Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិ​​​អង្ករ​​​​​​​​​ប្លា​ស្ទិក​ផ្ទុះ​​ឡើង​​​​​​ជា​ថ្មី​​នៅ​​​​​​​ទីផ្សារ​​កម្ពុជា

​​​អង្ករ​​​​​​​​​ប្លា​ស្ទិក​ផ្ទុះ​​ឡើង​​​​​​ជា​ថ្មី​​នៅ​​​​​​​ទីផ្សារ​​កម្ពុជា

បើជាទោះជាមន្ត្រីជាន់ខ្ពស់ បានបញ្ជាក់រួចហើយថាអង្ករប្លាស្ទិកមិនមានការចរាចរណ៍នៅក្នុងទីផ្សារកម្ពុជា ក៏ស្ថានភាពអង្ករប្រភេទនេះនៅតែបានកើតឡើងជាថ្មី ដោយសារតែនៅប្រទេសជិតខាងគេឃើញមានអង្ករប្រភេទនេះលួចលក់។ យ៉ាងណាមិញមន្ត្រីជំនាញបានអះអាងថា អង្ករកែច្នៃប្រភេទនេះគឺមិនមាននៅក្នុងប្រទេសកម្ពុជានោះទេ ដោយខាងសមត្ថកិច្ចទទូចអោយធ្វើការជូនដំណឹងនោះផង ប្រសិនបើប្រទះឃើញអង្ករប្លាស្ទិកដូចការភ័យបារម្ភប្រាកដមែន។

rice3

លោកហ៊ឹម ខទៀត ប្រធានទំនាក់ទំនងព័ត៌មានប្រចាំសហព័ន្ធស្រូវអង្ករកម្ពុជាបានថ្លែងប្រាប់ថា នាពេលកន្លងមកសហព័ន្ធរបស់លោកធ្លាប់បានបញ្ជាក់ច្រើនលើកច្រើនសារមកហើយ ថាបញ្ហានាំចូលអង្ករប្លាស្ទិកគឺមិនអាចកើតឡើងជាដាច់ខាត នៅក្នុងទីផ្សាររបស់ប្រទេសកម្ពុជា។ យ៉ាងណាក៏ដោយ មន្ទិលភ័យបាម្ភគឺនៅតែបានកើតឡើង ដោយសារតែអង្ករវៀតណាមត្រូវគេដឹងថាបានចរាចរលក់គគ្រឹកគគ្រេងនៅលើទីផ្សារកម្ពុជា ក្នុងពេលដែលប្រទេសវៀតណាមត្រូវបានគេសង្ស័យថាមានបច្ចេកទេសកែច្នៃអង្ករប្រភេទនេះ ដើម្បីនាំចេញទៅលក់ដល់ប្រទេសក្រីក្រប្រកួតប្រជែង។ មកទល់បច្ចុប្បន្ន លោកនៅតែបន្តលេចឮប្រទេសកម្ពុជាមានការនាំចូលដោយលាក់កំបាំងនូវប្រភេទអង្ករប្លាស្ទិក ក្នុងពេលអង្ករវៀតណាមត្រូវគេសន្និដ្ឋានថាមានការនាំចូលពីប្រទេសវៀតណាម។ លោកថាមន្ត្រីជំនាញចេញមុខអះអាងច្រើនលើកមកហើយថា អង្ករប្លាស្លិកមិនមានវត្តមាននៅក្នុងស្រុកនោះទេ ប៉ុន្តែលោកក៏នៅតែបន្តតាមដានដោយមិនមែនគ្រាន់តែសន្និដ្ឋានហើយធ្វេសប្រហែសនោះឡើយ។ លោកថាមិនមែនជារឿងចម្លែកនោះទេ ក្នុងពេលដែលអង្ករប្លាស្ទិកត្រូវគេភ្ញាក់ផ្អើលម្ដងហើយម្ដងទៀត ថាមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដោយសារតែប្រទេសភាគច្រើនត្រូវគេឃើញមានអង្ករប្រភេទនេះធ្វើអោយមានការព្រួយបារម្ភ។ លោកនិយាយថា«រឿងបារម្ភហ្នឹងវាអត់ខុសទេ ដោយសារការត្រួតពិនិត្យយើងវានៅមានកម្រិត តែខ្ញុំមកដល់លូវហ្នឹង ខាងសហព័ន្ធអត់ទាន់ឃើញអង្ករប្រភេទនឹងនៅលើទីផ្សារទេ គឺម្នាក់ៗបានត្រឹមតែនិយាយប៉ុណ្ណោះ!»។ លោកថាក្រោយការភ្ញាក់ផ្អើលពីរឿងអង្ករកៅស៊ូ ដែលបានកើតឡើងនៅខេត្តបន្ទាយមានជ័យកាលពីច្រើនខែមុន មន្ត្រីសហព័ន្ធ និងស្ថាប័នពាក់ព័ន្ធនៅតែបន្តដុតដៃស្វែងរកពីបញ្ហានេះហើយជាលទ្ធផលគឺមិនទាន់មានអ្នកណាម្នាក់រកឃើញថា អង្ករប្លាស្ទិកត្រូវបានដាក់លក់ទាំងបើកចំហ និងលួចលាក់នោះទេ។

