ខេត្តស្ទឹងត្រែង ៖ តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា ថ្មីៗនេះ ក្រុមឈ្មួញបានដើរបំផុសឱ្យប្រជាពលរដ្ឋចូលព្រៃកាប់ឈើ ដឹកមកលក់ឱ្យខ្លួន ហើយក្រុមឈ្មួញបានដើរប្រមូលទិញស្តុកទុកតាមក្បែរផ្ទះអ្នកស្រុកជាច្រើនកន្លែងនៅខាងកើតទន្លេសេកុង ស្ថិតក្នុងភូមិបានហួយ ឃុំសេកុង ស្រុកសៀមប៉ាង។

តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ថា មានឈ្មួញទៅពីខាងក្រៅបានដើរទិញឈើពីអ្នកភូមិ យកមកស្តុកទុកនៅតាមផ្ទះប្រជាពលរដ្ឋក្នុងភូមិ ដើម្បីរង់ចាំឱកាសល្អដឹកចេញពីស្រុកសៀមប៉ាង ទៅកាន់ខេត្តផ្សេង។ ឈើដែលអ្នកភូមិចូលព្រៃ កាត់ដឹកឱ្យឈ្មួញភាគច្រើនគឺជាប្រភេទឈើប្រណីតមានមុខកាត់ធំៗ និងមានអាយុកាលរាប់រយឆ្នាំ។

ប្រជាពលរដ្ឋបានឱ្យដឹងទៀតថា ឈើនោះត្រូវបានគេដឹកចេញពីតំបន់ព្រៃ ដែលមានចម្ងាយច្រើនគីឡូម៉ែត្រពីភូមិ ហើយយកមកលក់ឱ្យឈ្មួញ។ អ្នកភូមិបានចូលព្រៃ២ ទៅ៣ថ្ងៃ ទើបបានឈើយកមកលក់ឱ្យឈ្មួញ។

ពួកគាត់បាននិយាយទៀតថា បើសិនជាគ្មានឈ្មួញទៅរកទិញទេនោះ អ្នកភូមិក៏មិនចូលព្រៃកាប់ឈើដែរ ពីព្រោះថាមុខរបរនេះ គឺខុសច្បាប់។ ម៉្យាងទៀតមុននឹងដឹកចេញពីព្រៃ ក៏ត្រូវបង់ឱ្យសមត្ថកិច្ចអស់ជាច្រើនកន្លែងដែរ ទើបដឹកឈើចេញពីព្រៃមកលក់ឱ្យឈ្មួញរង់ចាំទិញនៅក្នុងភូមិ៕
