តារាចម្រៀងសួស វីសា បានបង្ហូរទឹកនេត្រាជោគថ្ពាល់ នៅពេលដែលតេស្ដលើកទី៣ ឃើញវិជ្ជមានកូវីដ-១៩ កាលពីល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ខណៈដែលការតេស្ដលើកទី១ និងទី២ កន្លងមក អវិជ្ជមាន។
អំឡុងពេលដែលកំពុងជិះរថយន្ដទៅព្យាបាលនៅមន្ទីរពេទ្យព្យាបាលកូវីដ-១៩ កម្រិតស្រាល (អតីតសណ្ឋាគារ The Great Duke) នោះ វីសា បានខ្សឹបខ្សួលហូរទឹកភ្នែក និងផ្ដាំឲ្យអ្នកផ្ទះរបស់នាងជួយមើលថែកូនស្រីនាង ដែលទើបមានអាយុជាង៥ខែ ឈ្មោះថង សាម៉ូលីណា ហៅ Jenny ផង ព្រោះនាងនៅតូចណាស់។ នាងថា ស្វាមីរបស់នាង លោកថមមី សុំពេទ្យមកជាមួយនាងដែរ តែគ្រូពេទ្យថា មិនអាចមកនៅជាមួយគ្នាបានទេ ព្រោះប្ដីនាងអវិជ្ជមាន។
ដោយឡែក លោកប៊ុនថុល ប៊ុនថង ហៅថមមី បានឲ្យដឹងថា មូលហេតុដែលលោករស់នៅជាមួយភរិយា និងគេងបន្ទប់ជាមួយគ្នារាល់ថ្ងៃ តែលោកតេស្ដឃើញអវិជ្ជមានកូវីដ-១៩ នោះ ដោយសារតែលោកមានឈាមប្រភេទ O ហើយសុខភាពលោកល្អមាំមួន ទើបមិនអាចឆ្លងកូវីដបាន។
ចំណែកភរិយាលោកសួស វីសា ត្រូវបានក្រុមគ្រូពេទ្យប្រាប់ថា នាងក៏មានសុខភាពល្អខ្លាំងដែរ បានជាតេស្ដលើកទី១ និងទី២ មិនឃើញ តែឃើញលើកទី៣ អីចឹងការព្យាបាលនាងអាចឆាប់ជាលឿនផងដែរ។
សួស វីសា បានឲ្យដឹងថា នាងបានរើអីវ៉ាន់ចេញពីបន្ទប់កូន ទៅគេងបន្ទប់ជាមួយស្វាមី តាំងពីមានព័ត៌មានថា អ្នកនាងចាន់ កែវនិមល និងលោកណុប បាយ៉ារិទ្ធ បានឆ្លងកូវីដ-១៩ មកម្ល៉េះ។ នាងថា មូលហេតុដែលនាងឆ្លងកូវីដ-១៩ ដោយសារតែនៅដើមខែមីនា នាងបានថតបទចម្រៀង១បទ សម្រាប់ចូលឆ្នាំខ្មែរ ជុំគ្នាជាមួយតារាចម្រៀងណុប បាយ៉ារិទ្ធ ថែល ថៃ, សុគន្ធ និសា, សុខ ស្រីនាង និងលោកគ្រូភ្លេងម្នាក់ទៀត។
វីសា ថា សូមកុំឲ្យបងប្អូនទាំងអស់មើលស្រាលជាមួយជំងឺកូវីដ-១៩ នេះ ឲ្យសោះ ព្រោះដូចជារូបនាងអីចឹង តេស្ដ៣លើក បានឃើញវា។
តាមព័ត៌មានបានឲ្យដឹងថា វីសា យំបង្ហូរទឹកនេត្រាតែម្នាក់ឯង ព្រោះតែនាងនឹកកូនស្រីខ្លាំងពេក។
សួស វីសា ជាតារានៅហង្សមាស ទី៦ ដែលបានកើតកូវីដ-១៩ បន្ទាប់ពីចាន់ កែវនិមល, សុគន្ធ និសា, វី ឌីណែត, ណុប បាយ៉ារិទ្ធ និងថែល ថៃ ខណៈដែលអ្នកដឹកនាំសម្ដែង MV នៅហង្សមាស លោក Eco Vak Song និងប្អូនថៅកែហង្សមាស ម្នាក់ទៀត ក៏បានតេស្ដឃើញវិជ្ជមានកូវីដ និងកំពុងសម្រាកព្យាបាលដូចគ្នា៕