បើទោះជាចំណងស្នេហារវាងតារាសម្ដែងនិងពិធីករ លោកយឹត មាសឧស្សាហ៍ ហៅ Edwin និងអ្នកនាងសុត បញ្ចាកា (Panhchaka June) ដែលជាអតីតប្រពន្ធថៅកែ LD ជួបភាពរកាំរកូសជាច្រើនលើកច្រើនសារ ព្រោះតែភ្លើងប្រចណ្ឌរបស់អ្នកមេម៉ាយកូន២ លើប្រុសរូបសង្ហាក្ដី តែនៅទីបំផុត ពួកគេនៅតែស្អិតល្មួតគ្នាដដែល ក្រោយអេដវីន រងរបួស២លើក សង្រ្គោះបន្ទាន់ ព្រោះតែស្នាដៃអ្នកនាងបញ្ចាកា ក៍ដោយ។
គូស្នេហ៍១គូនេះ បានបើកហាងលក់សាច់គោអាំង ដើម្បីសន្សំលុយរួមគ្នាសម្រាប់រៀបការនាពេលខាងមុខ ប៉ុន្ដែដោយសារកូវីដ ទើបមិនសូវមានអតិថិជនច្រើនដូចមុន បង្ខំឲ្យអេដវីន បណ្ដើរអនាគតប្រពន្ធទៅលេងតាមបណ្ដាខេត្ត ច្រើនជាងមុន ដើម្បីរឹតចំណងស្នេហាឲ្យកាន់តែរឹងមាំថែមទៀត។
ប្រភពបានឲ្យដឹងថា ការដែលអេដវីន នៅតែស្រលាញ់អ្នកនាងបញ្ចាកា ដកចិត្តមិនរួច ទោះជាអ្នកមេម៉ាយកូន២ រូបនេះ កាចនិងឆ្នាសបន្ដិចក្ដី តែលោកនៅតែរក្សាចំណងស្នេហានោះ ព្រោះតែអតីតប្រពន្ធថៅកែ LD រូបនេះ ស្រលាញ់លោក និងក្រុមគ្រួសារខ្លាំងណាស់ ហេតុនេះហើយបានជាលោកបានផាត់ចោលសំណើសុំស្នេហាពីសំណាក់នារីអ្នកមានទ្រព្យផ្សេងៗទៀត។
ដោយឡែក អ្នកនាងសុត បញ្ចាកា មានភាពកក់ក្ដៅខ្លាំង ព្រោះតែអេដវីន បានស្រលាញ់កូនទាំង២ របស់នាង ដូចជាកូនបង្កើតរបស់លោកដែរ។
អេដ វីន ជាតារាសម្ដែងនិងពិធីករលេចធ្លោគួរសម ដែលកន្លងមក មាននារីជាច្រើនលង់ស្នេហ៍លោក តាមរយៈរូបរាងសង្ហានិងសាច់ដុំធំៗ។
ព័ត៌មានបានឲ្យដឹងថា ក្រៅពីច្រានចោលនារីវ័យចំណាស់ និងប្រុសៗមួយចំនួន ដែលស្រលាញ់ភេទដូចគ្នា សុំចិញ្ចឹមនោះ អេដវីន ក៏បដិសេធស្រីក្មេងកូនអ្នកមានជាច្រើននាក់ ដែលចង់ធ្វើជាភរិយារបស់លោកផងដែរ តែអ្វីដែលស្ទើរតែមិនគួរឲ្យជឿ ក្រោយប៉ះស្នេហ៍មេម៉ាយកូន២ អ្នកនាងបញ្ចាការ មក ពេលនេះ អេដវីន ដកចិត្តមិនរួចឡើយ រហូតប្រឹងសន្សំលុយដឹកដៃគ្នាចូលរោងការទៀតផង។
ចំណងស្នេហាខុសវ័យរវាងអេដវីន និងអ្នកនាងបញ្ចាកា នេះ មិនមានឧបសគ្គទេ ព្រោះតែពេលនេះថៅកែ LD កំពុងតែសាងស្នេហ៍ថ្មីយ៉ាងមានសេចក្ដីសុខ ជាមួយស្រីស្រស់សាឡាត់ ស្រីឡាង ទៅហើយ៕