Wednesday, July 9, 2025
Homeព័ត៌មានជាតិផឹក១កេស អស់ជិត៣០០ដុល្លារ ភ្ញៀវឡាំប៉ា ម្ចាស់ហាងសួរ "អត់មានលុយឱ្យថ្លៃផឹកស៊ីមែន?"

ផឹក១កេស អស់ជិត៣០០ដុល្លារ ភ្ញៀវឡាំប៉ា ម្ចាស់ហាងសួរ “អត់មានលុយឱ្យថ្លៃផឹកស៊ីមែន?”

ភ្នំពេញ ៖ ភ្ញៀវមួយក្រុម បាននាំគ្នាចូលទៅផឹកស៊ីនៅក្នុងហាងមួយកន្លែង លុះផឹកស៊ីចប់ អស់ស្រាបៀរ ចំនួន១កេស ហៅម្ចាស់ហាងគិតលុយចង់ដាច់ផ្ងារ ដោយសារអស់ថ្លៃដល់ទៅជិត៣០០ដុល្លារ ជាហេតុធ្វើឱ្យមានការឈ្លោះប្រកែកគ្នាបែកផ្សែងទាំងកណ្តាលយប់ រវាងម្ចាស់ហាងផឹកស៊ីនិងភ្ញៀវ រហូតផ្អើលដល់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៤និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចហាងផឹកស៊ី អត់មានយីហោមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីស្ត្រីម្នាក់ ដែលជាក្រុមភ្ញៀវចូលមកផឹកស៊ីនៅហាងខាងលើ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានចូលផឹកស៊ីក្នុងហាងមួយកន្លែងខាងលើ ដោយគាត់បានមកផឹកស៊ីជាមួយប្តីជាជនជាតិចិន និងបងប្អូនផ្សេងទៀត ប្រមាណ៣ទៅ៤នាក់ ដោយផឹកស្រាបៀរ១កេស ស្រាប់តែគិតលុយអស់២៧៧ដុល្លារ។

ស្ត្រីជាភ្ញៀវរូបនេះ បញ្ជាក់ថា ដោយសារឃើញគិតលុយអស់ច្រើនពេក គាត់ក៏សួរនាំទៅម្ចាស់ហាង ដោយម្ចាស់ហាងបានបញ្ជាក់ថា តម្លៃស្រាផ្សេងនិងតម្លៃម្ហូបផ្សេង ហើយគាត់ក៏សុំម្ចាស់ហាងឱ្យបញ្ចុះតម្លៃខ្លះ ដោយខាងម្ចាស់ហាងបានបញ្ចុះតម្លៃមកត្រឹម​១៦០ដុល្លារ។ ពេលនោះ ដោយមិនអស់ចិត្ត គាត់ក៏បានឈ្លោះប្រកែកគ្នាជាមួយក្រុមគ្រួសារនៅក្នុងហាង ស្រាប់តែស្ត្រីជាម្ចាស់ហាងបានសួរគាត់ថា “អត់មានលុយឱ្យថ្លៃផឹកស៊ីមែន?” ជាហេតុធ្វើឱ្យកើតមានជម្លោះបែកផ្សែង រវាងពួកគាត់ជាភ្ញៀវនិងម្ចាស់ហាងតែម្តង។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា បន្ទាប់មក ស្ត្រីជាម្ចាស់ហាង ព្រមទាំងបុគ្គលិកស្រីៗ បានឈ្លោះគ្នាយ៉ាងខ្លាំងជាមួយស្ត្រីជាភ្ញៀវ ហើយក៏មានការស្រែកទ្រហោយំយ៉ាងខ្លាំង និងចោទប្រកាន់ដាក់គ្នាទៅវិញទៅមក ដោយស្ត្រីជាភ្ញៀវបានចោទប្រកាន់ថា ម្ចាស់ហាងមើលងាយខ្លួន ចំណែកម្ចាស់ហាងបានចោទស្ត្រីជាភ្ញៀវនោះថា មើលងាយនារីៗដែលជាបុគ្គលិកហាងទៅវិញ។

ប្រភពដដែល បញ្ជាក់ថា ក្នុងហេតុការណ៍ខាងលើនេះដែរ ក៏មានអ្នកសារព័ត៌មានម្នាក់ បានចុះមកថត និងដកវិទ្យុទាក់ទងមកនិយាយ ដើម្បីហៅសមត្ថកិច្ចឱ្យមកជួយអន្តរាគមន៍ ស្រាប់តែបុគ្គលិកនៅក្នុងហាងនោះ ស្មានតែដកកាំភ្លើង ក៏នាំគ្នាដេញ ធ្វើឱ្យអ្នកសារព័ត៌មានរូបនោះភ័យរត់ចេញទៅប្តឹងដល់ប៉ុស្តិ៍នគរបាលតែម្តង។ លុះពេលសមត្ថកិច្ចមកដល់ ស្ត្រីជាភ្ញៀវបានឱ្យលុយថ្លៃផឹកស៊ីរួចទៅហើយ។

ក្រោយពេលកើតហេតុ បន្ទាប់ពីសមត្ថកិច្ចចុះមកសាកសួរ ទើបដឹងថា ករណីខាងលើនេះជាការយល់ច្រឡំរវាងភាគីទាំងពីរតែប៉ុណ្ណោះ៕

RELATED ARTICLES