាន់តែសម្រុកជាងមុនផងដែរ។

ពិសី ធ្លាប់និយាយថា នាងចង់ផ្ដោតលើអាជីពចម្រៀង និងការកស៊ីច្រើនជាងគិតលើរឿងស្នេហានិងរៀបការ។ នាងថា ឃើញអ្នករួមអាជីពរៀបការ នាងមានតែត្រេកអរជំនួសគេ ដែលគេរកគូឃើញ ចំណែករូបនាងវិញ មិនដឹងជាអាចធ្វើកូនក្រមុំដូចគេនៅពេលណាបានឡើយ៕                                                                                      ហ៊ឹម វិចិត្រ

RELATED ARTICLES