Saturday, November 23, 2024
Homeគួរយល់ដឹងប្រវត្តិ ៖ បំបួសនាគ

ប្រវត្តិ ៖ បំបួសនាគ

ប្រជាពលរដ្ឋខ្មែរ ជាពិសេស តាយាយ ឧបាសក ឧបាសិកាបានជ្រាបពីប្រវត្តិបំបួសនាគ ស្ទើរតែគ្រប់គ្នា ប៉ុន្តែក៏នៅមានយុវវ័យមួយចំនួនមិនបានដឹង ក៏សួរមកខ្ញុំឲ្យបកស្រាយពន្យល់។

រឿងនេះជាប់ទាក់ទងនឹងសម័យពុទ្ធកាល តំណាលថា កាលនោះព្រះពុទ្ធបរមគ្រូ ទ្រង់គង់នៅក្នុងវត្តជេតពន នាក្រុងសាវត្ថី។ សម័យមួយ មានសត្វនាគ១ ឈ្មោះកាឡនាគប្រកបដោយសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ក៏កាឡាខ្លួនជាមនុស្សចូលទៅថ្វាយបង្គំព្រះមហាតិស្សត្ថេរ ជាសាវ័កព្រះ សុំបួសជាភិក្ខុ។ ព្រះតិស្សត្ថេរ មិនទាន់បានសម្រេចអរហត្តផល អត់ដឹងថាជានាគ ប្រែកាឡា ក៏បំបួសទៅ។

វេលាថ្ងៃជិតត្រង់ នាគភិក្ខុនោះសឹងលក់ ក៏បែកកាឡាធ្លាយរូបដើម ក្លាយជានាគ ឆ្វាយរង្វេលពេញព្រះវិហារ។ កាលនោះមានលោកនេន១អង្គ ចូលទៅនិមន្តភិក្ខុនោះឡើងឆាន់ចង្ហាន់ត្រង់ ក៏ភ័យឆោឡា ស្មានថាពស់លេបព្រះសង្ឃ ផ្អើលពេញវត្តជេតពន។ ព្រះពុទ្ធ បរមគ្រូទ្រង់ជ្រាប ក៏យាងទៅព្រះវិហារត្រាស់សម្តែងណែនាំនាគនោះថា នាគ ទោះបីជាមានឫទ្ធានុភាពយ៉ាងណា ក៏មានជាតិជាសត្វតិរច្ឆាន មិនអាចបួសក្នុងសាសនាតថាគតបានឡើយ។

ព្រះអង្គឲ្យនាគនោះ លាចាកសិក្ខាបទវិញ និងឲ្យកាន់ត្រឹមសីល៥ ប៉ុន្តែដោយចិត្តអាឡោះអាល័យភេទបព្វជិត នាគនោះក៏ទូលស្នើព្រះអង្គថា អំណឹះតទៅ បើមានកុលបុត្រសាងផ្នួស សុំឲ្យមានឈ្មោះថានាគ។ ព្រះបរមគ្រូក៏ទ្រងយល់ព្រម ហើយតាំងពីពេលនោះមក កុលបុត្រសាងផ្នួស សុទ្ធតែមានឈ្មោះថា នាគ ឬបំបួសនាគ រហូតដល់សព្វថ្ងៃ។

នាគ មានសន្តានពាក្យ ឬវេវចនស័ព្ទដូចខាងក្រោម ៖
-នាគ : ព្រះសម្មាសម្ពុទ្ធ ព្រះបច្ចេកពុទ្ធ ព្រះអរហន្ត មានព្រះនាមថា នាគ។
-នាគ : កុលបុត្ររៀបសាងផ្នួស ហៅថា នាគ។
-នាគ : សត្វដំរី ឬដំរីមង្គល ក៏ហៅនាគ។ នាគេន្ទ្រ ដំរីបច្ច័យនា គេន្រ្ទ។
-នាគ : ដើមខ្ទឹង នាគព្រឹក្ស។
-នាគ : ពស់ដែលមានឫទ្ធានុភាព ភុជង្គនាគ វរុណនាគរាជ៕

ស្រាវជ្រាវដោយ ៖ លោកង៉ែត សោភ័ណ (និពន្ធនាយករងទស្សនាវដ្តី “អង្គរធំ”)
ថ្ងៃទី 23/02/2021

RELATED ARTICLES