ភ្នំពេញ៖លោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ត្រូវបានគេផ្គូផ្គងជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ រយៈពេលជិត១០ឆ្នាំមកហើយថាតារាទាំង២ប្រជែងទីផ្សារគ្នាយ៉ាងស្វិតស្វាញបំផុតពោលគឺបើម្នាក់ណាមានបទផ្ទុះ១ហើយម្នាក់ទៀតត្រូវតែរកវិធីចេញបទខ្លាំងណា១មកទប់ទល់វិញភ្លាមៗដើម្បីរក្សារលំនឹងពោលគឺតាំងពីលោកប៊ុនថៃ-សុវត្ថិ ច្រៀងនៅហង្សមាសជាមួយគ្នាម្លេះហើយទោះជាពេលនេះសិរីមន្ដ បន្ដឈជើងនៅហង្សមាស ខណៈលោកស្នាយ ចេញទៅGalaxyក៍តារាទាំងពីរកាន់តែប្រកួតគ្នាខ្លាំងក្លាលើសដើមទៅទៀត។

ទោះជាយ៉ាងណាក្រោយពីមនុស្សជំនិតបំផុតរបស់លោកព្រាប សុវត្ថិ ទម្លាយថាអតីតតារាចម្រៀងហង្សមាសវ័យ៤៦ឆ្នាំរូបនេះ ច្រៀងល្បីជាង២៣ឆ្នាំសល់ទ្រព្យខ្ទង់៣០លានដុល្លារនោះរហូតមកដល់ពេលនេះតារាវ័យ៣៥ឆ្នាំខេមរៈ សិរីមន្ដ បន្ដស្ងាត់ ស្ងៀម មិនទាន់ប្រកាសពីចំនួនទឹកប្រាក់ដែលលោកបានចាប់អាជីពចម្រៀងរយៈពេល១៧ឆ្នាំនោះថាសល់លុយចំនួនប៉ុន្មានឡើយ។ប៉ុន្ដែលោកប៊ុនថៃ បានងាកមកលេងម៉ូដរថយន្ដថ្លៃៗនៅរដូវកូវីដនេះដូចជាជិះឡានទំនើប៤គ្រឿងឆ្លាស់គ្នាមានដូចជាRolls Royce ,Lexus Lx570 ,Mazda និងVolkswagen ដែលចំណាយលុយសរុបជាងកន្លះលានដុល្លារទៅហើយ។តែសិរីមន្ដ មិនទាន់បញ្ចេញមុខជំនួញធំៗដូចលោកព្រាប សុវត្ថិ នោះទេក្រៅពីរកស៊ីលក់ទឹកអប់។

ជុំវិញាការលេងម៉ូដឡានមិនចាញ់ឧកញ៉ារបស់លោកខេមរៈ សិរីមន្ដ នៅពេលនេះត្រូវបានអ្នកជំនាញសិល្បៈម្នាក់នៅហង្សមាសដែលតារាៗហៅលោកថាជាលោកគ្រូៗនោះបានឲ្យដឹងថាសម្រាប់តារាល្បីៗការជិះរថយន្ដថ្លៃៗនោះពិតជាធ្វើឲ្យកេរ្ដិ៍ឈ្មោះនិងប្រជាប្រិយភាពរបស់គេកាន់តែកើនឡើងមែន។លោកថាមហាជនឲ្យតែនិយាយពីឈ្មោះព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ អ្នកណាក៍ដឹងថាជាតារាមានលុយច្រើនដែរ តែលោកមិនដឹងថាអ្នកណាមានច្រើនជាងទេ ហើយក៍មិនដែលឭព្រាប សុវត្ថិ និយាយផ្ទាល់មាត់ប្រាប់លោកថាមានលុយ៣០លានដុល្លារដែរគឺឭតែតាមសារព័តមាន។

