សឿ សុធារ៉ា បានធ្វើឲ្យអ្នកគាំទ្រនិងមហាជនទាំងឡាយ អស់ការសង្ស័យរឿងនាងលែងប្ដី លោកសាពូន មីដាដា ទៀតហើយ ដោយកាលពីថ្ងៃទី០៦ ខែមេសា តារាកូន២ រូបនេះ បានបញ្ចេញសារថា លាតត្រដាងក្នុងជីវិតរបស់នាង គឺប៉ងចង់រៀបការដល់ទៅ២ដង។
ការវាចារបែបនេះ ច្បាស់ណាស់ថា ពេលនេះ សុធារ៉ា បានធ្លាក់ខ្លួនមេម៉ាយដែលជីវិតគូរបស់នាង ជាមួយលោកសាពូន មីដាដា បានដើរដល់ផ្លូវបញ្ចប់ ក្រោយចាប់ដៃគ្នាបានជាង១១ឆ្នាំ។
សឿ សុធារ៉ា សរសេរសារថា ”ក្នុងមួយជីវិតនេះ ខ្ញុំសុំរៀបការតែ២ដង បានទេ បងប្អូនទាំងអស់គ្នា តែបើសិនជារៀបការលើកទីពីររបស់ខ្ញុំ នៅតែទទួលបានបភាពបរាជ័យទៀត បេះដូងរបស់ខ្ញុំអាចគ្មានប្រអប់ចំពោះរឿងស្នេហាទៀតឡើយ”។
ភ្ជាប់ជាមួយសំណេរនេះ សុធារ៉ា បានបង្ហាញរូបថតរំលឹកអនុស្សាវរីយ៍កាលនាងធ្វើកូនក្រមុំរបស់លោកសាពូន មីដាដា ឆ្នាំ២០០៩ និងរូបដែលនាងទទួលបាច់ផ្កាកុលាបជាមួយសារថា ”ផ្កាស្លាមានន័យពេញ១ជីវិត” និងសារមួយទៀតថា ”ផ្កាកុលាបមានន័យត្រឹមថ្ងៃទី១៤កុម្ភៈ”។
សឿ សុធារ៉ា បានប្រើហ្វេសប៊ុកឈ្មោះ Sapoun Darapemean ដែលជាឈ្មោះកូនស្រីច្បងរបស់នាងនោះ ក្នុង Photos របស់នាង គ្មានរូបណាមួយជាមួយលោកសាពូន មីដាដា នោះទេ គឺនាងបានលុបចេញទាំងអស់។
ភស្ដុតាងទាំងនាំកាន់តែបង្ហាញច្បាស់ថា សឿ សុធារ៉ា និងសាពូន មីដាដា ពិតជាចែកផ្លូវគ្នាមែន។ ដោយឡែក នៅលើហ្វេសប៊ុកលោកសាពូន មីដាដា ដែលប្រើឈ្មោះថា Sapoun Midada នោះ នៅរក្សារូបភាពជាមួយសុធារ៉ា ទាំងអស់តែជារូបចាស់ៗ ហើយលោកគ្មានប្រតិកម្មតបចំពោះអ្នកនាងសឿ សុធារ៉ា ដែលប្រកាសថា ចង់រៀងការជាលើកទី២នោះទេ។
ប៉ុន្ដែសារចុងក្រោយរបស់លោកមីដាដា នៅលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ នោះ ហាក់បង្កប់នូវពាក្យពេជន៍ដ៏ឈឺចាប់ តាមរយៈសំណេរថា ”តែក្ដៅចិត្តពិបាកលេបណាស់មែនទេ ចុះចិត្តស្រីពិស ហេតុអ្វីក៏នៅតែអាចលេបបានស្រួលម្ល៉េះ?”។
មុនឈានដល់សឿ សុធារ៉ា ទម្លាយសារថា ត្រៀមរៀបការជាលើកទី២ ដែលគេអាចវាយតម្លៃថា ពេលនេះចំណងស្នេហានាង និងលោកសាពូន មីដាដា បានដើរដល់ទីបញ្ចប់ទៅហើយនោះ កន្លងមកធ្លាប់លេចឮថា គូស្នេហ៍តារា១គូនេះ មានភាពរកាំរកូសជាមួយគ្នាជាញឹកញាប់ណាស់ ព្រោះតែអាជីពសិល្បៈរបស់ពួកគេធ្លាក់ចុះដូចគ្នា ទើបធ្វើឲ្យជួបវិបត្តិសេដ្ឋកិច្ច។
ប៉ុន្ដែចំណងស្នេហាសុធារ៉ា-មីដាដា បានរក្សាដល់ទៅជាង១១ឆ្នាំ ហើយពួកគេទទួលបានចំណងដៃកូន២នាក់ គឺកូនស្រីទី១. ឈ្មោះសាពូន តារាពិមាន អាយុជាង១០ឆ្នាំ និងកូនប្រុសទី២. ឈ្មោះសាពូន តារាបុរស អាយុជាង៣ឆ្នាំ។
មុនទម្លាយសារប្រេះឆាស្នេហ៍នេះ សឿ សុធារ៉ា បានវិលមករកអាជីពថតសម្ដែងសាជាថ្មីឡើងវិញ តាមរយៈការព្រមធ្វើជាតួម្ដាយ ក្រោយពីនាងផ្អាកអាជីពចាស់នេះ ជិត១០ឆ្នាំ។ ដោយឡែក លោកសាពូន មីដាដា ឈប់លេងសិល្បៈទៀតហើយ ព្រោះមមាញឹករឿងកិច្ចការនយោបាយច្រើនជាងច្រៀងរាំ។
សឿ សុធារ៉ា បានដឹកដៃលោកសាពូន មីដាដា រៀបការនៅសណ្ឋាគារណាហ្គាវើល៍ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០០៩ ហើយមុនធ្លាយរឿងប្ដីប្រពន្ធតារា១គូនេះ ចែកផ្លូវគ្នានោះ ពួកគេបានទិញរថយន្ដទំនើប Lexus LX 570 តម្លៃជាង២០ម៉ឺនដុល្លារ ដើម្បីទប់ស្កាត់រឿងគេថា អ្នកទាំង២ ជួបវិបត្តិសេដ្ឋកិច្ច។
ទោះជាយ៉ាងណា ដូចពាក្យគេថា “កែវដែលប្រេះស្រាំទៅហើយ មិនអាចដូចដើមនោះទេ” ព្រោះទីបំផុត សុធារ៉ា បង្ហាញជំហចង់កសាងជីវិតគូស្នេហ៍សាជាថ្មី តាមរយៈការចូលរោងការម្ដងទៀតនាពេលខាងមុខនេះ៕ ដោយ ៖ ហ៊ឹម វិចិត្រ