Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិទីផ្សារ​​អង្ករ​​​កម្ពុជា​ ​​​​​​​រំពឹង​​ហើប ​ក្រោយ​​​មាន​​តម្រុយ​​​​​កុម្ម៉ង់​​ថែម

ទីផ្សារ​​អង្ករ​​​កម្ពុជា​ ​​​​​​​រំពឹង​​ហើប ​ក្រោយ​​​មាន​​តម្រុយ​​​​​កុម្ម៉ង់​​ថែម

ខណៈដែលប្រទេសកម្ពុជាត្រូវបានទម្លាយថាមានអង្ករហូរចូលពីប្រទេសវៀតណាមរហូតដល់ប្រមាណ១លានតោនចរាចរលក់នៅក្នុងស្រុកនោះ ទីផ្សារអង្ករកម្ពុជាក៏ត្រូវគេកត់សម្គាល់ថាទទួលបានការចាប់អារម្មណ៍នៅលើឆាកអន្តរជាតិជាជំនួសច្រើនឡើងផងដែរ ដែលមិនខុសពីការរិះគន់ថា ក្នុងស្រុកបណ្ដោយអោយលក់អង្ករវៀតណាម ហើយអង្ករខ្លួនត្រូវរំពឹងទីផ្សារខាងក្រោយនោះ។  ក្ដីសង្ឃឹមនេះ គឺបន្ទាប់ពីប្រទេសថ្មីមួយដែលមិនធ្លាប់ចាប់អារម្មណ៍អង្ករកម្ពុជាទាល់តែសោះ គឺទីម័រខាងកើត បានប្រកាសកុម្ម៉ង់ទិញ ក្នុងពេលដែលប្រទេសម៉ាលេស៊ីក៏ទើបនឹងត្រូវទម្លាយថាត្រូវការអង្ករពីកម្ពុជាចំនួន១លានតោន។

rice1

លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថាប្រទេសម៉ាឡេស៊ី ទើបនឹងបានប្រកាសថានឹងទទួលទិញអង្ករពីកម្ពុជាក្នុងចំនួន១លានតោន ដោយតម្រូវការទទួលទិញ ប្រសិនបើការរៀបចំឯកសារមិនមានបញ្ហា នោះនឹងត្រូវរៀបរយនៅចុងឆ្នាំ២០១៦នេះ។ លោកថានេះជាសញ្ញាណវិជ្ជមានក្នុងពេលស្ថានភាពអង្កររបស់ប្រទេសកម្ពុជាកើតមានបញ្ហាចោទជាច្រើន។ លោកថាតម្រូវការក្រៅប្រទេសកើនឡើង នឹងជួយអោយទីផ្សារអង្ករ និងស្រូវដែលបានធ្លាក់ចុះប្រែប្រួល ហើយក៏មិនធ្វើអោយមានបញ្ហាចោទខ្លាំងដូចអ្វីដែលបានកើតឡើងនោះដែរ។ លោកបានហៅការកុម្ម៉ង់ដ៏ច្រើនរបស់ប្រទេសម៉ាលេស៊ីថាជាជួយសង្គ្រោះទីផ្សារកម្ពុជា ជាពិសេសគឺស្រូវដែលមានការធ្លាក់ថ្លៃ។ លោកថាប្រទេសម៉ាឡេស៊ី បានប្រកាសចង់បានអង្ករពីកម្ពុជាក្នុងចំនួន១លានតោនចាប់ពីចុងឆ្នាំខាងមុខ ដែលតម្រូវការនេះ គឺបន្ទាប់ពីកត់សម្គាល់ឃើញថា អង្ករកម្ពុជាគឺមានទីផ្សារល្អប្រសើរក្នុងការទទួលទាន បើធៀបនឹងអង្កររបស់ប្រទេសមួយចំនួន។ លោកថាកម្ពុជានឹងជំរុញឯកសារសម្រាប់ការកុម្ម៉ង់ទិញអង្កររបស់ប្រទេសម៉ាឡេស៊ីអោយបានឆាប់រហ័ស ដើម្បីអោយបណ្ដាក្រុមហ៊ុនដែលមានលទ្ធភាពផលិតអង្ករសម្រាប់នាំចេញអាចមានលទ្ធភាពធ្វើការនាំចេញអង្ករតាមការចង់បាន។ លោកអះអាងថាផ្អែកតាមភាពជាក់ស្ដែងប្រទេសកម្ពុជាមានលទ្ធភាពផលិតស្រូវបានលើសពី៤,៦លានតោន ហើយបើគិតជាអង្ករក៏បានចំនួន៣លានតោននោះដែរ។ ដូច្នេះលោកថាមិនមានបញ្ហាកង្វះអង្ករនាំចេញនោះទេ ប្រសិនបើកម្ពុជាមានការគ្រប់គ្រងកុំអោយស្រូវ និងអង្ករហូរចេញខុសខ្ទង់។ យ៉ាងណាក៏ដោយ លោកថាសំណើររបស់ប្រទេសម៉ាឡេស៊ី មិនមែនទាល់តែកម្ពុជាមានអង្ករផ្ដល់អោយដល់១លានតោនក្នុងមួយឆ្នាំរបស់ខ្លួននោះទេ គឺ គ្រាន់តែមានការឯកភាពថានឹងទទួលទិញអង្ករពីកម្ពុជាតាមជាក់ស្ដែង ដែលរហូតដល់១លានតោនក្នុងមួយឆ្នាំ ក៏ទទួលយកប៉ុណ្ណោះ។ លោកថាអង្ករដែលបរទេសនិយមចង់បានពីកម្ពុជារួមមាន អង្ករក្រអូប និងអង្ករធម្មតា។

