កីឡាករខ្សែបម្រើ Moussa Sissoko របស់ក្លឹប Tottenham ត្រូវបានសមាគមបាល់ទាត់អង់គ្លេសពិន័យ ៣ប្រកួត ពីបទប្រើកែងទៅលើកីឡាករ Harry Arter របស់ក្លឹប Bournemouth ក្នុងអំឡុងពេលប្រកួតស្មើ ០-០ កាលពីចុងសប្តាហ៍កន្លងទៅនេះ។
ទោះបីកីឡាករសញ្ជាតិបារាំងរូបនេះបានសុំទោសជាសាធារណៈក្តី សមាគមបាល់ទាត់អង់គ្លេសនៅតែធ្វើការចោទប្រកាន់ដដែល ហើយស្របពេលជាមួយគ្នានេះដែរសាមីក្លឹបក៏សម្រេចមិនប្តឹងឧទ្ធរណ៍ដែរ។ បម្រាមបីប្រកួតនេះ ធ្វើឲ្យ Moussa Sissoko ខកខានការប្រកួតជាមួយក្រុម Liverpool Leicester, និង Arsenal ។
សហព័ន្ធបាល់ទាត់អង់គ្លេសបាននិយាយថា បើទោះជាហេតុការណ៍នោះមិនត្រូវបានលោកអាជ្ញាកណ្តាលពិន័យក៏ដោយ តែមហាជនបានមើលឃើញគ្រប់គ្នា ដូច្នេះយើងត្រូវតែពិន័យ ដើម្បីទុកជាមេរៀនសម្រាប់កីឡាករក្រោយៗទៀត។
ដោយឡែកលោក Mauricio Pochettino គ្រូបង្វឹកក្លឹបមាន់ខ្នាយមាស Tottenham ក៏បានទទួលស្គាល់កំហុសកូនក្រុមរបស់គាត់ដែរ តែអ្វីដែលគាត់មានការសោកស្តាយនោះគឺការបាត់បង់កម្លាំងដ៏សំខាន់មួយរូប ដែលអាចជះឥទ្ធិពលអាក្រក់ដល់លទ្ធលផលប្រកួតនាពេលខាងមុខនេះ។
ដោយ៖ ហេង ដេត