Tuesday, March 10, 2026
Homeព័ត៌មានជាតិពិធីបិទនិងប្រកាសលទ្ធផល ស្មូតកំណាព្យ តែង និពន្ធ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ទិវាជាតិអំណាន ១១មីនា ២០២៦

ពិធីបិទនិងប្រកាសលទ្ធផល ស្មូតកំណាព្យ តែង និពន្ធ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ទិវាជាតិអំណាន ១១មីនា ២០២៦

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ លោកបណ្ឌិត ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបិទនិងប្រកាសលទ្ធផលការប្រកួតប្រជែង អានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន» នៃទិវាជាតិអំណាន ១១មីនា ២០២៦ និងមានការចូលរួមពីសំណាក់ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជននិងកីឡា តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ សាស្រ្តាចារ្យសាលាមធ្យមសិក្សាវិចិត្រសិល្បៈ ប្រធានសមាគមសិល្បៈបុរាណខ្មែរ ថ្នាក់ដឹកនាំមន្ទីរ មាតាបិតាអ្នកអាណាព្យាបាល និងបេក្ខជនជ័យលាភី មកពី ២៥រាជធានី-ខេត្ត។

តាងនាមក្រសួងអប់រំ យុវជននិងកីឡា លោកបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះបេក្ខជនជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងរហូតសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់ ក្នុងវិញ្ញាសាអានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន» នាឆ្នាំនេះ។ ទន្ទឹមនឹងនេះ លោកបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់បេក្ខជនដែលមិនទាន់ទទួលបានជ័យលាភី កុំឱ្យមានការបាក់ទឹកចិត្ត ឬបោះបង់ចោលនូវក្តីស្រមៃរបស់ខ្លួន ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ និងព្យាយាមដុសខាត់សមត្ថភាពបន្ថែមទៀត ដើម្បីឆ្ពោះទៅរកភាពជោគជ័យ នាថ្ងៃខាងមុខ។ ជាមួយគ្នានេះ លោកបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនសិស្សានុសិស្ស យុវជន និងយុវនារីទាំងអស់ ឱ្យចូលរួមឱ្យបានកុះករក្នុងព្រឹត្តិការណ៍ «ទិវាជាតិអំណាន ១១មីនា» នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលនឹងមានកម្មវិធីពិសេសៗជាច្រើន ដូចជាការចូលរួមស្ដាប់បាឋកថាដ៏មានសារៈសំខាន់ស្ដីពីប្រវត្តិសាស្ត្រនៃភាសាខ្មែរ និងការតាំងពិព័រណ៍សៀវភៅ ជាដើម ដើម្បីរួមគ្នាលើកកម្ពស់វប្បធម៌អាន និងការចេះដឹង ឱ្យកាន់តែរីកចម្រើនទូទាំងប្រទេស។

ក្នុងន័យនេះ លោកបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានប្រកាសលទ្ធផលជ័យលាភី តាមផ្នែកនីមួយៗ មានដូចខាងក្រោម ៖

១. ផ្នែកអានអត្ថបទ (កម្រិតបឋមសិក្សា)

– ចំណាត់ថ្នាក់ទី១ ៖ កុមារី ហូរ ធារ៉ា (ថ្នាក់ទី៥) មកពីសាលាបឋមសិក្សាស្មែត ខេត្តកំពង់ឆ្នាំង។

– ចំណាត់ថ្នាក់ទី២ ៖ កុមារី ហឿង អាល័យពុទ្ធិរតន៍ (ថ្នាក់ទី៥) មកពីសាលាបឋមសិក្សាពោធិ៍ទី ខេត្តព្រៃវែង។

– ចំណាត់ថ្នាក់ទី៣ ៖ កុមារី ភារី មុនីនិច្ច (ថ្នាក់ទី៦) មកពីសាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្តី ហ៊ុននាង ព្រែកកំពឹស រាជធានីភ្នំពេញ។

២. ផ្នែកស្មូតកំណាព្យ (កម្រិតអនុវិទ្យាល័យ)

– ចំណាត់ថ្នាក់ទី១៖ យុវសិស្ស សេវ សៀក ភេទប្រុស (ថ្នាក់ទី៨) មកពីអនុវិទ្យាល័យបរកែវ ខេត្តរតនគិរី។

– ចំណាត់ថ្នាក់ទី២ ៖ យុវសិស្ស កើត សុបុត្រា ភេទប្រុស (ថ្នាក់ទី៩) មកពីវិទ្យាល័យ ច.ប ហ៊ុនសែន ជម្ពូវ័ន រាជធានីភ្នំពេញ។

– ចំណាត់ថ្នាក់ទី៣ ៖ យុវសិស្ស ម៉ៅ សាវិន ភេទប្រុស (ថ្នាក់ទី៩) មកពីវិទ្យាល័យ ហ៊ុនសែន ណាំតៅ ខេត្តបន្ទាយមានជ័យ។

៣. ផ្នែកតែងនិពន្ធ (កម្រិតវិទ្យាល័យ)

– ចំណាត់ថ្នាក់ទី១ ៖ យុវសិស្ស សឿង ពិទូរ ភេទប្រុស (ថ្នាក់ទី១១) មកពីសាលារៀនសុវណ្ណភូមិទី៣៣ រាជធានីភ្នំពេញ។

– ចំណាត់ថ្នាក់ទី២ ៖ យុវសិស្ស ឈឿងឡូវ ម៉ីលិ ភេទស្រី (ថ្នាក់ទី១២) មកពីសាលារៀនសុវណ្ណភូមិ ខេត្តសៀមរាប។

– ចំណាត់ថ្នាក់ទី៣ ៖ យុវសិស្ស ឃុន សុខារ៉ាវីន ភេទស្រី (ថ្នាក់ទី១១) មកពីវិទ្យាល័យ ហ៊ុនសែន ចម្ការដូង ខេត្តកែប។

៤. ផ្នែកប្រលោមលោកខ្នាតខ្លី និងអត្ថបទឧស្សាហ៍កថា (កម្រិតសាធារណជន)

ក. ផ្នែកប្រលោមលោកខ្នាតខ្លី ៖

– ចំណាត់ថ្នាក់ទី១ ៖ លោក ជា តុងហៃ (អ្នកនិពន្ធ) មកពីខេត្តតាកែវ។

– ចំណាត់ថ្នាក់ទី២ ៖ អ្នកស្រី ង៉ុន យេត (គ្រូបង្រៀន សាលាបឋមសិក្សាច្រនៀង) មកពីខេត្តកំពង់ធំ។

– ចំណាត់ថ្នាក់ទី៣ ៖ កញ្ញា វ៉េត សេងហ័ង (បុគ្គលិកអង្គការ រូមធូរីដកម្ពុជា) មកពីខេត្តព្រៃវែង។

ខ. ផ្នែកអត្ថបទឧស្សាហ៍កថា ៖

– ចំណាត់ថ្នាក់ទី១ ៖ លោក គួន ភីរុន  (និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ) មកពីខេត្តស្វាយរៀង។

– ចំណាត់ថ្នាក់ទី២ ៖ លោក មុំ រដ្ឋា (គ្រូបង្រៀន វិទ្យាល័យពេជ្រចិន្ដា) មកពីខេត្តបាត់ដំបង។

– ចំណាត់ថ្នាក់ទី៣ ៖ លោក ឡុង ឆវង្ស (គ្រូបង្រៀន វិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សំរោង) មកពីខេត្តកំពង់ឆ្នាំង៕ ខៀវទុំ

RELATED ARTICLES