Wednesday, July 9, 2025
Homeព័ត៌មានជាតិបង្គាចាក់ចាហ៊ួយ សមត្ថកិច្ចបង្ក្រាបនៅទីតាំងលក់គ្រឿងសមុទ្រត្រឡោកបែក

បង្គាចាក់ចាហ៊ួយ សមត្ថកិច្ចបង្ក្រាបនៅទីតាំងលក់គ្រឿងសមុទ្រត្រឡោកបែក

ភ្នំពេញ ៖ មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប” សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ បានបើកប្រតិបត្តិការបង្ក្រាបករណីការនាំចូលបង្គាក្លាស្សេមានចាក់បញ្ជូលចាហ៊ួយបន្ថែម ដើម្បីបង្កើនទម្ងន់ ដែលធ្វើឱ្យខាតបង់ផលប្រយោជន៍អ្នកប្រើប្រាស់ និងអាចប៉ះពាល់ដល់សុខភាព សរុបជាង៦តោន នៅលើរថយន្ត២គ្រឿង។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញពី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់ និងដោយមានការបញ្ជាផ្ទាល់ពីលោកផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប” ព្រមទាំងមានការសម្របសម្រួលពីតំណាងអយ្យការផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តមួយគ្រឿង ស្ទាក់ចាប់បាននៅតាមបណ្តោយផ្លូវជាតិលេខ៣ ម្តុំទំនប់៧មករា និងរថយន្តមួយគ្រឿងទៀត ត្រូវបានស្ទាក់ចាប់នៅម្តុំទីតាំងលក់គ្រឿងសមុទ្រត្រឡោកបែក។ ភ្លាមៗមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប បានធ្វើតេស្តបឋម លើបង្គាក្លាស្សេ ដែលមានផ្ទុក ក្នុងរថយន្តទាំង២គ្រឿងខាងលើ នឹងបានរកឃើញមានការចាក់បញ្ជូលបន្ថែមចាហ៊ួយពិតប្រាកដមែន។

តាមការអះអាងបឋមពីអ្នកបើកបររថយន្តដឹកទំនិញទាំង២គ្រឿងនេះ បានឱ្យដឹងថា បង្គាក្លាស្សេ សរុប៣០៧កេស បរិមាណប្រហែល៦តោនជាង មានប្រភពនាំតាមច្រកទ្វារអន្តរជាតិព្រែកចាក និងពុំមានឯកសារភ្ជាប់មកជាមួយទេ។

ដោយមានការឯកភាពពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ រថយន្ត និងវត្ថុតាង ត្រូវបានបញ្ជូនមកអគ្គនាយកដ្ឋាន ក.ប.ប ដើម្បីបន្តចាត់ការតាមនីតិវិធី៕

RELATED ARTICLES