Wednesday, May 1, 2024
Homeព័ត៌មានជាតិគាត់ជាអាជីវករ អ្នកណាក៏ស្គាល់... ពេលនេះ តុលាការចោទប្រកាន់

គាត់ជាអាជីវករ អ្នកណាក៏ស្គាល់… ពេលនេះ តុលាការចោទប្រកាន់

ភ្នំពេញ ៖ លោកពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបុរសម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដោយចោទប្រកាន់ពីបទបទរំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន (ចេញសែកស្អុយ) ខណៈដែលបុគ្គលរូបនេះ ត្រូវបានចាប់ខ្លួនកាលពីចុងសប្តាហ៍កន្លងទៅ។

គួរជម្រាបថា បុគ្គលនេះត្រូវបាននគរបាលចាប់ខ្លួន នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចភោជនីយដ្ឋានមួយកន្លែង ស្ថិតនៅលើផ្លូវលំ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ពីបទរំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។ បុគ្គលនេះបានប្រព្រឹត្តបទល្មើសនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩ និងខែកុម្ភៈ ខែមីនា ឆ្នាំ២០២០។

ជនត្រូវចោទមានឈ្មោះវ៉ាន អុល ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរអាជីវករ មានលំនៅបច្ចុប្បន្នភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ ឈ្មោះវ៉ាន់ អុល ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ០៧០ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ចេញដោយលោកសេង រិទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលចាត់ការតាមនីតិវិធី។

ក្រៅពីអ្វីដែលតុលាការចោទប្រកាន់នេះ បុគ្គលឈ្មោះវ៉ាន អុល ក៏កំពុងតែរងនូវការចោទប្រកាន់ផ្សេងទៀតពីប្រជាពលរដ្ឋនៅខេត្ត កណ្តាលផងដែរ ដោយពួកគាត់អះអាងថា បុគ្គលឈ្មោះវ៉ាន អុល ក្រោមការបញ្ជាពីមេរបស់ខ្លួន បានទិញដីរបស់ពួកគាត់ហើយ ប្រគល់លុយមិន បានគ្រប់តាមចំនួនកំណត់នោះទេ។

ពួកគាត់ក៏ទាមទារឱ្យមានដំណោះស្រាយណាមួយសមស្របជាមួយគាត់ផងដែរ បើមិនដូច្នេះទេ ពួកគាត់នឹងដាក់ពាក្យបណ្តឹងតាមផ្លូវ ច្បាប់ និងរហូតអាចមានការតវ៉ាទៀតផង៕

RELATED ARTICLES