Monday, November 18, 2024
Homeព័ត៌មានជាតិប្រធាន​រដ្ឋ​សភា ចេញ​សេចក្តី​សម្រេច ដាក់​ទណ្ឌ​កម្ម​វិន័យ​តំណាង​រាស្ត្រ​មិន​ចូល​ប្រជុំ

ប្រធាន​រដ្ឋ​សភា ចេញ​សេចក្តី​សម្រេច ដាក់​ទណ្ឌ​កម្ម​វិន័យ​តំណាង​រាស្ត្រ​មិន​ចូល​ប្រជុំ

ភ្នំពេញ ៖ ប្រធានរដ្ឋសភានៃព្រះរាជាណា ចក្រកម្ពុជា សម្តេចហេង សំរិន បានចេញសេចក្តី សម្រេចស្តីពីការអនុវត្តវិន័យចំពោះតំណាង- រាស្ត្រ។ សេចក្តីសម្រេចដែលមាន១៨មាត្រានោះ មានគោលបំណង ដើម្បីកំណត់បែបបទនិងនីតិវិធី ក្នុងការអនុវត្តវិន័យចំពោះតំណាងរាស្ត្រទាំងអស់ ដែលមិនចូលប្រជុំសភា ប្រើឥរិយាបថ សម្តីសំដៅ មិនសមរម្យ ដូចជាញុះញង់ប្រើហិង្សា ជេរប្រមាថ មើលងាយរដ្ឋសភា ឬប្រធានរដ្ឋសភា និងព្រះ មហាក្សត្រ ជាដើម។ ជាពិសេស នោះគឺការដាក់ ទណ្ឌកម្មវិន័យចំពោះតំណាងរាស្ត្រដែលមិនចូល ប្រជុំសភា ដោយការកាត់ប្រាក់បំណាច់ប្រចាំខែ ដែលសេចក្តីសម្រេចនេះ ត្រូវបានមជ្ឈដ្ឋានមួយ ចំនួនយល់ថា ហាក់ធ្វើឡើងដើម្បីទប់ស្កាត់ការ ធ្វើពហិការរបស់តំណាងរាស្ត្រគណបក្សប្រឆាំង ដែលកន្លងមក តែងអវត្តមានក្នុងកិច្ចប្រជុំសភា ជារឿយៗ។

សេចក្តីសម្រេចរបស់ប្រធានរដ្ឋសភា នៃ ព្រះរាជាណាចក្រកម្ពុជា លេខ១១៤ រ.ស ចុះ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ដែលចុះហត្ថលេខា ដោយសម្តេចហេង សំរិន ប្រធានរដ្ឋសភា មាន ខ្លឹមសារដូចខាងក្រោម ៖

មាត្រា១…

សេចក្តីសម្រេចនេះ មានគោលបំណងកំណត់ បែបបទ និងនីតិវិធីក្នុងការអនុវត្តវិន័យចំពោះ តំណាងរាស្ត្រទាំងអស់ សមាជិកគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា និងសមាជិកគណៈកម្មការ នានានៃរដ្ឋសភា ដែល ៖

ក.មិនបានមកប្រជុំ ដោយឥតមានមូល- ហេតុ យកជាការបាន។

ខ.និយាយកាត់អ្នកដទៃ វាយប្រហារលើ បុគ្គល សម្តែងអាការផ្សេងៗដែលនាំឱ្យខូច សណ្តាប់ធ្នាប់ ឬច្របូកច្របល់ក្នុងសាលប្រជុំ។

គ.ញុះញង់ឱ្យប្រើអំពើហិង្សា ជេរប្រមាថ មើលងាយរដ្ឋសភា ឬប្រធានរដ្ឋសភា ជេរប្រមាថ មើលងាយព្រះមហាក្សត្រ ជេរប្រមាថមើលងាយ តំណាងរាស្ត្រឯទៀត។

មាត្រា២…

តំណាងរាស្ត្រ ត្រូវមកបំពេញភារកិច្ចរបស់ ខ្លួនដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពី លក្ខន្តិកៈតំណាងរាស្ត្រ និងបទបញ្ជាផ្ទៃក្នុងនៃ រដ្ឋសភា។

សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋ សភា ត្រូវមកបំពេញការងាររបស់ខ្លួនដូចមាន កំណត់ក្នុងរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងនៃ រដ្ឋសភា។

