Monday, December 23, 2024
Homeតារាខ្មែរវី ឌីណែត សល់ត្រឹមទឹកភ្នែក ប៉ងជួបម្ដាយនៅជាតិក្រោយ

វី ឌីណែត សល់ត្រឹមទឹកភ្នែក ប៉ងជួបម្ដាយនៅជាតិក្រោយ

តារាចម្រៀងហង្សមាស វី ឌីណែត បានទៅដល់ផ្ទះនាងវិញហើយ កាលពីថ្ងៃទី0៤ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីនាងឃ្លាតផ្ទះចេញទៅព្យាបាលជំងឺកូវីដ-១៩ នៅសណ្ឋាគារ The Great Duke និងសុខាភ្នំពេញ អស់រយៈពេល២៥ថ្ងៃ។

អ្វីដែលគួរឲ្យសោកសង្រេងជាទីបំផុត គ្រាន់តែទៅដល់មុខផ្ទះភ្លាម ឌីណែត ដែលក្រឡេកទៅឃើញតែរូបថតម្ដាយនៅពីមុខជើងធូបនោះ នាងបានលុតជង្គង់យំខ្សឹបខ្សួល បង្ហូរទឹកភ្នែកអាលោះអាល័យម្ដាយជាទីស្រលាញ់របស់នាងជាទីបំផុត ក្រោយពីអ្នកស្រីងួន សុផាន់នី បានទទួលមរណភាពដោយសារតែកូវីដ-១៩ ទៅចោលនាងដោយគ្មានថ្ងៃត្រឡប់ តាំងពីថ្ងៃទី១៩ ខែមីនា មកម្ល៉េះ។

ឌីណែត ត្រូវបានលោកហួរ ឡាវី ដែលជាឪពុកនាងដុតធូប ៣សសៃ ឲ្យនាងចំពោះមុខរូបថតម្ដាយនោះ ឌីណែត បានបួងសួងឲ្យម្ដាយបានទៅកាន់សុខគតិភព ហើយបើមានជាតិក្រោយមែន នាងសូមធ្វើជាកូនស្រីរបស់អ្នកស្រីសុផាន់នី ដូចជាតិនេះទៀត។

ចំណែកលោកហួរ ឡាវី ព្យាយាមលួងលោមកូនស្រីឲ្យកាត់ចិត្ត ខណៈដែលបងស្រីឌីណែត អ្នកនាងនាងវី ឌីណា ដែលមានផ្ទៃពោះ៧ខែនោះ នៅតែស្ថិតក្នុងការព្យាបាលកូវីដ-១៩ មិនទាន់បានជាសះស្បើយនៅឡើយ។

វី ឌីណែត បញ្ចេញសារថា ”ម៉ាក់អើយ វី ឌីណែត មកផ្ទះវិញហើយ នៅតែបន្ទោសខ្លួនឯងថា មកពីវាបានធ្វើឲ្យម៉ាក់ទៅគ្មានថ្ងៃត្រឡប់ និងឲ្យគ្រួសារទាំងមូលពិបាក បើវិញ្ញាណក្ខន្ធម៉ាក់កំពុងនៅផ្ទះមែន សូមម៉ាក់ជួយបណ្ដាចិត្តប្អូនឲ្យឈប់គិតរឿងនេះទៀត ហើយក្រោកឡើងតស៊ូជាថ្មី ស៊ូឡើងប្អូនស្រីរបស់បង គ្មានអ្នកណាអាចមើលឃើញមេរោគនឹងទេ ប្អូនប្រយ័ត្នណាស់ តែធ្វើយ៉ាងម៉េចបើវាជាពេលវេលាអូនកំពុងបំពេញការងារ”។

វី ឌីណែត បានតេស្ដឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១០ ខែមីនា និងត្រូវបញ្ជូនទៅព្យាបាលនៅសណ្ឋាគារ The Great Duke រយៈពេល១៤ថ្ងៃ ទើបធូរស្រាល ហើយបន្ដទៅធ្វើចត្ដាឡីស័កនៅសណ្ឋាគារសុខាកាល ពីថ្ងៃទី២៤ ខែមីនា ខណៈដែលឪពុករបស់នាង លោកហួរ ឡាវី តេស្ដអវិជ្ជមាន។

វី ឌីណែត បានបង្ហាញការឈឺចាប់ចំពោះជំងឺកូវីដ-១៩ ដែលធ្វើឲ្យនាងរស់នៅព្រាត់ពីម្ដាយជាទីស្រលាញ់ ដែលគ្មានថ្ងៃអាចជូបជុំគ្នាបានជារៀងរហូត។

ទោះជាយ៉ាងណា នាងតែងតែបង្ហាញការតាំងចិត្តថា នឹងរឹងប៉ឹងតទៅមុខទៀត ស្របពេលដែលលោកហួរ ឡាវី វិញ តែងតែស្រងេះស្រងោចអាលោះអាល័យភរិយា ដោយមានយប់ខ្លះ លោកអង្គុយតែម្នាក់ឯងនៅមុខផ្ទះ ហើយអន្ទងហៅព្រលឹងភរិយាឲ្យមកផ្ទះវិញទៀតផង។

គួរបញ្ជាក់ថា ក្រៅពីម្ដាយវី ឌីណែត អ្នកដែលស្លាប់ដោយសារកូវីដ-19 បណ្ដាលមកពីព្រឹត្តិការណ៍ “សហគន៍២០កុម្ភៈ” នោះ មានសរុបជិត២០នាក់ ហើយក្នុងនោះមានម្ដាយតារាកំប្លែង ស្រីពីន ឈ្មោះអ៊ិន ម៉ានីតា ស្លាប់កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ និងពិធីករ Dj Boom បានស្លាប់កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១៕

RELATED ARTICLES