Thursday, July 10, 2025
Homeតារាខ្មែរកញ្ញាធា រ៉ានី ខឹងគេជំពាក់លុយមិនសង ចេញបទ ”នឹកអ្នកជំពាក់លុយ”

កញ្ញាធា រ៉ានី ខឹងគេជំពាក់លុយមិនសង ចេញបទ ”នឹកអ្នកជំពាក់លុយ”

តារាចម្រៀងធា រ៉ានី បានចេញបទថ្មីរបស់ខ្លួន មានចំណងជើងថា ”នឹកអ្នកជំពាក់លុយ” ដែលបទនេះ នាងថា ត្រូវសាច់រឿងផ្ទាល់ខ្លួនរបស់នាងតែម្ដង ព្រោះតែមួយរយៈនេះ នាងមានអារម្មណ៍ស្មុគស្មាញច្រើនដោយសារតែមានអ្នកខ្ចីលុយហើយ មិនព្រមសងតាមការសន្យាឡើយ។

រ៉ានី ថា បទនេះចេញនៅផលិតកម្មហ្គោលហើយ តែថៅកែផលិតកម្មដឹងថា នាងមិនសូវសប្បាយចិត្តព្រោះតែរឿងអ្នកជំពាក់លុយមិនសងនោះ ទើបខាងផលិតកម្មចេញបទនេះឲ្យនាងច្រៀងតែម្ដង ដោយសង្ឃឹមថា កូនបំណុលទាំងឡាយនឹងដឹងខ្លួន មកទូទាត់ប្រាក់សំណងនោះជាមិនខាន ក្រោយឮបទនេះ។

ស្រីស្រស់រ៉ានី បានឲ្យដឹងដែរថា បទ ”នឹកអ្នកជំពាក់លុយ” នេះ មិនមែនត្រូវតែសាច់រឿងនាងម្នាក់ទេ ប៉ុន្ដែចំរឿងមនុស្សច្រើននាក់ ព្រោះថា ម្ចាស់បំណុល គេមិនដែលភ្លេចលុយគេទេ ហេតុនេះហើយសូមអ្នកជំពាក់លុយទាំងឡាយ ចងចាំថា ពេលខ្ចីលុយនិងសងលុយឲ្យដូចគ្នាផង។

ធា រ៉ានី  មិនបញ្ជាក់ថា លុយដែលនាងឲ្យគេខ្ចីមានចំនួនប៉ុន្មានទេ ដែលគេមិនព្រមសងនោះ តែនាងថា មានច្រើននាក់ដែរ ដែលពេលត្រូវសងនាងវិញ បែរជាពួកគេធ្វើភ្លេច ឬព្រងើយកន្ដើយដាក់នាងទៅវិញ។ នាងថា សកម្មភាពបែបនេះហើយ បានជាកន្លងមកឃើញម្ចាស់បំណុលខ្លះក្ដៅចិត្ត គេមិនសងលុយទៅតាមសន្យា ផុសផ្អើលពេញហ្វេសប៊ុកក៏មាន តែនាងមិនទាន់ដល់ដំណាក់កាលនោះទេ គ្រាន់តែការចេញបទ ”នឹកអ្នកជំពាក់លុយ” នេះជាសារមួយផ្ដាំទៅអ្នកខ្ចីលុយគេទាំងឡាយផងថា ម្ចាស់គេនឹកខ្លាំងណាស់ កាលណាយកមកសង?

ក្រៅពីចេញបទ ”នឹកអ្នកជំពាក់លុយ” នេះ ធា រ៉ានី ក៏បានចេញបទ ”ទៅរកសង្សារចាស់បងវិញចុះ” ដែលទាំងនេះជាបទថ្មីៗរបស់នាងនៅផលិតកម្មហ្គោល បន្ទាប់ពីនាងស្ងប់ស្ងាត់មួយរយៈ ដោយសារតែកូវីដ-១៩ មិនហ៊ានចេញបទចម្រៀង។

ធា រ៉ានី ល្បីបទ ”អូនដឹង” ដែលតារាចម្រៀងមានស្រុកកំណើតនៅខេត្តស្វាយរៀង ដូចអ្នកនាងសួស វីសា នេះ ទទួលបានការគាំទ្រច្រើនហើយ ធ្វើឲ្យពេលនេះនាងចេញច្រៀងសម្ដែងតាមបណ្ដាស្ថានីយទូរទស្សន៍ និងកម្មវិធីផ្សេងៗ ព្រមទាំងសន្សំប្រាក់បានបើកហាងសាឡន ផ្ទាល់ខ្លួនផងដែរ៕

RELATED ARTICLES