Wednesday, July 9, 2025
Homeតារាខ្មែរពេជ្រ សោភា បង្ហាញអារម្មណ៍បែបនេះ នៅពេលព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត ចេញបទរ៉េប

ពេជ្រ សោភា បង្ហាញអារម្មណ៍បែបនេះ នៅពេលព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត ចេញបទរ៉េប

ពេជ្រ សោភា ដែលជាតារាចម្រៀងឈរជើងនៅហង្សមាស ជាង១៥ឆ្នាំ និងធ្លាប់ចេញបទជាចង្វាក់រ៉េប បែប Hip Hob ជាច្រើនបទនោះ បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការដែលលោកព្រាប សុវត្ថិ ចេញបទរ៉េបដំបូង ”Gang Gang” និងខេមរៈ សិរីមន្ដ ចេញបទ ”ហួសសម័យ” នៅដើមឆ្នាំ២០២១នេះ។

សោភា បានឲ្យដឹងថា នេះគឺជាការវិវត្តន៍ថ្មីមួយទៀតសម្រាប់តារាប្រុសល្បីឈ្មោះទាំង២ដួង ហើយរូបនាងក៏បានតាមដានរឿងនេះ ដែរ។

ឆ្លើយតបសំណួររបស់អ្នកយកព័ត៌មានយើងថា តើការច្រៀងរ៉េបរវាងតារាចម្រៀងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ មួយណានាងពេញចិត្តជាងនោះ? សោភា ​បានអះអាងថា នាងពេញចិត្តទាំង២តែម្ដង។

សោភា បន្ថែមថា បទលោកព្រាប សុវត្ថិ “Gang Gang“ នោះប៉ារ៉ូលថ្មី ភ្លេងថ្មី ប្លែក ហើយនាងចាប់អារម្មណ៍មែនទែនសម្រាប់ការច្រៀងរ៉េបរបស់កំពូលតារាចម្រៀងរូបនេះ។

សោភា នៅតែថា នាងជាតារាចម្រៀងដែលតោងកាលីពលោកព្រាប សុវត្ថិ អំឡុងពេលដែលបានរួមការងារជាមួយគ្នានៅហង្សមាស ជាង១០ឆ្នាំ ហើយតាមនាងដឹង នេះមិនមែនជាលើកទី១ទេ ដែលព្រាប សុវត្ថិ ច្រៀងរ៉េបនោះ ព្រោះកាលនៅហង្សមាស ឆ្នាំមុនគាត់ក៏ធ្លាប់ច្រៀងបទ ”ចិត្តព្រៃផ្សៃ” ជាចង្វាក់រ៉េបនេះដែរ។

ដោយឡែក លោកខេមរៈ សិរីមន្ដ ចេញបទ ”I’m Not The Gang” និង ”ហួសសម័យ” នោះ​សោភា ថា បទទី១ ល្អជាងបទទី២ តែសុទ្ធតែមានការទាក់ទាញខ្លាំងណាស់ ហើយរវាងលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ពេលច្រៀងបទរ៉េបចេញដំណាលគ្នាបែបនេះ គឺពិតជាទាក់ទាញខ្លាំង ធ្វើឲ្យទីផ្សារបទរ៉េបកក្រើក ហើយនេះជាពេលវេលាមួយដែលពួកគាត់គិតថា គួរតែចេញដើម្បីឲ្យអ្នកគាំទ្ររបស់គាត់ទាំង២ បានឃើញឆ្នាំថ្មីស្នាដៃថ្មី។

សោភា ថា ទាំងលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ នាងចូលចិត្តដូចគ្នាពេលច្រៀងបទរ៉េបនេះ ព្រោះតារាទាំង២ កំពុងតែបោះជំហានថ្មីមួយទៀតទៅរកទីផ្សារចង្វាក់រ៉េប។

ទោះជាយ៉ាងណា ពេជ្រ សោភា ថា មានតែមហាជនទេទើបអាចវាយតម្លៃបានថា តើព្រាប សុវត្ថិ ឬខេមរៈ សិរីមន្ដ ជាអ្នកធ្វើបានល្អជាង នៅដែលតារាទាំង២ ច្រៀងសម្ដែងនៅលើឆាកជាបទរ៉េប ព្រោះរូបនាងគ្រាន់តែជាអ្នកចម្រៀងធម្មតាម្នាក់ ដែលទោះជាធ្លាប់ច្រៀងរ៉េបមែន ប៉ុន្ដែមានតែទស្សនិកជនទេជាអ្នកដាក់ពិន្ធុតារាចម្រៀង។

ក្រៅពីសរសើរថា ព្រាប សុវត្ថិ -ខេមរៈ សិរីមន្ដ សុទ្ធតែជាតារាចម្រៀងធ្វើឲ្យគេភ្ញាក់ផ្អើលពេលច្រៀងរ៉េបនោះ ពេជ្រ សោភា ថា នាងមិនធ្វើអត្ថាធិប្បាយឡើយចំពោះអ្នកលេងបណ្ដាញសង្គមមួយចំនួន ដែលលើកឡើងថា សិរីមន្ដ ច្រៀងរ៉េបបទ ”ហួសសម័យ” លឿនពេកស្ដាប់មិនបាននោះ ដោយនាងថា នោះជាបច្ចេកទេសនៃការច្រៀងរបស់តារាចម្រៀងនីមួយៗ ដែលគេមានស្ទីលច្រៀងសម្ដែងខុសៗគ្នា។

ពេជ្រ សោភា ដែលស្ងប់ស្ងាត់មិនហ៊ានចេញបទចម្រៀងថ្មី ជាង១ឆ្នាំហើយ ពោលគឺតាំងពីផ្ទុះកូវីដ១៩ នោះ អះអាងថា សម្រាប់រូបនាងវិញ ក៏មានចេញបទចម្រៀងជាចង្វាក់រ៉េបផងដែរ នៅមុនចូលឆ្នាំខ្មែរ នាពេលខាងមុខនេះ។ ប៉ុន្តែសោភា ថា មានបទខ្លះ គឺជាចង្វាក់ថ្មីដែលនាងមិនធ្លាប់ច្រៀងសម្ដែងទាល់តែសោះ ពីមុនមក អីចឹងពេលនេះនាងមានបទចម្រៀងនៅក្នុងដៃជាច្រើនបទហើយ គិតថា អាចចាប់ផ្ដើមចេញបានខ្លះៗហើយ នៅខែមេសា ឆ្នាំ២០២១។

ប៉ុន្តែនៅពេលសួររឿងថា ពេជ្រ សោភា ច្រៀងរ៉េបជាមួយដៃគូតារាចម្រៀងណានោះ នាងថា មិនអាចនិយាយមុនបានឡើយ ៕ ហ៊ឹម វិចិត្រ

RELATED ARTICLES