rice2

លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល បានថ្លែងបញ្ជាក់កាលពីពេលថ្មីៗថា ប្រតិបត្តិការណ៍របស់លោកនាពេលកន្លងមក មិនដែលភ្លេចរឿងតាមដាន និងស្វែងរកអង្ករប្លាស្ទិកនោះទេ បើទោះជាព័ត៌មាននេះស្ថិតនៅជាពាក្យចចាមអារ៉ាម និងមិនមានការពិត។ លោកថានេះគឺជាផលប៉ះពាល់ធំមួយ  ជាពិសេសបន្ទាប់ពីមានការភ្ញាក់ផ្អើលដដែលជាដដែលថាកម្ពុជាមានលួចលាក់លក់អង្ករប្លាស្ទិក លាយលំនឹងអង្ករនាំចូលដែលបណ្ដាលអោយទំនុកចិត្តអ្នកទទួលទានលែងមាន។ លោកថាមន្ត្រីកាំកុងត្រូល នឹងទទួលទិញអង្ករប្លាស្ទិកក្នុងតម្លៃគុណជា៣ គុណជា៤ អោយតែពលរដ្ឋណាម្នាក់បានប្រទះអង្ករប្លាស្ទិក ហើយប្រមូលទិញបានពី ឈ្មួញដែលធ្វើការនាំចូល។ លោកថាបញ្ហាសវុត្ថិភាពចំណីអាហារគឺជារឿងសំខាន់មួយដែលស្ថាប័នរបស់លោកត្រូវទប់អោយបាន ហើយលោនៅតែមិនជឿជាក់ថាអង្ករប្រភេទកែច្នៃនេះ ត្រូវបាននាំចូលមកកាន់កម្ពុជានោះទេ បើទោះជាលោកទទួលស្គាល់ថាកម្ពុជាពិតជាមានអង្ករវៀតណាមនាំចូល ដែលបណ្ដាលអោយប៉ះពាល់ដល់វិស័យលក់ចេញអង្កររបស់បណ្ដាក្រុមហ៊ុនអង្ករក្នុងស្រុក។ លោកថាក្នុងរយៈពេលចុងក្រោយ លោកបានប្រឹងប្រែងតាមដាន និងស្រាវជ្រាវរាល់អង្ករដែលពលរដ្ឋមានការសង្ស័យជាច្រើន ដើម្បីអោយប្រាកដថាតើនោះជាអង្ករក្លែងក្លាយ ឬជាអង្ករធម្មជាតិដែលមានជាប់សំឡីដូចអ្វីដែលពលរដ្ឋនៅខេត្តបន្ទាយមានជ័យភ្ញាក់ផ្អើលកាលមុន។ ប៉ុន្តែ ជាលទ្ធផលនៅមិនមានទិន្នន័យណាមួយថាអង្ករដែលសង្ស័យទាំងនោះជាអង្ករប្លាស្ទិកនោះឡើយ។ លោកទទូចអោយពលរដ្ឋដែលសង្ស័យពីមុខសញ្ញាអង្ករប្លាស្ទិកជូនដំណឹងមកកាន់មន្ត្រីកុងត្រូល និងថាបើពលរដ្ឋជ្រុលទិញប៉ះចំអង្ករប្រភេទនេះ គឺស្ថាប័នរបស់លោកនឹងទទួលទិញក្នុងតម្លៃគុណនឹង៣យ៉ាងតិច ដើម្បីជាការប៉ះប៉ូវ។