សមាជិកគណៈកម្មការនានានៃរដ្ឋសភា ត្រូវមកបំពេញការងាររបស់ខ្លួនដូចមានកំណត់ ក្នុងរដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងសេចក្តី សម្រេចស្តីពីតួនាទីនិងភារកិច្ចរបស់គណៈកម្មការ នានានៃរដ្ឋសភា។

មាត្រា៣…

តំណាងរាស្ត្រមិនអាចអវត្តមាន ដោយ មិនមានការអនុញ្ញាតពីប្រធានរដ្ឋសភាបាន ឡើយ។

ប្រធានរដ្ឋសភា អាចអនុញ្ញាតឱ្យសមាជិក រដ្ឋសភា ឈប់បានយ៉ាងយូររួមទាំងអស់១៥ (ដប់ប្រាំ) ថ្ងៃ ក្នុងសម័យប្រជុំនីមួយៗ។ ការឈប់ លើសពី ១៥ (ដប់ប្រាំ) ថ្ងៃ ត្រូវសុំឱ្យអង្គសភា អនុម័តយល់ព្រម។

តំណាងរាស្ត្ររូបណាដែលអវត្តមានដោយ មូលហេតុមានជំងឺរយៈពេល ៥ (ប្រាំ) ថ្ងៃ ជាប់ៗ គ្នា ត្រូវមានសំបុត្រពេទ្យ យកមកជាសំអាង។

តំណាងរាស្ត្រណាឈប់ ខានមកប្រជុំដោយ គ្មានការអនុញ្ញាត ត្រូវកាត់ប្រាក់បំណាច់ចំពោះ ថ្ងៃដែលអវត្តមាននោះ។

មាត្រា៤…

តំណាងរាស្ត្ររូបណាបានទទួលការអនុញ្ញាត ឱ្យឈប់ ហើយឈប់លើសចំនួនថ្ងៃអនុញ្ញាតនោះ ត្រូវកាត់ប្រាក់បំណាច់ចំពោះថ្ងៃដែលឈប់លើស ពីការអនុញ្ញាត។

មាត្រា៥…

កាលបើមានសេចក្តីអញ្ជើញមកប្រជុំតាម បទប្បញ្ញត្តិ នៃប្រការ៤៩ នៃបទបញ្ជាផ្ទៃក្នុងនៃ រដ្ឋសភា ហើយតំណាងរាស្ត្ររូបណាមិនបានមក ប្រជុំ ដោយឥតមានមូលហេតុយកជាការបាន ដូចមានចែងក្នុងចំណុច ក នៃមាត្រា១ ខាងលើ តំណាងរាស្ត្រនោះ ត្រូវទទួលទណ្ឌកម្មខាងវិន័យ ដូចខាងក្រោមនេះ ៖

១.ការខានមកប្រជុំ ត្រូវព្រមាន។

២.បើបានទទួលការព្រមានដល់លំនៅ ហើយ ហើយនៅតែមិនចូលមកប្រជុំនោះ ត្រូវ កាត់ប្រាក់បំណាច់ តាមចំនួនថ្ងៃអវត្តមាន។ ទណ្ឌកម្មខាងវិន័យនេះ ត្រូវប្រគល់ដល់លំនៅ របស់សាមីខ្លួន។

៣.បើបានទទួលការជូនដំណឹងលើកក្រោយ នេះហើយ ហើយនៅតែមិនចូលមកប្រជុំទៀត ឬមិនផ្តល់សេចក្តីដោះសា ដោយមានមូលហេតុ យកជាការបាននោះ ត្រូវដាក់ទណ្ឌកម្មខាងវិន័យ គឺកាត់ប្រាក់បំណាច់ តាមចំនួនថ្ងៃអវត្តមាន ហើយថែមទាំងបណ្តេញចេញពីការប្រជុំ ចំនួន  ១៥ (ដប់ប្រាំ) ថ្ងៃ។

