សូដា នីតា បាននិយាយនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ថា នាងបានទាស់កូនរឹងថ្គាម១យប់ទល់ភ្លឺ ហើយអាការៈធ្វើទុក្ខនោះ ពិបាករហូតនាងនិយាយមិនត្រូវឡើយ។
នីតា បញ្ចេញសារថា ”ស្គាល់រសជាតិហើយ ដែលចាស់ៗនិយាយថា សរសៃខ្ចី ទាស់រឹងថ្គាម ស្រៀវអស់ជើងធ្មេញ ខាំថ្គាមញ័រអស់ខ្លួនហើយ ឈឺចុកសៀតផ្កា ពិបាករកនិយាយមិនត្រូវ”។
ការថ្ងូរទាស់១យប់ទល់ភ្លឺនេះ ក្រោយពីសូដា នីតា បានសម្រាលកូនរយៈពេល២៦ថ្ងៃមកហើយ ពោលគឺតាំងពីនាងសម្រាលកូនដំបូង កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ដោយដាក់ឈ្មោះកូនថា “ស៊ិនសូ ម៉េងឃុន” ហើយដោយសារតែពេលនេះកំពុងផ្ទុះកូវីដ-១៩ ទើបនីតា មិនទាន់កំណត់ពេលវេលានៃការចូលសិល្បៈវិញឡើយ បន្ទាប់ពីនាងបានសម្រាកពីការថតសម្ដែងតាំងពីមានផ្ទៃពោះ៦ខែម្ល៉េះ។
ក្រៅពីកំពុងទាស់កូននេះ សូដា នីតា ក៏បានបង្ហូរទឹកនេត្រាជោគថ្ពាល់តែម្ដង ព្រោះនៅថ្ងៃទី៣១ ខែមីនា នេះ ជាខួបគម្រប់១ឆ្នាំ នៃមរណភាពរបស់ម្ដាយនាង អ្នកស្រីជុំ សារឿន ផងដែរ ទើបធ្វើឲ្យនាងនៅតែអាលោះអាល័យម្ដាយជាទីស្រលាញ់របស់នាង គ្មានថ្ងៃណាអាចបំភ្លេចបានឡើយ។
សូដា នីតា ថ្លែងសារថា ”ដល់ថ្ងៃគម្រប់ខួប១ឆ្នាំហើយ។ ពិតជាលឿនណាស់នៃការចាកចេញរបស់ម៉ាក់ កូនចង់ប្រាប់ម៉ាក់ថា អ្វីៗដែលម៉ាក់និយាយ ម៉ាក់ប្រាប់ម៉ាក់ផ្ដាំ កូនធ្វើតាមម៉ាក់អស់ហើយ នឹកណាស់អ្នកម៉ាក់”។
ក្រុមអ្នកគាំទ្ររបស់សូដា នីតា បានលើកទឹកចិត្តចំពោះនាង ដោយខ្លះនិយាយលួងនាងថា ម្ដាយនាងបានទៅដល់សុខគតិភពហើយ។ ប៉ុន្តែនីតា នៅតែមិនអាចទប់ទឹកភ្នែកជាប់ទេ ព្រោះតែស្រណោះម្ដាយរបស់នាងខ្លាំងពេក។
គួរបញ្ជាក់ថា ក្រោយប៉ះស្នេហ៍មិនសមប្រកបជាច្រើនលើក សូដា នីតា បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយតារាសម្ដែង និងជាមន្រ្ដីយោធា លោកស៊ិន សូរិយ៉ា ហៅយុទ្ធ ឋានៈ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២០ ហើយលោកឋានៈ បានប្រាប់ថា លោកអាចនឹងដឹកដៃនីតា រៀបការនៅឆ្នាំ២០២៣ ខាងមុខនេះ ព្រោះមិនអាចរៀបចំឆាប់ៗបានទេ ដោយសារតែលោកនិងគូដណ្ដឹង នៅបន្ដកាន់ទុក្ខអ្នកស្រីសារឿន នៅឡើយ៕