rice1

ផ្អែកតាមស្រាវជ្រាវ លោកហ៊ឹម ខទៀត លោកធ្លាប់បញ្ជាក់ថា តម្លៃអង្ករផ្លាស្ទិកលើទីផ្សារអន្តរជាតិគឺមានកម្រិតលក់ចេញខ្ពស់ជាងអង្កររបស់កម្ពុជា ដូច្នេះលោកថាមិនមានហេតុផលដែលឈ្មូញសម្រេចចិត្តបោះទុននាំចូលអង្ករប្រភេទនេះនោះឡើយ។ លោកថាការចរាចរណ៍អង្ករប្លាស្ទិក សម្រាប់គេនាំចេញទៅលក់នៅបណ្ដាប្រទេសដែលមានតម្រូវការទិញអង្ករខ្ពស់ប៉ុណ្ណោះ ជាពិសេសនៅក្នុងប្រទេសដែលមានតម្រូវការអង្ករនាំចូលច្រើន ដែលទាមទារអោយអង្ករធម្មជាតិមានតម្លៃមួយខ្ពស់។ លោកថាអង្ករកម្ពុជាមានតម្លៃទាបជាងអង្ករប្លាស្ទិក តែសម្រាប់ទីផ្សាររបស់ប្រទេសនាំចូលអង្ករ គឺអង្ករប្លាស្ទិកមានតម្លៃខ្ពស់ជាងអង្ករធម្មជាតិ ទើបជំរុញអោយអ្នកជាវងាកមកទិញអង្ករប្លាស្ទិកវិញ។ លោកមានប្រសាសន៍ថា«មកទល់ឥឡូវយើងរកអត់ឃើញអង្ករផ្លាស្ទិកនៅក្នុងទីផ្សារកម្ពុជាទេ ប៉ុន្តែអ្វីដែលយើងប្រាកដថាអត់មាន គឺអង្ករហ្នឹងវាថ្លៃអង្ករជាងអង្ករយើង អញ្ចឹងហើយទើបយើងជឿថា១០០%អត់មាន ប៉ុន្តែសម្រាប់ប្រទេសដែលនាំចូលអង្ករពីយើង ឬពីប្រទេសផ្សេង តម្លៃអង្ករធម្មជាតិខ្ពស់ អញ្ចឹងគេនឹងនាំចូលអង្ករផ្លាស្ទិកទៅលាយឡំ ដើម្បីលក់បានចំណេញ!»។

គួរបញ្ជាក់ថា អង្ករផ្លាស្ទិកត្រូវបានកែច្នៃចេញពីពោត និងដំឡូង ហើយត្រូវបានស្រោបដោយផ្លាស្ទិកម្យ៉ាង ដើម្បីឲ្យមានលក្ខណៈដូចគ្នាបេះបិត នឹងអង្ករធម្មជាតិ។ ប៉ុន្តែអង្ករប្រភេទនេះ ត្រូវបានរួមបញ្ចូលដោយសារជាតិគីមី ទើបការទទួលទានហាក់ធ្វើអោយមហាជនមានការចាប់អារម្មណ៍៕

ដោយ ៖ ប៉េង លី

RELATED ARTICLES