Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិក្រុម​ហ៊ុន​កូរ៉េ​ស្វែង​រក​ដៃគូ​វិនិយោគ​លើ​ថាម​ពល​ពន្លឺ​ព្រះ​អាទិត្យ

ក្រុម​ហ៊ុន​កូរ៉េ​ស្វែង​រក​ដៃគូ​វិនិយោគ​លើ​ថាម​ពល​ពន្លឺ​ព្រះ​អាទិត្យ

   ភ្នំពេញ ៖ ក្រុមហ៊ុនចែកចាយថាមពលពន្លឺព្រះអាទិត្យ តាមរយៈបន្ទះសូឡានៅប្រទេសកូរ៉េបាននិងកំពុងស្វះស្វែងរកដៃគូវិនិយោគក្នុងស្រុក ដើម្បីធ្វើការចែកចាយបន្ទះសូឡានៅកម្ពុជា។

លោកបណ្ឌិតយ៉ុង ដេជុង( Yong Dae Jung)អគ្គនាយកក្រុមហ៊ុនNS Electric Power Co, Ltd KTC Construction Co, Ltdបានថ្លែងឲ្យដឹងកាលពីចុងសប្តាហ៍មុននេះថា ក្រុមហ៊ុនលោកបានធ្វើការសហការ ជាមួយរោងចក្រផលិតបន្ទះសូឡានៅប្រទេសកូរ៉េ ដើម្បីចែកចាយផលិតផលផលបន្ទះសូឡាមានបច្ចេកវិទ្យាទំនើប និងជាម៉ូដែលចុងក្រោយគេនៅលើពិភពលោក។លោកបន្តថា លោកកំពុងស្វែងរកដៃគូដើម្បីចែកចាយ ឬដៃគូដើម្បីសហការក្នុងការនាំចូលផលិតផលនេះមកចែកចាយនៅកម្ពុជា ដោយសារលោកមើលឃើញកម្ពុជាមានសក្តានុពលនៅក្នុងវិស័យនេះ ព្រោះកម្ពុជាមិនទាន់មានអគ្គិសនីគ្រប់គ្រាន់នៅឡើយ ហេតុនេះការប្រើប្រាស់ថាមពលសូឡា ជាជម្រើសល្អសម្រាប់ប្រជាជនកម្ពុជា។

លោកបន្តថា បន្ទះសូឡាដែលអាចយកមកចែកចាយនៅកម្ពុជា មានបីប្រភេទ គឺជាបន្ទះសូឡា ដែលអាចដាក់នៅក្រោមដី លើគោកឬលើតំបូលលំនៅដ្ឋាន និងបន្ទះថាមពលសូឡា ដាក់ក្នុងទឹកដែលអាចផលិតថាមពលអគ្គិសនីបាន និងមានលក្ខណៈសន្សំសំចៃ ហើយមិនមានផលប៉ះពាល់ដល់បរិស្ថាន។លោកបន្តថា លោកមិនច្បាស់ថាបន្ទះសូឡា ដើម្បីផលិតថាមពលអគ្គិសនី ដែលផលិតនៅប្រទេសកូរ៉េមានតំលៃថោកជាងផលិតផលដទៃឬយ៉ាងណានោះទេ ប៉ុន្តែតំលៃអាចមានភាពប្រកួតប្រជែង និងជាផលិតផល ដែលពេញនិយមប្រើប្រាស់នៅលើពិភពលោក តាមរយៈបច្ចេកវិទ្យាឈានមុខគេ។

លោកYong Dae Jungបានមកកាន់កម្ពុជា តាមរយៈសមាគមមិត្តភាពកូរ៉េ និងកម្ពុជា ជាសមាគមមួយដែលតែងតែជំរុញនិងលើកស្ទួយទំនាក់ទំនងរវាងរដ្ឋាភិបាលកូរ៉េ និងកម្ពុជាឲ្យកាន់តែមានភាពល្អប្រសើរ ពិសេសការជំរុញលើទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

សមាគមមិត្តភាពកូរ៉េ កម្ពុជាបានផ្តល់រថយន្តសង្រ្គោះបន្ទាន់ពីរគ្រឿង ដល់ឯកឧត្តមឧបនាយករដ្ឋមន្រ្តីយឹម ឆៃលីប្រធានក្រុមប្រឹក្សាស្តារនិងអភិវឌ្ឍន៍វិស័យកសិកម្ម និងបានផ្តល់ឳសថ និងសម្ភារៈជាច្រើនដល់កម្ពុជា។

ដោយ ៖ គង់ លាងហួរ

       

RELATED ARTICLES