Monday, December 23, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា សម្ងំនៅផ្ទះ គីឡូកាន់តែឡើង រហូតជាប់ឈ្មោះ “Mummy ម៉ាប់ៗ Cute”

ឱក សុគន្ធកញ្ញា សម្ងំនៅផ្ទះ គីឡូកាន់តែឡើង រហូតជាប់ឈ្មោះ “Mummy ម៉ាប់ៗ Cute”

ឱក សុគន្ធកញ្ញា បានប្រឹងសម្រកទម្ងន់ ដើម្បីយករាងដើមមកវិញ ក្រោយពីនាងសម្រាលកូនបានជាង១ឆ្នាំ ហើយគីឡូមិនព្រមស្រកចុះឡើយ ដោយមានតារារួមអាជីពហៅនាងថា “Mummy ម៉ាប់ៗ Cute” ទៀតផង។

ប៉ុន្ដែតាំងពីផ្ទុះតារាហង្សមាស ឆ្លងកូវីដ-១៩ កាលពីថ្ងៃទី៩ ខែមីនា មក សុគន្ធកញ្ញា ត្រូវបង្ខំចិត្តនៅតែផ្ទះមិនហ៊ានចេញក្រៅ និងឡើងឆាកច្រៀងរាំឡើយ​រហូតពេលខ្លះ នាងថា បានតែបញ្ឆេះឡានចោលចូលទៅអង្គុយមួយភ្លែត ក៏ចូលផ្ទះវិញ។

សុគន្ធកញ្ញា ត្រូវធ្វើចត្តាឡីស័កដល់ទៅ៦សប្ដាហ៍ ឬ៤២ថ្ងៃឯណោះ ក្រោយនាងធ្វើសំណាក២លើក ដោយលទ្ធផល គឺអវិជ្ជមាន ដូចអ្នកគាំទ្ររបស់នាងជូនពរ។ ប៉ុន្តែនាងត្រូវធ្វើតេស្ដលើកទី៣ម្ដងទៀត ទើបអាចដឹងថា តើនាងមានសុវត្ថិភាពគេចផុតពីកូវីដ-១៩ បាន ១០០% ឬយ៉ាងណា ខណៈដែលមុនចេញលទ្ធផលចុងក្រោយនេះ សុគន្ធកញ្ញា ក៏ភ័យបុកពោះដែរ បើទោះជាញឹកញាប់ នាងតែងតែបញ្ចេញសារប្រាប់ទៅអ្នកគាំទ្រថា សុខភាពរបស់នាង និងគ្រួសារល្អប្រសើរក្ដី។

តាមរយៈការសម្ងំនៅក្នុងផ្ទះ៦អាទិត្យនេះ ឱក សុគន្ធកញ្ញា មិនត្រឹមតែមានភាគរយខ្ពស់ក្នុងការគេចផុតពីកូវីដ-១៩ នោះទេ ប៉ុន្ដែគេឃើញនាងកាន់តែមានព្រលឹងថែមទៀតផង ហេតុនេះហើយផែនការចង់សម្រករាងរបស់នាង អាចនឹងមិនបានទទួលផលនៅរដូវកូវីដ-១៩ នេះឡើយ។

ទោះជាយ៉ាងណា គេជឿថា តារាចម្រៀងដ៏ល្បីរូបនេះ នឹងមិនបណ្ដោយឲ្យទៅជាកាម៉ាប់ៗជ្រុល រហូតដល់លែងត្រូវប៉ាន់នោះទេ។

ឱក សុគន្ធកញ្ញា ក៍ដូចជាតារាស្រីមួយចំនួនទៀតរបស់ហង្សមាស ដែរ គឺបានផ្អឹបគម្រោងថតសម្ដែង MV សម្រាប់បទចម្រៀងចូលឆ្នាំខ្មែរ ទាំងស្រុង តាំងពីផ្ទុះតារានៅហង្សមាស កើតកូវីដ ជាបន្ដបន្ទាប់គ្នានោះ ទើបធ្វើឲ្យសុគន្ធកញ្ញា មិនទាន់មានបទចម្រៀងប្រពៃណីខ្មែរ ណាមួយផ្ទុះទេ បើទោះជាឆ្នាំនេះ នាងបានងាកមកចាប់ដៃគូចាស់ លោកឆន សុវណ្ណារាជ វិញក្ដី ប៉ុន្ដែតារាដែលឡើងកូដគឺមានតែលោកខេម ប៊ុនថៃ ។

ទោះជាយ៉ាងណា គេជឿថា ពេលស្ងប់កូវីដ-១៩ សុគន្ធកញ្ញា នឹងព្រលែងឲ្យអស់ដៃដើម្បីស្ដារមុខមាត់ឡើងវិញជាមិនខាន៕

RELATED ARTICLES