rice2

មុននេះបន្តិចជំនួបរវាងលោកស្រី Felicidade de Sousa Guterresឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាបរបស់ប្រទេសទីម័រខាងកើតប្រចាំនៅកម្ពុជា និងលោកប៉ាន់ សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រីបានប្រកាសថា ប្រទេសទីម័រខាងកើតនឹងធ្វើការកុម្ម៉ង់ផលិតផលពីរគឺអង្ករ និងស្ករក្នុងចំនួនច្រើនពីប្រទេសកម្ពុជា ដោយការនាំចូលនេះគឺនាំចូលដោយផ្ទាល់តែម្ដង។ លោកស្រីបញ្ជាក់ថា ទីម័រខាងកើតក៏ជាប្រទេសដែលមានវិស័យកសិកម្មទំនើបគួរសមផងដែរ ប៉ុន្តែដោយសារតែអង្កររបស់ប្រទេសកម្ពុជាត្រូវបានទទួលស្គាល់ថាជាអង្ករដែលមានរសជាតិឆ្ងាញ់ និងមានគុណភាព ទើបទីម័រខាងកើតនឹងគ្រោងធ្វើការនាំចូល ដើម្បីអោយពលរដ្ឋរបស់ខ្លួនមានជម្រើសទទួលទាន និងដើម្បីបំពេញតម្រូវការក្រុមភ្ញៀវបរទេសទៅទស្សនាប្រទេសទីម័រខាងកើតពីតំបន់អាស៊ី អោយមានឱកាសទទួលទានអង្កររបស់កម្ពុជា។ ក្នុងនោះមកពីវិស័យអង្ករ និងស្ករសនៅក្នុងប្រទេសកម្ពុជាគឺជាវិស័យនាំមុខគេមួយដែលខាងទីម័រខាងកើតមិនអាចមើលរំលងទើបប្រទេសរបស់លោកស្រី មានបំណងនាំចូលដោយផ្ទាល់នូវផលិតផលទាំងនោះ។

rice3

ការប្រកាសទិញអង្ករ ពីសំណាក់ម៉ាឡេស៊ី និងទីម័រខាងកើត គឺជាសញ្ញាណឈានឡើងនៃវិស័យស្រូវអង្ករដែលច្បាស់ណាស់ថាធ្វើអោយតម្លៃស្រូវ និងអង្ករកម្ពុជាដែលផ្ដើមបាត់បង់ទីផ្សារក្នុងស្រុកមានទឹកមាត់លេបឡើងវិញ។ យ៉ាងណាមិញ ក្រុមអ្នកជំនាញបានអះអាងថាតម្រូវការចងបានអង្ករពីកម្ពុជាកើនឡើង នឹងមិនអាចជួយអោយនិរន្តរភាពស្រូវអង្ករនៅកម្ពុជាល្អប្រសើរនោះទេ ដោផយសារតែភាពជាក់ស្ដែងគឺអង្ករក្នុងស្រុកមានចរាចរណ៍ដោយអង្ករវៀតណាម ដែលធ្វើអោយម្ចាស់រោងម៉ាស៊ីនភាគច្រើនបិទទ្វារ។ លោកកង ច័ន្ទតារារដ្ឋ អ្នកវិភាគសេដ្ឋកិច្ចធ្លាប់បានបញ្ជាក់ថា ផលិតមួយដែលពឹងតែលើទីផ្សារខាងក្រៅ នឹងមិនអាចធ្វើអោយផលិតផលមួយនោះមានការឈានឡើងនៅក្នុងរយៈពេលយូរបានទេ បើពលរដ្ឋខ្លួនឯងលែងមានទំនុកចិត្ត និងខ្វះការគាំទ្រលើផលិតផលខ្លួនឯង។ ប៉ុន្តែលោកស្ថានភាពបែបនោះ អាចកើតឡើងបានគឺលុះត្រាតែរដ្ឋាភិបាលមានវិធានការច្បាស់លាស់បិទកុំអោយអង្ករវៀតណាមបន្តចូល ដើម្បីទុកលទ្ធភាពអោយអង្ករខ្លួនឯង បានបន្តលក់ក្នុងរួបភាពទូលំទូលាយជាថ្មីនៅលើទីផ្សារខ្លួនឯ៕

ដោយ ៖ ប៉េង លី

RELATED ARTICLES