Friday, September 20, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ដ ៖ហ៊ានប្រជែងទ្រព្យជាមួយព្រាប សុវត្ថិ ដែរឬទេ?

ខេមរៈ សិរីមន្ដ ៖ហ៊ានប្រជែងទ្រព្យជាមួយព្រាប សុវត្ថិ ដែរឬទេ?

ភ្នំពេញ៖លោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ត្រូវបានគេផ្គូផ្គងជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ រយៈពេលជិត១០ឆ្នាំ​មក​ហើយថាតារាទាំង២ប្រជែងទីផ្សារគ្នាយ៉ាងស្វិតស្វាញបំផុតពោលគឺបើម្នាក់ណាមានបទផ្ទុះ១ហើយម្នាក់ទៀតត្រូវតែរកវិធីចេញបទខ្លាំងណា១មកទប់ទល់វិញភ្លាមៗដើម្បីរក្សារលំនឹងពោលគឺតាំងពីលោកប៊ុនថៃ-សុវត្ថិ ច្រៀងនៅ​ហង្សមាស​ជាមួយគ្នាម្លេះ​ហើយ​ទោះជាពេលនេះសិរីមន្ដ បន្ដឈជើងនៅហង្សមាស ខណៈលោកស្នាយ ចេញទៅGalaxyក៍តារាទាំងពីរកាន់តែប្រកួតគ្នា​ខ្លាំងក្លាលើសដើមទៅទៀត។

ទោះជាយ៉ាងណាក្រោយពីមនុស្សជំនិតបំផុតរបស់លោកព្រាប សុវត្ថិ ទម្លាយថាអតីត​តារា​ចម្រៀង​​ហង្សមាស​វ័យ៤៦ឆ្នាំរូបនេះ ច្រៀងល្បីជាង២៣ឆ្នាំ​សល់ទ្រព្យខ្ទង់៣០លានដុល្លារ​នោះរហូតមកដល់ពេល​នេះតារា​វ័យ​៣៥ឆ្នាំខេមរៈ សិរីមន្ដ បន្ដស្ងាត់ ស្ងៀម មិនទាន់ប្រកាសពីចំនួនទឹកប្រាក់​ដែលលោកបានចាប់អាជីព​ចម្រៀងរយៈពេល១៧ឆ្នាំ​នោះ​ថាសល់លុយចំនួនប៉ុន្មានឡើយ។ប៉ុន្ដែលោកប៊ុនថៃ បានងាកមកលេងម៉ូដរថយន្ដថ្លៃៗនៅ​រដូវកូវីដនេះដូចជាជិះឡានទំនើប​៤​គ្រឿង​ឆ្លាស់គ្នាមានដូចជាRolls Royce ,Lexus Lx570 ,Mazda និងVolkswagen ដែលចំណាយលុយសរុបជាងកន្លះ​លាន​ដុល្លារ​ទៅហើយ។តែសិរីមន្ដ មិនទាន់បញ្ចេញមុខជំនួញធំៗដូចលោកព្រាប សុវត្ថិ នោះទេក្រៅពីរកស៊ីលក់ទឹកអប់។

  ជុំវិញាការលេងម៉ូដឡានមិនចាញ់ឧកញ៉ារបស់លោកខេមរៈ សិរីមន្ដ នៅពេលនេះត្រូវបានអ្នកជំនាញសិល្បៈ​ម្នាក់នៅ​ហង្ស​មាស​​ដែល​តារាៗ​ហៅលោកថាជាលោកគ្រូៗនោះបាន​ឲ្យដឹងថាសម្រាប់តារាល្បីៗការជិះរថយន្ដ​ថ្លៃៗនោះពិតជាធ្វើឲ្យកេរ្ដិ៍​ឈ្មោះ​និងប្រជាប្រិយភាពរបស់គេកាន់តែកើនឡើងមែន។លោកថាមហាជនឲ្យតែនិយាយពីឈ្មោះព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ អ្នកណាក៍ដឹងថាជាតារាមានលុយច្រើនដែរ តែលោកមិនដឹងថាអ្នកណាមានច្រើនជាងទេ ហើយក៍មិនដែលឭព្រាប សុវត្ថិ និយាយផ្ទាល់មាត់ប្រាប់លោកថាមានលុយ៣០លានដុល្លារដែរគឺឭតែតាមសារព័តមាន។

