សុខ ពិសី ដែលទើបតែចំណាយលុយអស់ជាច្រើនម៉ឺនដុល្លារ បោះទុនបើកហាង Tealive នោះ នាងបានអះអាងកាលពីពេលថ្មីៗនេះថា នាងបានបរិច្ចាគថវិការផ្ទាល់ខ្លួន ចំនួន ២ពាន់ដុល្លារ ក្នុងឱកាសខួបទី១៩៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ធក្រហម ៨ឧសភា ឆ្នាំ២០២១។
នេះមិនមែនជាលើកទី១ នោះទេ ដែលពិសី បានចូលរួមជួយដល់ការងាសង្គម តែជាច្រើនលើកច្រើនសារមកហើយ ទើបអ្នកគាំទ្ររបស់តារាចម្រៀងសាច់សខ្ចីរូបនេះ បានចាត់ទុកនាងថា ជាថៅកែស្រីដែលស្អាត ហើយចិត្តល្អថែមទៀតផង។
ក្រៅពីចូលរួមការងារសង្គមនោះ តារាចម្រៀងសាន់ដេ រូបនេះ ក៏ជាប់ងារជារាជិនីចិត្តធម៌ផងដែរ ព្រោះកន្លងមក នាងបានចំណាយពេលវេលា និងថវិកាផ្ទាល់ខ្លួន សង្គ្រោះជីវិតសត្វឆ្កែ (សុនខ) ជាច្រើនក្បាលពីក្រុមឈ្មួញកាប់សាច់ ហើយនាងក៏បានបំផុសសារអង្វរឲ្យប្រជាជនឈប់ទទួលទានសាច់ឆ្កែ ទាំងអស់គ្នាទៀតផង។
សុខ ពិសី បានផ្អាកឡើងច្រៀងសម្ដែងតាមបណ្ដាឆាកតន្រ្ដីតាមទូរទស្សន៍ និងផ្អឹបការថត MV បទចូលឆ្នាំខ្មែរ ក្រោយផ្ទុះកូវីដព្រឹត្តិការណ៍ “សហគមន៍២០កុម្ភៈ” ប៉ុន្ដែពិសី បែរជាងាកទៅធ្វើជំនួញធំ អំឡុងរដូវកូវីដ តាមរយៈការបើកហាងតែគុជ ដែលចំណាយលុយអស់ជាច្រើនម៉ឺនដុល្លារ ទិញ Franchise ពីបរទេស ដោយមិនខា្លចប្រឈមហានិភ័យឡើយ ខណៈតារាមួយចំនួនដែលគ្រោងរកស៊ីធំនោះ បានផ្អាកមុខរបររបស់ពួកគេរៀងៗខ្លួន និងរង់ចាំស្ងាត់កូវីដ ទើបចាប់ផ្ដើមរៀបការផែនការឡើងវិញ។
ប៉ុន្ដែពិសី ជោគជ័យការលក់ Collagen តាម Online ទើបឈានមួយជំហានទៀត ទៅបើកហាងតែគុជនេះ។
តាមព័ត៌មានថា គូស្នេហ៍របស់ពិសី ដែលគេសង្ស័យថា ជាលោកឡាយ សុខចំរើន ថៅកែសាន់ដេ បានគាំទ្រយ៉ាងពេញទំហឹងតែម្ដង ចំពោះមុខរបរក្រៅពីសិល្បៈរបស់ស្រីស្អាតរូបនេះ។ ប៉ុន្តែដំណឹងរៀបការរបស់ពិសី នៅតែស្ងាត់ដូចចោរលួចសេះដដែល ខណៈដែលនាងធ្លាប់វាចាថា មិនទាន់ចង់រៀបការ ព្រោះចង់ផ្ដោតលើការពង្រឹងអាជីពចម្រៀងឲ្យល្អជាងនេះ៕