តារាចម្រៀងថោន ផាន វីរ៉ាទី ហៅរ៉ាប៊ី បានឲ្យដឹងថា ទោះជាកូវីដ-១៩ កំពុងតែផ្ទុះមែន ប៉ុន្ដែនាងនៅតែមានការងារសិល្បៈធ្វើ តាមរយៈក្រុមហ៊ុនមួយចំនួន ហៅថតស្ពត និងបណ្ដាឆាកតន្រ្ដីទាំងឡាយនៅស្ថានីយទូរទស្សន៍ ហៅច្រៀងរៀងរាល់សប្ដាហ៍តែម្ដង។
អតីតពិធីការិនីហង្សមាស រូបនេះ វាចាថា នាងពិបាកសម្រេចចិត្តក្នុងការទទួលឡើងច្រៀងតាមឆាកនីមួយៗ ព្រោះតែមិនចង់ប្រថុយ ដោយសារតែគ្រប់គ្នាកំពុងតែខ្លាចកូវីដ ហេតុនេះហើយបើឡើងឆាក គឺមានតែកាត់បន្ថយក្រុមរាំ ឬអង្គុយតែក្នុងឡាន ចាំពេលដល់ម៉ោងឡើងឆាក ចាំចេញទៅច្រៀងតែម្ដង។
ដោយឡែក ការថតស្ពត និងបណ្ដាផលិតផលមួយចំនួន រួមទាំងការថត MV បទចម្រៀងសម្រាប់ចូលឆ្នាំខ្មែរ នាងបានសម្រេចចិត្តផ្អាកមួយអន្លើទៅហើយ ព្រោះមិនហ៊ានប្រថុយជាមួយកូវីដ-១៩ ឡើយ។
មុនផ្ទុះ “ព្រឹត្តិការណ៍២០កុម្ភៈ” កញ្ញាផាន វីរ៉ាទី បានសម្រុកថតស្ពតទាំងយប់ថ្ងៃ រហូតដល់បាក់កម្លាំងធ្លាក់ខ្លួនឈឺចូលដេកពេទ្យជាបន្ទាន់ទៀតផង ទើបធ្វើឲ្យមិត្តរួមអាជីពមានការព្រួយបារម្ភខ្លាចរ៉ាប៊ី កើតជំងឺកូវីដ។ ប៉ុន្តែរ៉ាប៊ី ថា នាងមិនបារម្ភ ឬសង្ស័យមានជំងឺកាចសាហាវនេះឡើយ ព្រោះនាងខានទៅធ្វើការផ្ទាល់នៅថោន ជាច្រើនខែគឺទាក់ទងតែតាម Online ខណៈដែលនៅផលិតកម្មថោន មានតែលោកហាក់ សុខហេង ដែលជាអ្នកគ្រប់គ្រងការផ្សាយទូរទស្សន៍ថោន ម្នាក់គត់ ដែលកើតកូវីដ-១៩។ ចំណែករូបនាងចូលពេទ្យនោះ ដោយសារតែខ្វះជាតិស្ករនិងកាល់ស្យូម។
បើទោះជារ៉ាបី បានបាត់ប្រាក់ចំណូលពីការច្រៀងសម្ដែងឆាកតន្ត្រីរដូវក្ដៅ តាមបណ្ដាខេត្តទាំងស្រុង ដូចតារាល្បីៗមួយចំនួនទៀត រយៈពេល២ឆ្នាំ ជាប់គ្នា (២០២០-២០២១) ព្រោះតែកូវីដក្ដី ប៉ុន្ដែនាងថា មិនជួបវិបត្តិសេដ្ឋកិច្ចឡើយ ព្រោះនាងមិនមានជំពាក់លុយធនាគារ តាមរយៈការទិញផ្ទះ និងឡាន បង់រំលស់ឡើយ ដោយសារតែទម្លាប់របស់នាង គឺទិញអ្វីមួយឲ្យលុយគេផ្ដាច់ៗតែម្ដង។ នៅរដូវកូវីដ-១៩ នេះដែរ នាងក៏នៅតែមានប្រាក់ចំណូលពីការធ្វើទូតសុច្ឆន្ទៈ ជាមួយផលិតផលមួយចំនួន ដែលបានកុងត្រាហើយដែរ។
រ៉ាប៊ី មានជីវភាពលោតឡើងយ៉ាងរហ័ស តាមរយៈការច្រៀង ៣ឆ្នាំ មានប្រាក់មិនក្រោមកន្លះលានដុល្លារឡើយ ក្នុងនោះ មានដូចជា ផ្ទះវីឡា១ខ្នង តម្លៃ១៥ម៉ឺនដុល្លារ, ផ្ទះ២ល្វែង តម្លៃជាង២០ម៉ឺនដុល្លារ និងជិះរថយន្ដទំនើប៣គ្រឿង ឆ្លាស់គ្នា គឺ Lexus NX 200t, Starex និង Lexus RX 300 រួមទាំងដីធ្លីមួយចំនួនទៀត។
ប៉ុន្ដែរ៉ាប៊ី ដែលទើបចែកផ្លូវពីសង្សារក្មេង និងថ្ងូររកសង្សារថ្មី មិនទាន់បាននោះថា នាងគ្មានប្រុសណាចិញ្ចឹមឡើយ៕