កញ្ញាលីវ ជីលី ដែលត្រូវថៅកែមហាហង្ស លោកអ៊ិន សុភិន ប្រគល់មកុដ “Miss Grand Cambodia 2020” ឲ្យជំនួសសេង រដ្ឋា ហើយចេញទៅប្រកួត “Miss Grand International 2020” នៅប្រទេសថៃ កាលពីថ្ងៃទី0១ ខែមីនា ឆ្នាំ២០២១ នោះ បានធ្វើឲ្យថៅកែរំភើបចិត្តយ៉ាងខ្លាំងព្រោះតែលទ្ធផលដំបូង នាងបានឈ្នះវ៉ាគេដាច់អស់៤ប្រទេសតាមរយៈការ Vote ដោយមានចំនួនសំឡេងគាំទ្រដល់ទៅជិត៤០លានពិន្ធុ។
តាមការបង្ហាញពិន្ធុកាលពីថ្ងៃទី១៩ ខែមីនា ពី “Miss Grand International” បានបង្ហាញថា កញ្ញាលីវ ជីលី មកពីប្រទសកម្ពុជា បានពិន្ធុខ្ពស់បំផុត គឺ ៣៧,៨៣៩,៧៦៨, ឥណ្ធូណេស៊ី ៣៧,៦៩៦,១៤៤, កូឡំប៊ី៤៧៩,២៩២, អេក្វាឌ័រ ៤៧៥,៦១៨ និងប្រេស៊ីស ២៤,៨៣០។
តាមរយៈលទ្ធផលនេះ បញ្ជាក់ថា កញ្ញាលីវ ជីលី មានសិទ្ធិដោយស្វ័យប្រវត្តិក្នុងការឈានទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ Top 20 កម្មវិធី “Miss Grand International 2020” ដែលរៀបចំនៅប្រទេសថៃ នៅពេលខាងមុខនេះ។
ប៉ុន្ដែលទ្ធផលយ៉ាងណានោះ គេមិនទាន់អាចសន្និដ្ឋានបានឡើយ ព្រោះថា ជីលី ត្រូវឆ្លងកាត់វិញ្ញាសាជាច្រើនទៀត ដែលត្រូវប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយបវរកញ្ញាមកពីប្រទេស១៩ផ្សេងទៀត។
លោកអ៊ិន សុភិន ថៅកែមហាហង្ស ដែលជាអ្នករៀបចំកម្មវិធីប្រកួត “Miss Grand Cambodia 2020” លើកដំបូង ហើយទទួលការរិះគន់ច្រើនពីមហាជន ពិសេសក្រោយពេលលោកបានដកហូតមកុដពីម្ចាស់ពាន កញ្ញាសេង រដ្ឋា ទៅឲ្យកញ្ញាលីវ ជីលី ទាំងចម្រូងចម្រាសនោះ និយាយដោយមោទនភាពថា លោកមានអារម្មណ៍រំភើបខ្លាំងណាស់ ព្រោះតែកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ២០២០ (Miss Grand Cambodia 2020) ដែលលោកបានបញ្ជួនបេក្ខភាពដ៏ស្រស់ស្អាត មានភាពក្លាហាននិងរឹងមាំ ទេពកោសល្យល្អ ទៅប្រកួតនៅទីក្រុងបាងកក ប្រទេសថៃ នោះ ទទួលបានការគាំទ្រហួសពីការំពឹងទុក។
អ្វីដែលទទួលបានថ្ងៃនេះ គឺជាការ Voteលើបវរកញ្ញាកម្ពុជាយើង ដែលធ្វើឲ្យល្បីល្បាញណាស់ តាមរយៈ Social Media ហើយជាលទ្ធផល គឺយើងទទួលបានពិន្ធុជាង៣៧លានពិន្ទុ វ៉ាដាច់៤ប្រទេស ដែលធ្វើឲ្យយើងឈានចូល Top20ដោយស្វ័យប្រវត្តិសម្រាប់ការប្រកួតផ្ដាច់ព្រ័ត្រនៅថ្ងៃខាងមុខនេះ។
គួរបញ្ជាក់ថា កញ្ញាលីវ ជីលី ជាបេក្ខភាពមកពីខេត្តបន្ទាយមានជ័យ នាងមានអាយុ២៧ឆ្នាំ, កម្ពស់១,៧០ម៉ែត្រ,ទ ម្ងន់៥៣គីឡូ, ទំហំ៣៦, ចង្កេះ២៧ និងត្រគាក ៣៨។
មុនចេញទៅប្រកួតលើឆាកអន្ដរជាតិនៅប្រទេសថៃ នោះ ជីលី បានសារភាពថាចំណុចខ្សោយរបស់នាង គឺការដើរម៉ូដមិនសូវបានល្អ។ ប៉ុន្ដែយ៉ាងណា នាងមានការតាំងចិត្តថា នឹងខំធ្វើឲ្យបានល្អក្រោមការបង្ហាត់បង្រៀនពីក្រុមហ៊ុន ហើយនាងស្នើឲ្យមហាជនជួយលើកទឹកចិត្តនាងផង ពោលគឺរិះគន់ចុះ ក្នុងន័យស្ថាបនា តែកុំរិះគន់ក្នុងន័យជាន់ពន្លិច។
ជីលី បញ្ជាក់ថា ១តួខ្លួននាង គឺមិនបានឆ្លងកាត់ការកែសម្ផស្សដោយចុងកាំបិតផ្នែកណាមួយទេ គឺនៅធម្មជាតិទាំងអស់ តែដៃជើងនាងមិនសូវស្រលនដូចគេទេ ព្រោះតែកាលនៅពីក្មេង នាងធ្វើការហត់នឿយច្រើនជាគ្រួសារមួយ ដែលមានជីវភាពលំបាកហើយនាងរ៉ាប់រងការងារមួយចំនួនជំនួសឪពុក ដូចជាការកាប់ឈើ ជាដើម។
ស្រីស្រស់រូបនេះ ថា នៅថ្ងៃអនាគត នាងចង់ឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈ ព្រោះនាងចង់ថតរឿងបែបបុរាណ ឬរឿងប្រវត្តិសាស្រ្ដខ្មែរ៕ ដោយ ៖ ហ៊ឹម វិចិត្រ