[ភ្នំពេញ – ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២១] ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ គ្រុប (RMA Group) បានធ្វើការប្រារព្ធពិធី “ប្រគល់រថយន្ត ហ្វដ ចំនួន២គ្រឿង និងដាក់ឲ្យដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ” ទៅដល់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)។ មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសជុសជុល និងថែទាំរថយន្ត Ford ដែលត្រូវបានបង្កើតឡើងសម្រាប់ប្រើប្រាស់ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលមានទីតាំងស្ថិតនៅលើផ្លូវទំនប់កប់ស្រូវ ភូមិស្រែរាចាស់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ក្បែរវត្តពូនភ្នំ)។
ក្រុមហ៊ុន អ អិម អេ បានធ្វើការឧបត្ថម្ភ និងគាំទ្រវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ក្នុងការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ នេះឡើង ដោយធ្វើការជួសជុល និងកែលំអររោងជាងទាំងមូល ព្រមទាំងបំពាក់នូវគ្រឿងបរិក្ខារសម្រាប់សិក្សា និងគ្រឿងតុបតែងលំអរ រថយន្ត ហ្វដ ២គ្រឿង និងបង្កើតកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនានា សម្រាប់ផ្ដល់ឱកាសដល់សិស្ស និស្សិតសិក្សារៀនសូត្រ ហ្វឹកហាត់ការងារដោយអនុវត្ដន៍ផ្ទាល់ជាមួយអ្នកជំនាញបច្ចេកទេស និងគ្រូបង្គោលរបស់ក្រុមហ៊ុន អ អិម អេ តាមរយៈកិច្ចសហប្រតិបតិ្តការរវាងក្រុមហ៊ុន អ អិម អេ និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)។
លោក ងន សាំង អគ្គនាយក ក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖ “ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន អ អិម អេ បានចំណាយថវិកាប្រមាណជាង ៥០ម៉ឺនដុល្លារ សម្រាប់ការវិនិយោគលើការបណ្ដុះបណ្ដាលបច្ចេកទេស និងជំនាញផ្សេងៗដល់បុគ្គលិក និងសិស្សនិស្សិតតាមសាលាបច្ចេកទេសនានា។ តាមរយៈការវិនិយោគទៅលើវិស័យធនធានមនុស្សនេះហើយដែលជាកត្តាជុំរុញឲ្យកកើតឡើងនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស រថយន្ត ហ្វដ នេះលេចចេញជារូបរាងឡើង។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ នេះ នឹងក្លាយជាមជ្ឈមណ្ឌលមួយដែលចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារផ្នែកបច្ចេកទេសយានយន្ត ជាពិសេសទៀតនោះប្អូនៗនិស្សិតថែមទាំងអាចមានឱកាសមកចូលបម្រើការក្នុងក្រុមហ៊ុន អ អិម អេ ផងដែរ។”
លើសពីនេះទៅទៀត គម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ នេះទទួលបានការជ្រោមជ្រែងយ៉ាងខ្លាំងពីសំណាក់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។
ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន Ford បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែភាពទំនើបនៃបច្ចេកវិទ្យាដែលមានបំពាក់នៅលើរថយន្ត ហ្វដ ហើយថ្ងៃនេះដែរក្រុមហ៊ុន ហ្វដ និងក្រុមហ៊ុន អ អិម អេ បានប្រគល់ជូននូវរថយន្ត Ford Ranger Wildtrak ថ្មីចំនួន 2 គ្រឿងដល់វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជាដែលនេះជាឱកាសដ៏ពិសេសសម្រាប់សិស្ស និស្សិតក្នុងការស្វែងយល់ពីចំណេះដឹង ក៏ដូចជាបច្ចេកវិទ្យាទំនើបៗនៃរថយន្ត។” លោកក៏បានកោតសរសើរដល់ក្រុមហ៊ុន ហ្វដ និងក្រុមហ៊ុន អ អិម អេ ដែលបានចំណាយធនធានយ៉ាងច្រើនក្នុងការរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងចូលរួមចំណែកក្នុងកសាងធនធានមនុស្សនៅកម្ពុជាផងដែរ ហើយលោកក៏សូមលើកទឹកចិត្តឲ្យក្រុមហ៊ុននៅតែបន្តសកម្មភាពទាំងនេះជូនដល់សង្គមបន្ថែមទៀត។
ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានមានប្រសាសន៍ថា៖ “វិទ្យាសា្ថនពហុបច្ចេកទេសកម្ពុជាមួយឆ្នាំៗមានសិស្សចូលរៀនប្រមាណរាប់ពាន់នាក់ ប៉ុន្តែនៅក្នុងមុខជំនាញបច្ចេកទេស ឬបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈហាក់បីដូចជានៅមានកម្រិតមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការនៅឡើយទេ ដូច្នេះខ្ញុំជឿជាក់ថាតាមរយៈការដាក់ឲ្យដំណើរការមជ្ឃមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ នេះនឹងធ្វើអាចបង្កើតនូវធនធានមនុស្សដែលមានជំនាញច្បាស់លាស់ក្នុងវិស័យនេះ។ ”
ក្រៅពីការវិនិយោគទៅលើការបណ្តុះបណ្តាលធនធានមនុស្ស ក្រុមហ៊ុន អ អិម អេ ក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ និងកិច្ចការសង្គមនានាដូចជា ការផ្តល់មួកសុវត្ថិភាព ការសម្អាតទីក្រុង ការដាំកូនឈើ ការសាងសង់សាលារៀន បណ្ណាល័យ អណ្ដូងទឹកស្អាត ការផ្ដល់បង់អង្គុយ និងធុងសំរាមនៅតាមសួនច្បារសាធារណៈ ការបរិច្ចាគឈាម និងការផ្ដល់មូលនិធិគាំពារដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា កម្មវិធី Ford Driving Skills For Life ដែលជាកម្មវិធីបើកវគ្គបណ្តុះបណ្តាលទាក់ទងនឹងការបើកបរ និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព។ ជាពិសេសសកម្មភាពសប្បុរសធម៍សំខាន់ៗគួរឲ្យកត់សម្គាល់ក្នុងឆ្នាំ ២០២០ នោះគឺ ការចូលជាមូលនិធិដល់កាកបាទក្រហមកម្ពុជា ការចូលជាមូលនិធិដល់រាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 ការជួយដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនាន់ក្នុងខេត្តកំពង់ស្ពឺដែលយើងបានប្រើប្រាស់រថយន្ត Ford Pick Up ផ្ទាល់ក្នុងការដឹកស្បៀងអាហារ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជូនដល់ប្រជាពលរដ្ឋផ្ទាល់ និងជួយដល់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ផងដែរ និងសកម្មភាពផ្សេងៗជាច្រើនទៀត។
លើសពីនេះទៅទៀតក្រុមហ៊ុន អ អិម អេ ក៏បានផ្តល់នូវរថយន្ត Ford Pick up ចំនួន ១ គ្រឿង និងត្រាក់ទ័រ John Deere ចំនួន ២គ្រឿងក្នុងឆ្នាំ ២០១៩។ កាលពីខែ សីហា ឆ្នាំ២០២០ក្រុមហ៊ុន អ អិម អេ បានប្រគល់ជូនវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ចំនួន ៤ គ្រឿងបន្ថែមទៀត។ ក្នុងឆ្នាំ ២០២១ នេះក្រុមហ៊ុន អ អិម អេ ក៏នៅតែបន្តសកម្មភាពនេះដដែលនោះគឺបន្តប្រគល់នូវរថយន្ត Ford Pick up ៦ គ្រឿងជូនវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ដែលក្នុងនោះដែរ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ចំនួន ២ គ្រឿងដែលបានប្រគល់កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ វិទ្យាស្ថានបច្ចេកទេសបាត់ដំបង (BIT) នៅខេត្តបាត់ដំបងចំនួន ២ គ្រឿង និងវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ(NPIA) នៅខេត្តសៀមរាបចំនួន២គ្រឿង។ ដូចនេះចំនួនរថយន្ត Ford Ranger Wildtrak ដែលត្រូវប្រគល់តាំងពីឆ្នាំ ២០១៩ រហូតមកដល់ឆ្នាំ ២០២១ នេះមានចំនួនសរុបរហូតដល់ទៅ ១១ គ្រឿង។