ប្រធានាធិបតីបារាំងលោកអីម៉ានូអែល ម៉ាក្រុន បានជំរុញឱ្យខ្សែប្រយុទ្ធបាល់ទាត់ឆ្នើមវ័យក្មេង Kylian Mbappe បន្តស្នាក់នៅជាមួយក្លឹបParis SG ហើយប្រសិនមិនអាចនៅជាមួយក្លឹបនេះបាន ត្រូវរកក្លឹបណាមួយនៅក្នុងលីកបាល់ទាត់ប្រទេសបារាំង ជាជាងការផ្ទេរទៅលេងនៅក្លឹបក្រៅស្រុក។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័ចេញផ្សាយកាលពីថ្ងៃសុក្រទី ១១ មិថុនា ២០២១។
នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍បារាំង BFM ពេលជួបសំណេះសំណាលជាមួយក្រុមជម្រើសជាតិបារាំងមុនពេលប្រកួតយូរ៉ូ លោកម៉ាក្រុនបាននិយាថា វាសំខាន់ណាស់ដែលខ្សែប្រយុទ្ធKylian Mbappe ត្រូវបន្តស្នាក់នៅជាមួយក្លឹប Paris SG ។ វាល្អទាំងក្លឹបនិងសម្រាប់ក្រុមជើងឯកបាល់ទាត់ពិភពលោក បារាំង។ ទោះជាយ៉ាងណា បន្ទាប់មកលោកបាននិយាយថា ខ្ញុំនឹងមិនដាក់សម្ពាធលើកីឡាករម្នាក់ឡើយ។
ការលើកឡើងរបស់ប្រធានាបធិបតីបែបនេះក៏ដោយសារតែ កាលពីដើមសប្តាហ៍នេះប្រធានក្លឹប Paris SG លោក Nasser Al-Khelaifi បាននិយាយថា ក្លឹបនឹងមិនលក់កីឡាករនេះទេ ហើយ Mbappe នឹងបន្តស្នាក់នៅជាមួយក្លឹបនារដូវកាលក្រោយទៀត។
កាលពីពេលថ្មីៗនេះខ្សែប្រយុទ្ធ Mbappe កំពុងត្រូវបានក្លឹប រងជើងឯកReal Madrid ចាប់អារម្មណ៍ចង់បាន រួមជាមួយក្លឹបមួយចំនួនទៀតនៅប្រឺមីញេលីកផងដែរ៕