ខណៈកំពុងព្យាបាលកូវីដ-១៩ នៅមន្ទីរពេទ្យព្យាបាលកូវីដ-១៩ កម្រិតស្រាល អតីតសណ្ឋាគារ The great Duke សួស វីសា បានថ្លែងសារនឹករលឹកកូនខ្លាំង នឹកក្រុមគ្រួសារខ្លាំង ហើយចង់ទៅផ្ទះវិញខ្លាំងណាស់។
សួសវីសា បានបង្ហោះសារថា “Jenny ម៉ាក់នឹកកូនខ្លាំងណាស់ ម៉ាក់មិនដែលនឹកស្មានថា សុខៗម៉ាក់ត្រូវបែកឆ្ងាយពីកូនរាប់ខែអញ្ចឹងទេ រាល់ថ្ងៃខ្ញុំកើតជំងឺ COVID ពិតមែន
តែមកដល់ពេលនេះ ខ្ញុំគ្មានអាការៈអ្វីទេ សុខភាពធម្មតាទាំងអស់ មិនមានហត់ មិនមានក្អកស្លេស មិនមានក្អួត មិនឈឺក្បាលវិលមុខ មិនឈឺខ្លួន
ផ្ទុយទៅវិញ មានតែញាំបានគេងបានធម្មតា ហាក់ដូចមិនមែនអ្នកឈឺអញ្ចឹង តែជំងឺដែលពិបាកជាងគេសម្រាប់ខ្ញុំនាពេលនេះ គឺជំងឺនឹកកូន នឹកប្តី នឹកម៉ាក់ប៉ា នឹកក្រុមគ្រួសារ នឹកផ្ទះ នឹកខ្លាំងណាស់ ខ្ញុំចង់ទៅផ្ទះខ្ញុំវិញ ខែនេះជាខែកំណើតរបស់ខ្ញុំ ខ្ញុំសុំកម្លាំងចិត្តម្នាក់បន្តិចផង”។
គួរបញ្ជាក់ថា សួស វីសា បានឆ្លងជំងឺកូវីដ-១៩ ខណៈដែលនាងបានធ្វើតេស្តលើកទី៣ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ហើយក្រុមគ្រូពេទ្យបាននាំនាងទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យព្យាបាលកូវីដ-១៩ កម្រិតស្រាល។
ស្វាមីរបស់សួស វីសា គឺលោកថមមី បានសុំក្រុមគ្រូពេទ្យ ដើម្បីអនុញ្ញាតឲ្យលោកបានទៅមើលថែទាំភរិយា តែត្រូវបានបដិសេធ។ អំឡុងពេលសួស វីសា សម្រាកព្យាបាលកូវីដ-១៩ លោកបានផ្ញើឆាតសួរសុខទុក្ខ លើកទឹកចិត្តភរិយាជាប់រហូតផងដែរ៕