ខណៈដែលវ៉ាក់សាំងនឹងមកដល់កម្ពុជា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេច ហ៊ុន សែន បានប្រកាសថា សម្តេច និងមន្ត្រីជាន់ខ្ពស់ នឹងចេញទៅចាក់វ៉ាក់សាំង លើកលែងតែសម្តេច ទៀ បាញ់ ម្នាក់ប៉ុណ្ណោះ ដែលបានចាក់វាក់សាំងនេះមុនគេ។
សម្តេច ហ៊ុន សែន បានបង្ហោះសារថា “បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! វ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនតាមរយៈក្រសួងការពារជាតិចិនមកកាន់ក្រសួងការពារជាតិកម្ពុជានឹងដឹកមកដល់កម្ពុជាចំនួន៦០ម៉ឺនដូសនៅល្ងាចថ្ងៃអាទិត្យទី៧កុម្ភៈ២០២១ដែលជាដំណាក់កាលដំបូងនៃជំនួយចំនួន១លានដូស។

ម៉ោង៨និង៣០នាទីថ្ងៃទី១០កុម្ភៈ២០២១ ដំណើរការចាក់វ៉ាក់សាំងនឹងចាប់ផ្តើមជាផ្លូវការនៅមន្ទីរពេទ្យកាល់ម៉ែត្រដែលខ្លួនខ្ញុំនឹងទទួលមុនគេជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត លើកលែងតែ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលគាត់បានចាក់វ៉ាក់សាំងនេះរួចហើយ។
ការចាក់វ៉ាក់សាំងនេះនឹងមានការផ្សាយផ្ទាល់និងបន្ទាប់ពីចាក់រួចខ្ញុំនឹងធ្វើសន្និសីទសារព័ត៌មាននៅមន្ទីរពេទ្យកាល់ម៉ែត្រតែម្តង។
សូមជំរាបជូនបន្ថែមថា ថ្ងៃនេះជាខួបមួយឆ្នាំនៃដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន(៥ កុម្ភៈ ២០២០ -៥កុម្ភៈ ២០២១)ដែលជាទស្សនកិច្ចមានអត្ថន័យដ៍ជ្រាលជ្រៅនៃចំណង

មិត្តភាព សាមគ្គីភាពក្នុងដំណាក់កាលដែលប្រទេសចិនកំពុងផ្ទុះឡើងនៃជម្ងឺកូរ៉ូណា ដែលក្រោយនេះហៅថាកូវីដ១៩ ដែលពេលនោះខ្ញុំបានប្រើពាក្យថា(ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)។
សូមអរគុណ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង ឯកឧត្តមនាយករដ្ឋមន្ត្រី លី កឺឈាង និងថ្នាក់ដឹកនាំចិនផ្សេងទៀតដែលបានទទួលរូបខ្ញុំនិងគណប្រតិភូ ជាពិសេសបានជួយដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសចិនរាប់ទាំងនៅទីក្រុងវូហានផងអោយជៀសផុតពីជម្ងឺឆ្លងនិងទទួលបាននូវការសិក្សាប្រកបដោយសុវត្ថិភាពនៅក្នុងប្រទេសចិនជាមិត្ត”។

គួបញ្ជាក់ថា កាលពីថ្ងៃទី៣ខែកុម្ភៈ ឆ្នាំ២០២១ រថយន្តដឹកវ៉ាក់សាំង ចំនួន២គ្រឿង បានមកដល់ប្រទេសកម្ពុជាហើយ ដោយឡែក វ៉ាក់សាំងចំនួន៦០ម៉ឺនដូស ដែលជាជំនួយរបស់ប្រទេសចិន ដំណាក់កាលទី១ នឹងមកដល់នៅល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១៕