មាត្រា៦…

បើបានទទួលទណ្ឌកម្មខាងវិន័យ ក្នុងចំណុច ១ ចំណុច២ និងចំណុច៣ នៃមាត្រា៥ ខាងលើនេះ ហើយក្នុងរវាងមួយខែក្រោយមក តំណាងរាស្ត្រ ដដែល នៅតែប្រព្រឹត្តខុសទៀត ត្រូវទទួលទណ្ឌ កម្មខាងវិន័យជាទម្ងន់ ដោយកាត់ប្រាក់បំណាច់ តាមចំនួនថ្ងៃដែលអវត្តមាន បណ្តេញចេញពីការ ប្រជុំរយៈពេលមួយខែ និងប្រកាសផ្សាយដល់ មហាជននៅក្នុងមណ្ឌលនៃតំណាងរាស្ត្រដែល បានប្រព្រឹត្តខុស។

មាត្រា៧…

សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និង សមាជិកគណៈកម្មការនានានៃរដ្ឋសភា មិនអាច អវត្តមាន ដោយមិនមានការអនុញ្ញាតពីប្រធាន បានឡើយ។

សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និង សមាជិកគណៈកម្មការនានានៃរដ្ឋសភា ដែល ខានមកប្រជុំដោយឥតជូនដំណឹង ត្រូវទទួលទណ្ឌ កម្មខាងវិន័យ ដូចមានចែងក្នុងប្រការ៦៨ ប្រការ ៦៩ ប្រការ៧០ ប្រការ៧១ និងប្រការ៧២ នៃបទ បញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។

មាត្រា៨…

អគ្គលេខាធិការដ្ឋានរដ្ឋសភា ត្រូវធ្វើរបាយ- ការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អំពីអវត្តមានរបស់តំណាង និងសមាជិកគណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្នុងពេលប្រជុំ ដោយ បញ្ជាក់អំពីមូលហេតុច្បាស់លាស់។ ចំពោះ អវត្តមានក្នុងពេលប្រជុំរបស់សមាជិកគណៈកម្ម- ការនានានៃរដ្ឋសភា ប្រធានគណៈកម្មការ ត្រូវ ធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា។

មាត្រា៩…

តំណាងរាស្ត្រណាដែលប្រព្រឹត្តខុសនាំឱ្យ ខូចសណ្តាប់ធ្នាប់ដោយល្មើសនឹងបទប្បញ្ញត្តិនៃ ប្រការ៦២ នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ប្រធាន រដ្ឋសភា ត្រូវក្រើនរំលឹក។

តំណាងរាស្ត្រណាដែលត្រូវបានក្រើនរំលឹក មួយដងហើយ ហើយនៅតែប្រព្រឹត្តខុសដដែល ទៀត នៅក្នុងពេលប្រជុំតែមួយនោះ ប្រធានរដ្ឋ សភា ត្រូវក្រើនរំលឹកម្តងទៀត ដោយចុះសេចក្តី ក្រើនរំលឹកនោះ ក្នុងកំណត់ហេតុនៃអង្គប្រជុំ។

មាត្រា១០…

ទណ្ឌកម្មខាងវិន័យ ដែលយកមកប្រើចំពោះ តំណាងរាស្ត្រដែលប្រព្រឹត្តល្មើសនឹងមាត្រា៩ ខាងលើមានដូចតទៅ ៖

ក.ក្រើនរំលឹក

ខ.ក្រើនរំលឹកដោយចុះក្នុងកំណត់ហេតុនៃ អង្គប្រជុំ

គ.បន្ទោស

ឃ.បន្ទោសហើយបណ្តេញចេញមួយរយៈ- ពេល ពីសាលប្រជុំ។

មាត្រា១១…

តំណាងរាស្ត្រណាដែលបានក្រើនរំលឹក ហើយមានចុះក្នុងកំណត់ហេតុផង ត្រូវកាត់ប្រាក់- បំណាច់ប្រចាំខែ ចំនួនមួយភាគបួន។

មាត្រា១២…

តំណាងរាស្ត្រដែលត្រូវបន្ទោសនោះ គឺ ៖

ក.តំណាងរាស្ត្រណាដែលប្រធានបាន ក្រើនរំលឹក ព្រមទាំងចុះសេចក្តីក្រើនរំលឹក ក្នុង កំណត់ហេតុរួចហើយ ហើយនៅតែមិនរាង- ចាល។

ខ.តំណាងរាស្ត្រដែលត្រូវបានក្រើនរំលឹក ៣ (បី) ដងហើយ ហើយនៅតែធ្វើខុសដដែល ក្នុងវេលា៣០ (សាមសិប) ថ្ងៃ។

