ខេត្តស្វាយរៀង ៖ បុរសម្នាក់បានរាយខ្សែភ្លើងចេញពីផ្ទះ ដើម្បីឱ្យឆក់សត្វគោក្របីដែលចេះតែចូលមកស៊ីស្រូវនៅស្រែរបស់ខ្លួន ដែលនៅជាប់ផ្លូវជាញឹកញាប់ ស្រាប់តែចៃដន្យអាក្រក់ មិនឆក់គោ បែរជាឆក់មនុស្ស បណ្តាលឱ្យស្ត្រីម្នាក់ដួលសន្លប់បាត់មាត់ឈឹង ទីបំផុតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបុរសខាងលើ នាំយកទៅចាត់ការតាមច្បាប់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចភូមិព្រៃជ័រ ឃុំម្រាម ស្រុករមាសហែក។

សមត្ថកិច្ចស្រុករមាសហែក បានឱ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះស្តើង សឿង អាយុ៥៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិព្រៃជ័រ ឃុំម្រាម ស្រុករមាសហែក។ ចំណែកស្ត្រីរងគ្រោះមានឈ្មោះពេញ អិត អាយុ៤៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។
តាមស្ត្រីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា មុនកើតហេតុ គាត់បានវិលត្រលប់មកពីបូមទឹកដាក់ក្នុងស្រែ ខាងជើងផ្ទះ ខណៈនោះស្រាប់តែបានដើរទាក់ខ្សែលួស បណ្តាលឱ្យឆក់ដួលសន្លប់ សំណាងល្អត្រូវបានក្រុមគ្រួសារដឹកទៅព្យាបាលនៅមណ្ឌលសុខភាពម្រាម ទាន់ពេល។

បន្ទាប់ពីចុះធ្វើការស្រាវជ្រាវទើបដឹងថា ខ្សែលួសនេះ ត្រូវបានជនសង្ស័យឈ្មោះស្តើង សឿង ជាម្ចាស់ស្រែ ជាអ្នករាយ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យ នាំយកមកសាកសួរ។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរាយខ្សែលួស អែបចិញ្ចើមថ្នល់ ដោយតភ្ជាប់ព្រីភ្លើងចេញពីផ្ទះ ដើម្បីឱ្យឆក់សត្វគោក្របី ដែលចូលមកស៊ីស្រូវនៅស្រែរបស់ខ្លួន ទើបមានបញ្ហាខាងលើកើតឡើងតែម្តង។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំមកសាកសួរបន្តនៅប៉ុស្តិ៍រដ្ឋបាលឃុំ និងបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលស្រុករមាសហែក ដើម្បីចាត់ការបន្តតាមច្បាប់៕