លោកថាពេលតួជិះឡានថ្លៃៗធ្វើឲ្យលើកមុខមាត់ដល់អ្នកសិល្បៈស្រុកយើងដែរ ហើយពេលទៅធ្វើការងារសិល្បៈផ្សេងៗគេមិនហ៊ានតថ្លៃច្រើនទេព្រោះគេគ្រាន់តែឃើញជិះឡានអីគេដឹងទៅហើយ។ប៉ុន្ដែលោកសង្កត់ថាយកល្អតារាគូតែលេងម៉ូដឡានហ្នឹងនៅពេលដែលសម្បូរការងារសិល្បៈធ្វើច្រើនដូចជាចេញច្រៀងConcertsធំៗដូចឆ្នាំមុនៗអីហ្នឹងលេងឡានសមហើយ តែ ពេលកូវីដអត់សូវមានការងារធ្វើអីចឹងតារាមិនគូរលេងឡានថ្លៃៗពេកនោះទេពិសេសគឺអ្នកមិនសូវល្បីកុំឃើញដំរីជុះ ជុះតាមដំរី មិនអាចទៅរួចទេ។

ខេមរៈ សរីមន្ដ រស់នៅផ្ទះវីឡាធំស្កឹមស្កៃនៅក្បែរវត្តសំរោងអណ្ដែត ខណ្ឌសែនសុខ និងមានដីធ្លីមួយចំនួនទៀតផងដែរ។អតីតារាU2 និងសាន់ដេរូបនេះរៀបចំខ្លួនមិនចាញ់អ្នកធំឡើយដោយពេលចេញទៅច្រៀងសម្ដែងនិងថតស្ពតជាដើមមានអង្គរក្សបើករថយន្ដជូន ខណៈដែលភរិយាលោកអ្នកស្រីគួយ ផល្លី វិញបានក្លាយទៅជំនួយការនិងដឹកនាំសម្ដែងMVរបស់លោកប៊ុនថៃ ផងដែរក្រោយអ្នកទាំង២ចាប់ដៃគ្នារយៈពេល១៧ឆ្នាំទទួលបានកូន៣នាក់(ស្រី២)។

អ្វីដែលគូរឲ្យកត់សម្គាល់នៅឆ្នាំ២០២១នេះលោកប៊ុនថៃ បានវ៉ាដាច់អស់តារាចម្រៀងងប្រុសទាំងឡាយនៅហង្សមាស បន្ទាប់ ពីលោកព្រាប សុវត្ថិ ដើរចេញជិត១ឆ្នាំ។តែយ៉ាងណាអ្នកជំនាញសិល្បៈលោកនូ ស៊ឹប នៅតែអះអាងថាគិតមក ដល់ពេលនេះ ខេមរៈ សិរីមន្ដ នៅតែមិនទាន់អាចវ៉ាព្រាប សុវត្ថិ បានឡើយ។ចំណែកលោកមិញ សុធីវណ្ណ បញ្ជាក់ថារវាងខេមរៈ សិរីមន្ដ និង ព្រាប សុវត្ថិ លោកថា១ណាចេញបទបានច្រើនជាងគេអ្នកនោះនឹងឈ្នះហើយ។

ក្រៅពីខេមរៈ សិរីមន្ដ និងព្រាប សុវត្ថិ តារាដែលមានទ្រព្យច្រើននៅឆ្នាំ២០២១នេះមានដូចជាលោកចា រិទ្ធី ,យុគ ចិន្ដា,គង់ សុជាតិ,ខាត់ សុឃីម ,កែវ ស្រីនាង និងពេជ្រ សោភា ជាដើម។ចំពោះលោកប៊ុនថៃ វិញទោះជាពេលនេះបាត់បង់ប្រាក់ចំណូលពីការច្រៀងសម្ដែងតាមបណ្ដារខេត្ត២ឆ្នាំជាប់គ្នា(២០១៩-២០២០)ដោយសារកូវីដក្ដីតែលោកកាន់តែហ៊ឺហានិងមិនជួបវិបត្តិសេដ្ឋកិច្ចឡើយ ខណៈដែលជាញឹកញាប់លោកតែងតែបង្ហាញភាពស្អិតល្មូតជាមួយភរិយាដែលអាចឈានទៅរៀបគម្រោងយកកូនទី៤ថែមទៀតផង៕



