Wednesday, April 1, 2026
Homeសង្គម និងជីវិតត្រីងាប់ពេញស្ទឹងព្រែកត្នោត មន្ត្រីជំនាញចុះពិនិត្យ

ត្រីងាប់ពេញស្ទឹងព្រែកត្នោត មន្ត្រីជំនាញចុះពិនិត្យ

ភ្នំពេញៈ ត្រីតូចធំ រាប់រយក្បាល បានងាប់អណ្តែតពេញស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្ត្រសង្កាត់សាក់សំពៅ និងសង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយសូម្បីតែទឹកស្ទឹង ក៏ធុំក្លិនស្អុយ មិនអាចឱ្យអ្នកភូមិនៅតំបន់នោះ យកទៅប្រើការលែងបានដែរ ដោយពុំទាន់ ដឹងថា បណ្តាលមកពីមូលហេតុអ្វីឱ្យច្បាស់លាស់នៅ ឡើយ។

ប្រជាពលរដ្ឋមូលដ្ឋានខាងលើ បានបញ្ជាក់ប្រាប់ថា គិតត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ មានរយៈពេល៣ថ្ងៃមកហើយ ដែលត្រីនៅ ក្នុងស្ទឹងព្រែកត្នោតនេះ បានងាប់ជាបន្តបន្ទាប់ ហើយពេលដើរទៅជិតធំក្លិនស្អុយអស់ទៅហើយ។ ដោយឡែកទឹកស្ទឹង ដែលពួកគាត់តែងតែ អាស្រ័យផល ក៏បានធំក្លិនស្អុយមិនអាចយកទៅប្រើប្រាស់បានដែរ ដែលពួកគាត់ពុំបានដឹងថា បណ្តាលមកពីមូលហេតុអ្វីនោះទេ។

ប្រជាពលរដ្ឋ បានប្រាប់ឱ្យដឹងបន្តទៀតថា ច្រើនឆ្នាំមកហើយ ពុំដែលមានហេតុការណ៍បែបនេះកើតឡើងនោះទេ ទើបតែកើតឡើង នៅឆ្នាំ២០២៦នេះប៉ុណ្ណោះ ហើយពួកគាត់ក៏មានការភ្ញាក់ផ្អើលផងដែរ ពេលដែលនៅសុខៗ ស្រាប់តែមានត្រីតូចធំរាប់រយក្បាលងាប់បែបនេះ។ ពួកគាត់សង្ស័យថា មានការបំពុលបរិស្ថានពីសំណាក់ក្រុមហ៊ុន ឬសិប្បកម្មកែច្នៃណាមួយនៅតាមបណ្តោយដងស្ទឹងព្រែកត្នោតនោះបង្ហូរទឹក ដែល មានសារធាតុពុលចូលទៅក្នុងស្ទឹងហើយមើលទៅ។

ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់សារព័ត៌មាន ថាក្រសួងបានជ្រាបពីព័ត៌ មាននេះហើយ និងបានចាត់ វិធានការភ្លាមៗ។ លោកបានមានប្រសាសន៍ថាៈ ក្រសួងបរិស្ថានបានបញ្ជូនមន្ត្រីជំនាញ ចុះទៅដល់កន្លែងកើតហេតុ បន្ទាប់ពីមានសេចក្តី រាយការណ៍។ បន្ទាប់ពីទទួលបានព័ត៌មានច្បាស់ លាស់ពីមន្ត្រីជំនាញ ក្រសួងនឹងផ្តល់ជូនព័ត៌មានបន្ថែម ។

បច្ចុប្បន្ន មន្ត្រីជំនាញកំពុងស្ថិតនៅទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងប្រមូលសំណាកទឹក យក ទៅធ្វើតេស្តតាមបច្ចេកទេស ដើម្បីស្វែងរកមូលហេតុពិតប្រាកដដែលនាំឱ្យត្រីងាប់៕

RELATED ARTICLES