តារាចម្រៀងវ័យ៤៦ឆ្នាំ លោកព្រាប សុវត្ថិ បានឈរជើងនៅ Galaxy រយៈពេលជាង៧ខែមកហើយ ក្រោយពីលោកបានសម្រេចចិត្តដើរចេញពីហង្សមាស កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីរួមរស់នៅផលិតកម្ម ដែលមានអគ្គនាយក លោកឧកញ៉ា អ៊ឹង ឆៃងួន រយៈពេល២៣ឆ្នាំ។
ការចូល Galaxy របស់លោកព្រាប សុវត្ថិ មានព័ត៌មានថា លោកបានចុះកុងត្រារយៈពេល៥ឆ្នាំ គឺមានន័យថា កំពូលតារាចម្រៀងរូបនេះច្រៀងនៅផលិតកម្មថ្មីនេះ ដល់ទៅឆ្នាំ២០២៥។
ប៉ុន្ដែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល ក្រោយមានការលើកឡើងពីទស្សនិកជនមួយចំនួនថា បទចម្រៀងរបស់លោកព្រាប សុវត្ថិ មិនទាន់ខ្លាំងដូចកាលនៅហង្សមាស ហើយនៅតាមបណ្ដារកម្មវិធីទាំងឡាយ គេច្រៀងតែបទចាស់ៗរបស់ព្រាប សុវត្ថិ ជាងនៅ Galaxy នោះ ទើបមានការលេចឭថា ព្រាប សុវត្ថិ មិនសូវសប្បាយចិត្ត ហើយភ្លាមៗនោះ Galaxy បានចេញសេចក្ដីប្រកាសថា ផលិតកម្មមួយនេះនឹងបន្ដធ្វើការជាមួយព្រាប សុវត្ថិ ១០ឆ្នាំតទៅមុខទៀត ពោលគឺទាំងកុងត្រាចាស់និងថ្មី ឈានដល់ទៅ១៥ឆ្នាំ ដែលមានន័យថា ព្រាប សុវត្ថិ នឹងផ្ញើខ្លួននៅផលិតកម្មជើងថ្មី តែលុយច្រើននេះ រហូតដល់ឆ្នាំ២០៣៥ឯណោះ។
មតិមហាជននបានលើកឡើងថា បើសិនជាព្រាប សុវត្ថិ ល្បីល្បាញនៅ Galaxy រយៈពេល១៥ឆ្នាំនោះ លោកនឹងមានអាយុ៦១ឆ្នាំ គឺមានន័យថា ព្រាប សុវត្ថិ នឹងល្បីល្បាញក្នុងអាជីពចម្រៀង សរុបទាំងនៅហង្សមាស ២៣ឆ្នាំទៀត គឺ៣៨ឆ្នាំ។
លោកនូ ស៊ិប អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស ធ្លាប់បានឲ្យដឹងថា កត្តាល្បី ឬមិនល្បី មិនមែននៅលើអាយុនោះទេ ព្រោះដូចជារូបលោកពេលនេះ អាយុ៧៨ឆ្នាំទៅហើយ តែនៅតែអាចច្រៀងកើត។ លោកថា បញ្ហាសំខាន់នៅលើសុខភាពទេ ហើយដូចព្រាប សុវត្ថិ អីចឹង កាលពីក្មេង រូបរាងក៏មិនសូវសង្ហា ច្រៀងក៏មិនសូវពិរោះដូចពេលនេះទេ តែឥឡូវព្រាប សុវត្ថិ ក្លាយទៅជាតារាចម្រៀងម្នាក់ដែលមានលក្ខណៈស្ដង់ដាតអន្ដរជាតិ ហើយសំឡេងមិនទាន់ធ្លាក់ចុះឡើយ។
លោកនូ ស៊ិប បន្តថា ព្រាប សុវត្ថិ អាចល្បីយូរឆ្នាំទៀត ឬយ៉ាងណា សំខាន់ទៅនិងផលិតកម្មដែលធ្វើបទចម្រៀងឲ្យលោកច្រៀងផងដែរ។
ដោយឡែកលោកសាសា្ដចារ្យ សេង សំអាន មន្រ្ដីជាន់ខ្ពស់របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ធ្លាប់បាននិយាយខ្លីថា ព្រាប សុវត្ថិ នឹងល្បីយូរឆ្នាំតទៅទៀត ព្រោះពេលនេះសំឡេងមិនទាន់បែក ឬធ្លាក់ចុះឡើយ។
ព្រាប សុវត្ថិ បានចេញបទចម្រៀងបុកជាច្រើនបទនៅ Galaxy ហើយក្រៅពីរក្សាតំណែងបានមិនស្រុតចុះនោះ លោកក៏បានយឹតយោងតារាចម្រៀងស្រីវ័យក្មេង កញ្ញាតន់ ច័ន្ទសីម៉ា ឲ្យស្ទុះឡើងស្ទើរតែដល់កំពូលផងដែរ ក្រោយពីបានចេញបទចម្រៀងចាប់ដៃគូគ្នាជាច្រើនបទមក។
ប៉ុន្ដែយ៉ាងណា ព្រាប សុវត្ថិ មិនអាចជិះសេះលែងដៃបានឡើយ ព្រោះថា ពេលនេះ លោកខេមរៈ សិរីមន្ដ កំពុងតែខ្លាំងក្លានៅហង្សមាស និងចេញបទចម្រៀងកាន់តែប្រជែងគ្នាយ៉ាងស្វិតស្វាញជាមួយលោកព្រាប សុវត្ថិ បើទោះជាអ្នកជំនាញសិល្បៈ លើកឡើងថា ព្រាប សុវត្ថិ-ខេមរៈ សិរីមន្ដ មិនទាន់អាចដឹងឈ្នះ ព្រោះបទចម្រៀងចេញបុកគ្នាមិនទាន់អស់ ដោយសារតែកូវីដ-១៩ ក្ដី៕ ដោយ ៖ ហ៊ឹម វិចិត្រ