គ.តំណាងរាស្ត្រណាដែលនាំអាទិ៍ឱ្យមាន ការជ្រួលច្របល់ក្នុងសាលប្រជុំ ឬនាំអាទិ៍តំណាង- រាស្ត្រច្រើនគ្នាកុំឱ្យរួមធ្វើការក្នុងរដ្ឋសភា។

ឃ.តំណាងរាស្ត្រណាដែលជេរប្រមាថ មើលងាយ ឬបង្កជម្លោះ ឬគំរាមកំហែងតំណាង- រាស្ត្រឯទៀត។

មាត្រា១៣…

ការបន្ទោស នាំឱ្យទទួលទណ្ឌកម្មដូចតទៅ ៖

ក.កាត់ប្រាក់បំណាច់ប្រចាំខែ ចំនួនហាសិប ភាគរយ

ខ.ប្រកាសផ្សាយជាសាធារណៈ នូវសម្រង់ កំណត់ហេតុបន្ទោស ព្រមទាំងយកទៅបោះពុម្ព ហើយបិទនៅគ្រប់ឃុំ សង្កាត់ ក្នុងមណ្ឌលរបស់ តំណាងរាស្ត្រដែលមានកំហុស។

មាត្រា១៤…

តំណាងរាស្ត្រដែលត្រូវបន្ទោស ហើយ បណ្តេញចេញមួយរយៈពេលពីអង្គប្រជុំ គឺ ៖

ក.តំណាងរាស្ត្រណាដែលត្រូវបន្ទោស ហើយនៅតែមិនរាងចាល។

ខ.តំណាងរាស្ត្រណាដែលញុះញង់ឱ្យប្រើ ហិង្សា។

គ.តំណាងរាស្ត្រណាដែលជេរប្រមាថមើល ងាយរដ្ឋសភា ឬប្រធានរដ្ឋសភា។

ឃ.តំណាងរាស្ត្រណាដែលប្រព្រឹត្តខុស ដោយប្រមាថមើលងាយព្រះមហាក្សត្រ។

មាត្រា១៥…

ការបន្ទោស ឬការបន្ទោសហើយបណ្តេញ ចេញផង ត្រូវអនុម័តដោយអង្គសភា តាមវិធី លើកដៃ ឬបោះឆ្នោតចំហ តាមសេចក្តីស្នើពីប្រធាន រដ្ឋសភា។

មាត្រា១៦…

ការបន្ទោសហើយបណ្តេញចេញផង នាំឱ្យ ទទួលទណ្ឌកម្ម ដូចខាងក្រោម ៖

ក.កាត់ប្រាក់បំណាច់ប្រចាំខែ ហាសិបភាគ រយក្នុងរយៈពេល ២ (ពីរ) ខែ។

ខ.ប្រកាសផ្សាយសាធារណៈ នូវសម្រង់ កំណត់ហេតុបន្ទោស ព្រមទាំងយកទៅបោះពុម្ព ហើយបិទនៅគ្រប់ឃុំ សង្កាត់ ក្នុងមណ្ឌលរបស់ តំណាងរាស្ត្រ ដែលមានកំហុស។

គ.ហាម មិនឱ្យចូលមកធ្វើការក្នុងរដ្ឋសភា ចំនួន១៥ (ដប់ប្រាំ) ពេលប្រជុំជាបន្តបន្ទាប់។

មាត្រា១៧…

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ជាអ្នក ដាក់ទណ្ឌកម្មខាងវិន័យ ដោយស្វ័យប្រវត្តិ កាល- បើបានដឹងច្បាស់ថា មូលហេតុដែលខានមកប្រជុំ នោះ មិនអាចយកជាការបាន ដោយផ្អែកលើ របាយការណ៍របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ឬរបស់ប្រធានគណៈកម្មការនានានៃរដ្ឋសភា វៀរលែងតែក្នុងករណីដែលរដ្ឋសភា បានទទួល ពាក្យតវ៉ាសមហេតុផលអំពីសាមីខ្លួន ក្នុងពេល ប្រជុំពេញអង្គ។

មាត្រា១៨…

ប្រធានគណៈកម្មការនានានៃរដ្ឋសភា អគ្គលេខាធិការរដ្ឋសភា ត្រូវទទួលអនុវត្តសេចក្តី សម្រេចនេះ ឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះ ហត្ថលេខានេះតទៅ…៕

RELATED ARTICLES