លោកថាពេលតួជិះឡាន​ថ្លៃៗ​ធ្វើឲ្យលើកមុខមាត់ដល់អ្នកសិល្បៈស្រុកយើងដែរ ហើយពេលទៅធ្វើការងារសិល្បៈផ្សេងៗគេ​មិនហ៊ានតថ្លៃ​ច្រើនទេព្រោះ​គេ​គ្រាន់​តែឃើញជិះឡានអីគេដឹងទៅហើយ។ប៉ុន្ដែលោកសង្កត់ថាយកល្អតារាគូតែលេងម៉ូដឡាន​ហ្នឹងនៅពេលដែល​សម្បូរ​ការ​ងារ​​សិល្បៈធ្វើច្រើនដូចជាចេញច្រៀងConcertsធំៗដូចឆ្នាំមុនៗអីហ្នឹងលេងឡានសមហើយ តែ ពេលកូវីដអត់សូវមានការងារ​ធ្វើអីចឹងតារាមិនគូរលេងឡានថ្លៃៗពេកនោះទេពិសេសគឺអ្នកមិនសូវល្បីកុំឃើញដំរីជុះ ជុះតាមដំរី មិនអាចទៅរួចទេ។

 ខេមរៈ សរីមន្ដ រស់នៅផ្ទះវីឡាធំស្កឹមស្កៃនៅក្បែរវត្តសំរោងអណ្ដែត ខណ្ឌសែនសុខ និងមានដីធ្លីមួយចំនួនទៀតផងដែរ។អតីតារាU2 និងសាន់ដេរូបនេះរៀបចំខ្លួនមិនចាញ់​អ្នកធំឡើយដោយពេលចេញ​ទៅច្រៀងសម្ដែងនិងថតស្ពត​ជាដើមមាន​អង្គ​រក្សបើករថយន្ដជូន ខណៈដែលភរិយាលោកអ្នកស្រីគួយ ផល្លី វិញបានក្លាយទៅជំនួយការនិងដឹកនាំសម្ដែងMVរបស់លោក​ប៊ុនថៃ ផងដែរក្រោយអ្នកទាំង២ចាប់ដៃគ្នារយៈពេល១៧ឆ្នាំទទួលបានកូន៣នាក់(ស្រី២)។

អ្វីដែលគូរឲ្យកត់សម្គាល់​នៅ​ឆ្នាំ​២០២១​នេះ​លោកប៊ុនថៃ បានវ៉ាដាច់អស់តារាចម្រៀងងប្រុសទាំងឡាយនៅហង្សមាស បន្ទាប់ ពីលោកព្រាប សុវត្ថិ ដើរ​ចេញ​ជិត១ឆ្នាំ។តែយ៉ាងណាអ្នកជំនាញសិល្បៈលោកនូ ស៊ឹប នៅតែអះអាងថាគិតមក ដល់ពេលនេះ ខេមរៈ សិរីមន្ដ នៅតែមិនទាន់អាចវ៉ាព្រាប សុវត្ថិ បានឡើយ។ចំណែកលោកមិញ សុធីវណ្ណ បញ្ជាក់ថារវាងខេមរៈ សិរីមន្ដ និង ព្រាប សុវត្ថិ លោកថា១ណា​ចេញបទ​បាន​ច្រើន​​ជាងគេអ្នកនោះនឹងឈ្នះហើយ។

  ក្រៅពីខេមរៈ សិរីមន្ដ និងព្រាប សុវត្ថិ តារាដែលមានទ្រព្យច្រើននៅឆ្នាំ២០២១នេះមានដូចជាលោកចា រិទ្ធី ,យុគ ចិន្ដា,គង់ សុជាតិ​,ខាត់ សុឃីម ,កែវ ស្រីនាង និងពេជ្រ សោភា ជាដើម។ចំពោះលោកប៊ុនថៃ វិញទោះជាពេលនេះបាត់បង់ប្រាក់​ចំណូល​ពីការច្រៀងសម្ដែងតាមបណ្ដារខេត្ត២ឆ្នាំជាប់គ្នា(២០១៩-២០២០)ដោយសារកូវីដ​ក្ដីតែលោកកាន់​តែហ៊ឺហានិង​មិនជួបវិបត្តិ​សេ​ដ្ឋ​កិច្ចឡើយ ខណៈដែលជាញឹកញាប់លោកតែងតែបង្ហាញ​ភាពស្អិតល្មូតជាមួយភរិយា​ដែលអាចឈាន​ទៅរៀបគម្រោង​យកកូន​ទី៤ថែមទៀតផង៕

RELATED ARTICLES