មាស សុខសោភា ទើបតែឈានចូលទ្រនំថ្មី រាម រយៈពេលជាង១ខែប៉ុណ្ណោះ ក្រោយដើរចេញពីថោន ដែលពេលនេះ សោភា ទើបបញ្ចេញបាន២បទ គឺ ”ត្រឡប់” និង ”មនុស្សចុងក្រោយ”។
ដោយឡែក បទចម្រៀងសម្រាប់ប្រពៃណីចូលឆ្នាំខ្មែរ វិញ សោភា មិនមានបទចេញឡើយ សម្រាប់ចូលឆ្នាំខ្មែរ ២០២១ នេះ ព្រោះតែបញ្ហាកូវីដ-១៩ ទើបធ្វើឲ្យគម្រោងថតសម្ដែង MV មួយចំនួន ត្រូវបានលុបចោល។
ទោះជាយ៉ាងណា មាស សុខសោភា មិនបារម្ភរឿងប្រឈមធ្លាក់កូដ ព្រោះគ្មានបទចម្រៀងល្បីៗប្រជែងទីផ្សារនោះទេ ព្រោះថា នាងមានស្វាមី លោកអ៊ឹត រ៉ាដា បានត្រៀមជើងព្រួលរួចជាស្រេច នៅផលិតកម្ម Camtrax ដែលសោភា អាចចេញបទច្រៀងដោយសេរី បើទោះជានាងបានចុះកុងត្រាជាមួយរាម រយៈពេល១ឆ្នាំក៏ដោយ។
សោភា នឹងបញ្ចេញបទចម្រៀងបុកនៅផលិតកម្មផ្ទាល់ខ្លួនភ្លាមៗ ប្រសិនបើបទចម្រៀងរបស់នាងនៅរាម មិនអាចទៅរួចនោះ។
ប៉ុន្ដែក្នុងជំនួបតាមទូរស័ព្ទ កន្លងមក អ្នកគ្រប់គ្រងផ្នែក Sound នៅរាម លោក Spy បានអះអាងថា បានត្រៀមបទចម្រៀងជាច្រើនបទសម្រាប់សោភា ក្នុងនោះមានទាំងបទសម្រាប់ប្រចាំសប្ដាហ៍ និងខែផងដែរ ដែលបទចម្រៀងនីមួយៗ ត្រូវតែមានការសម្រិតសម្រាំងយកគុណភាព ជាពិសេស ដើម្បីប្រជែងជាមួយប្រទេសជិតខាងទៀតផង។
មាស សុខសោភា ជាប់ងារជាតារាចម្រៀងដែលចូលចិត្តផ្លាស់ប្ដូរទ្រនំញឹកញាប់ជាងគេ ដូចជា កន្លងមកនាងធ្លាប់ច្រៀងនៅរស្មីស្ទឹងសង្កែ, U2, សាន់ដេ, M និងថោន។
ប៉ុន្តែមហាជនបានកោតសរសើរនិងជឿជាក់លើសោភា ថាជាតារាចម្រៀងដែលទៅដល់ផលិតកម្មណា ល្បីនៅទីនោះ ហេតុនេះហើយ គេរង់ចាំមើលថា ការទៅដល់រាម របស់សោភា នាងនៅល្បីទៀតឬយ៉ាងណា?
លោកនូ ស៊ិប អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស ធ្លាប់និយាយថា សោភា ទៅដល់ណា ក៏នៅល្បីដែរ ព្រោះនាងជាតារាចម្រៀងមានសមត្ថភាពខ្ពស់ ដែលផលិតកម្មណាក៏ទទួល ឲ្យតែនាងព្រមទៅចូលរួម៕