Thursday, July 10, 2025
Homeតារាខ្មែរថ្ងៃ១៩ កុម្ភៈ! មាស សុខសោភា ត្រៀមចេញឲ្យផ្អើលតែម្តង

ថ្ងៃ១៩ កុម្ភៈ! មាស សុខសោភា ត្រៀមចេញឲ្យផ្អើលតែម្តង

ភ្នំពេញ ៖ តារាចម្រៀងល្បី​ប្រចាំព្រះរាជាណាចក្រកម្ពុជា អ្នកនាង មាស សុខសោភា បានប្រកាសថា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នាងនឹងបង្ហាញមុខ ប្រកាសជាផ្លូវការនូវវត្តមានរបស់នាងនៅទ្រនំថ្មី គឺផលិតកម្ម រាម និងបង្ហាញបទចម្រៀងថ្មីរបស់នាង នៅផលិតកម្មនេះផងដែរ។

មាស សុខសោភា បានសរសេរក្នុងទំព័របណ្តាញសង្គម​ ហ្វេសប៊ុក របស់នាង នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ថា​ «បងប្អូនអ្នកគាំទ្រជាទីគោរពស្រលាញ់ ថ្ងៃនេះ នាងខ្ញុំសូមបកស្រាយនូវចម្ងល់របស់បងប្អូន ថាតើនាងខ្ញុំ នឹងចូលផលិតកម្មមួយណា? នាងខ្ញុំមាស សុខសោភាសូមបញ្ជាក់ជូនថា នាងខ្ញុំបានសម្រេចចូលផលិតកម្ម រាម ជាផ្លូវការ ហើយព្រឹត្តិការណ៍ស្វាគមន៍វត្តមានរបស់នាងខ្ញុំ នឹងធ្វើឡើងនៅថ្ងៃទី១៩ ខែកុម្ភៈ នៅ THE PREMIER CENTRE SENSOK  ក៏ជាថ្ងៃដែលនាងខ្ញុំនឹងបង្ហាញបទចម្រៀងថ្មីរបស់នាងខ្ញុំដូចគ្នា។

សូមបងប្អូនរង់ចាំទស្សនាព្រឹត្តិការណ៍ នាថ្ងៃទី១៩ ខែកុម្ភៈ ខាងមុខនេះ ដែលយើងខ្ញុំបានត្រៀមនូវការសម្តែងដ៏អស្ចារ្យមួយសម្រាប់បងប្អូន ដើម្បីជាចំណងដៃនិងអនុស្សារីយ៍ដែលមិនអាចបំភ្លេចបាន សម្រាប់នាងខ្ញុំ ក៏ដូចជាបងប្អូនអ្នកគាំទ្រ…»។

គួរកត់សម្គាល់ដែរថា មុនពេលប្រកាសបង្ហាញវត្តមាននៅទ្រនំផលិតកម្មថ្មី ខាងលើនេះ តារាចម្រៀងល្បី មាស សុខសោភា បានធ្វើឲ្យទស្សនិកជន អ្នកគាំទ្រ មានការភ្ញាក់ផ្អើល នៅក្នុងថ្ងៃខួបកំណើត គម្រប់ ៣៧ឆ្នាំ របស់នាង កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ជាមួយការបង្ហាញរូបភាពសិចស៊ី គួរឲ្យក្នាញ់។ ជាមួយនេះ មាស សុខសោភា បានយកថ្ងៃពិសេសរបស់នាង នៅឆ្នាំនេះ បើកសម្ពោធហាងថ្មីរបស់នាង «មាស សុខសោភា សម្រស់ធម្មជាតិ» ផងដែរ។

ពិធីខួបកំណើត និងសម្ពោធហាងថ្មី របស់មាស សុខសោភា មានការចូលរួមពីសិល្បករ-សិល្បការិនីរួមអាជីពជាច្រើន ហើយហាង «មាស សុខសោភា សម្រស់ធម្មជាតិ» នេះ ជាតំណាងចែកចាយផលិតផលរបស់ក្រុមហ៊ុន សម្រស់ធម្មជាតិ ដែលមានថៅកែស្រីឈ្មោះនួន សុន្ទរី ហៅស្រីអូន ដែលជាថៅកែផលិតកម្ម រាម ជាទ្រនំថ្មីរបស់តារាចម្រៀង មាស សុខសោភា ផងដែរ។

ទស្សនិកជនមួយចំនួន មើលឃើញថា ការដែលតារាចម្រៀង មាស សុខសោភា សម្រេចចេញពីផលិតកម្មថោន មកចូលផលិតកម្ម រាម ដោយរំលងផលិតកម្មធំ ហង្សមាស-រស្មីហង្សមាស នោះ ដោយសារនាងសម្លឹងឃើញ «ព្រួញមួយ បាញ់បានសត្វពីរ» ពោលគឺ ចូលផលិតកម្ម រាម ក្រៅពីផ្នែកចម្រៀង នាងអាចធ្វើអាជីវកម្មលក់ផលិតផលតាមអនឡាញ «មាស សុខសោភា សម្រស់ធម្មជាតិ» នេះផងដែរ។

គួរបញ្ជាក់ថា តារាចម្រៀង មាស សុខសោភា កើតនៅថ្ងៃទី២៩ ខែមករា ឆ្នាំ១៩៨៤ នៅខេត្តកំពង់ស្ពឺ (សព្វថ្ងៃអាយុ ៣៧ឆ្នាំ)។ មាស សុខសោភា ជាតារាចម្រៀងល្បីលំដាប់កំពូល ក្នុងប្រទេសកម្ពុជា ដែលមានទឹកដមសំឡេងពីរោះ ស្រទន់។ មាស សុខសោភា មានស្វាមី ជាអាណិកជនខ្មែរ នៅកាណាដា ដែលនាងបានអះអាងថា ធ្លាប់បានរៀបការតាមបែបសាសនាគ្រិស្ត បំពាក់ចិញ្ចៀននៅព្រះវិហារ។

ចំណែកគម្រោងរៀបការតាមប្រពៃណីខ្មែររបស់នាង មកដល់ពេលនេះ មិនត្រូវបាននាងអើពើនោះទេ បន្ទាប់ពីបានលុបចោលកាលពីប៉ុន្មានឆ្នាំមុន ដែលមិត្តរួមអាជីពមួយចំនួនថា ដោយសារហេតុផលខ្លាចរៀបការរួច ធ្លាក់កូដ ហៅលែងឮ និងណាមួយនាងសំអាងលើការបានរៀបការនៅក្រៅប្រទេស ម្តងរួចទៅហើយ៕ 

RELATED ARTICLES