ខេមរៈ សិរីមន្ដ ដែលធ្លាប់តែច្រៀងស្រែកខ្លាំងៗនោះ ពេលនេះបានឈានមួយជំហានទៀត តាមរយៈការលូកចូលទៅច្រៀងបទជាចង្វាក់រ៉េប បែបHip Hob វិញម្ដង ដែលចេញបទចុងក្រោយ ”ហួសសម័យ” និពន្ធទំនុកច្រៀងដោយលោកខេមរៈ ភារុណ ជាបងប្រុសរបស់លោកតែម្ដង។

បទមួយនេះមានការជជែកគ្នាជាច្រើនពីអ្នកជំនាញច្រៀងរ៉េប ដោយមានការយល់ឃើញខុសៗគ្នា អ្នកខ្លះថា សិរីមន្ដ តាំងពីទៅហង្សមាស បទចម្រៀងមិនសូវមានគុណភាពដូចកាលនៅសាន់ដេ និងខ្លះទៀតថា លោកសិរីមន្ត ច្រៀងរ៉េប ស្ដាប់មិនបាន គឺញាប់ពេក មិនដឹងថានិយាយថាម៉េចឡើយ។
នៅលើបណ្ដាញសង្គម Tik Tok ឯណោះវិញ គេយកបទ ”ហួសសម័យ” ទៅ Troll កាន់តែច្រើន ហើយម្នាក់ៗផ្តោតសំខាន់ពេលសិរីមន្ដ រ៉េបញាប់ពេកនោះតែម្ដង ដោយស្ទើរតែគ្រប់គ្នានិយាយថា មិនដឹងសិរីមន្ដ រ៉េបនោះជាពាក្យពេចន៍អ្វីទេ ស្ដាប់មិនទាន់ ឬស្ដាប់មិនបាន ជាដើម។

អ្នកខ្លះទៀតបានបន្ទោសទៅលើហង្សមាស ដែលធ្វើបទចម្រៀងឲ្យសិរីមន្ដ ច្រៀងរ៉េបខុសបច្ចេកទេស មិនដូចអ្នករ៉េបអាជីព ខណៈដែលខ្លះទៀតថា គួរតែធ្វើបទប៉ារ៉ូលខ្ពស់ៗឲ្យសិរីមន្ដ ច្រៀងដូចកាលនៅសាន់ដេ វិញទៅ។
ជុំវិញរឿងនេះដែរ លោកខេមរៈ ភារុណ ជាអ្នកនិពន្ធនំនុកច្រៀងបទ ”ហួសសម័យ” និងជាបងប្រុស ឬទីប្រឹក្សារបស់ខេមរៈ សិរីមន្ដ នោះ បានឲ្យដឹងថា ការរ៉េបលឿននោះ គឺធ្វើដើម្បីកុំឲ្យអ្នកណាអាចធ្វើបានដូចសិរីមន្ដ។

លោកភារុណ ថា ការរ៉េបបែបលឿននេះ នៅបរទេស គេមានយូរហើយ តែសិរីមន្ដ ច្រៀងរ៉េបនេះ មិនមែនដំបូងទេ គឺបានធ្វើជាញឹកញាប់ដែរហើយ។ ចំពោះការដែលគេថា សិរីមន្ដ រ៉េបលឿនពេក អ្នកខ្លះស្ដាប់មិនបាននោះ នេះជាបច្ចេកទេសនៃការច្រៀងរ៉េបទេ។ លោកថា ធ្វើបទនេះអីចឹងដើម្បីកុំឲ្យគេចេះតែធ្វើតាម ឬដូចបាន ហើយលោកថា អត់មានបញ្ហាចោទទេ ព្រោះនៅបរទេស គេរ៉េបបែបលឿនអីចឹង។
លោកភារុណ បន្ថែមថា សិរីមន្ដ ចេញបទរ៉េបថែមទៀត ឬយ៉ាងណា នៅពេលខាងមុខនេះ គឺអាស្រ័យទៅលើគោលការណ៍របស់ផលិតកម្មហង្សមាស ហើយសម្រាប់លោកជាអ្នកនិពន្ធ គឺចង់ធ្វើបទចម្រៀងឲ្យសិរីមន្ដ ច្រៀងឲ្យបានគ្រប់រសជាតិតែម្ដង។

ថ្វីត្បិតតែអ្នកខ្លះថាខេមរៈ សិរីមន្ដ ច្រៀងរ៉េបមិនកើត ព្រោះស្ដាប់មិនបានមែន ប៉ុន្ដែតាំងពីលោកសិរីមន្ត និងព្រាប សុវត្ថិ ចាប់ផ្ដើមវាយលុយទីផ្សារចម្រៀងរ៉េប មក ធ្វើឲ្យអ្នកចម្រៀងរ៉េប ដូចជា លោកវណ្ណដា, ងួន ចាន់ដេវីត និងខ្មែរមួយជីវិត ជាដើម ហាក់ច្របូកច្របល់ រហូតដល់មានអ្នកលេងបណ្ដាញសង្គម បានលើកឡើងថា សុំកុំឲ្យសិរីមន្ដ និងកំពូលតារាចម្រៀងព្រាប សុវត្ថិ ចេញបទរ៉េបថែមទៀត ព្រោះខ្លាចតារាចម្រៀងរ៉េបផ្សេងៗទៀត ដាច់បាយទៀតផង។

ខេមរៈ សិរីមន្ដ កាន់តែមានសង្ឃឹមយ៉ាងមុតមាំថា នឹងឡើងទៅអង្គុយកៅអីព្រាប សុវត្ថិ ដែលនៅទំនេរនៅហង្សមាស ក្រោយពីលោកសិរីមន្ត ផ្ទុះបទ ”ពឺតៗ” ធ្វើឲ្យតារាទាំងឡាយនៅហង្សមាស មិនអាចទប់ទល់ជាប់នោះ។

ប៉ុន្ដែអ្នកជំនាញសិល្បៈ លោកនូ ស៊ិប បានលើកឡើងថា គិតមកត្រឹមដើមឆ្នាំ២០២១នេះ ខេមរៈ សិរីមន្ដ មិនទាន់អាចវ៉ាព្រាប សុវត្ថិ បានឡើយ ព្រោះតាំងពីព្រាប សុវត្ថិ ចេញពីហង្សមាស ចូល Galaxy នោះ ពេលនេះលោកក៏មិនទាន់ធ្លាក់ចុះដែរ។

ទស្សនិកជនចាប់អារម្មណ៍ផងដែរថា នៅដើមឆ្នាំ២០២១នេះ ខេមរៈ សិរីមន្ដ បានតែងខ្លួនប្លែកៗជាងមុន ហើយលោកកាន់តែប្រឹងលើកស្ទួយភរិយាកូន៣ អ្នកស្រីគួយ ផល្លី កាន់តែខ្លាំងផងដែរ តាមរយៈការឲ្យដឹកនាំសម្ដែង MV របស់លោកផ្ទាល់តែម្ដង៕
ហ៊ឹម វិចិត្រ