ខេត្តកណ្តាល ៖ បុរសវ័យចំណាស់ជាអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវបានជនសង្ស័យជាមនុស្សស្រីចរតិប្រុសម្នាក់ប្រើល្បិចហៅម៉ូតូឌុបជិះ ដឹកទៅដល់កន្លែងស្ងាត់ ក៏ធ្វើសកម្មភាពដកកាំបិតចាក់គំរាមប្លន់យកម៉ូតូ និងទូរស័ព្ទបានសម្រេច រួចព្យាយាមរត់គេចខ្លួនដែរ តែរត់មិនរួច ក៏ត្រូវសមត្ថកិច្ចស្ទាក់ចាប់ក្របួចជាប់នាំយកទៅចាត់ការតាមច្បាប់។
ករណីចាក់ប្លន់ម៉ូតូឌុបខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩ និង២០នាព្រីក ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្លូវក្រាលក្រួសក្រហម១ខ្សែ (ផ្លូវចុះទៅវត្តក្រពើហា) ស្ថិតនៅខាងក្រោយភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល។

បុរសរងគ្រោះដែលត្រូវជនសង្ស័យចាក់ប្លន់យកម៉ូតូ មានឈ្មោះហឿន អ៊ូច អាយុ៤៩ឆ្នាំ មុខរបររត់ម៉ូតូឌុប មានលំនៅសព្វថ្ងៃ ភូមិកងតាណឹងទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។ ចំណែកសង្ស័យ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះណាក់ រតនា ហៅចាន់នី ភេទស្រី (ចរិតប្រុស) អាយុ១៧ឆ្នាំ មុខរបរកសិករ មានលំនៅសព្វថ្ងៃ ភូមិជ្រៃ ឃុំជ្រៃ ស្រុកអញ្ចោក៣ ខេត្តបាត់ដំបង។
រីឯវត្តុតាងចាប់យក រួមមាន ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៩ ឡើងតែម២០១៦ ពាក់ស្លាកលេខភ្នំពេញ 1AQ-0342 ចំនួន១គ្រឿង និងកូនកាំបិតចិតបន្លែ ដងឈើប្រវែង២៣សង់ទីម៉ែត្រ ដងប្រវែង១១សង់ទីម៉ែត្រ ទំហំដង៥សង់ទីម៉ែត្រ ផ្លែពណ៌សប្រវែង ១២សង់ទីម៉ែត្រ ទទឹងផ្លែ២សង់ទីម៉ែត្រចំនួន១។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលជនរងគ្រោះកំពុងឈប់ចាំម៉ូយសុខៗ ក៏លេចមុខជនសង្ស័យជាមនុស្សស្រី តែចរិតប្រុសម្នាក់ (ជនសង្ស័យខាងលើ) បានដើរចូលមកហៅម៉ូតូឌុបជិះ។ លុះបន្ទាប់ពីតថ្លៃគ្នាត្រូវ ជនរងគ្រោះក៏យល់ព្រមដឹកជនសង្ស័យធ្វើដំណើរតាមផ្លូវក្រាលក្រួសក្រហម១ខ្សែ ស្រាប់តែមកដល់ត្រង់ចំណុចកើតហេតុ ដែលមានសភាពស្ងាត់ ជនសង្ស័យក៏បានដកយកកូនកាំបិតដែលខ្លួនបានលាក់ទុករួចជាស្រេច មកធ្វើសកម្មភាពចាក់គំរាមជនរងគ្រោះជាអ្នករត់ម៉ូតូឌុប ប្លន់យកបានទូរស័ព្ទ១គ្រឿង និងម៉ូតូ ១គ្រឿង ជិះរត់គេចខ្លួន តែភ្លាមៗនោះជនរងគ្រោះស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗ។

ប្រភពដដែលបន្តថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ កម្លាំងសមត្ថកិច្ចក៏បានចេញពួនស្ទាក់ឃ្លាំមើល ទើបប្រទះឃើញភិនភាគជនសង្ស័យ ក៏ឃាត់ខ្លួននាំយកមកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកកូនកាំបិតចាក់គំរាមប្លន់យកម៉ូតូ និងទូរស័ព្ទរបស់ជនរងគ្រោះប្រាកដមែន។

ជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្ត តាមនីតិវិធី៕